កម្ពុជា-សង្គម

នៅ​ពន្ធនាគារ​ព្រៃស៖ យុវនារីការពារបរិស្ថានម្នាក់កោរសក់ចោល ដើម្បីទាមទាររកយុត្តិធម៌

កញ្ញាឈឿន ដារ៉ាវី សកម្មជនការពារបរិស្ថាន
កញ្ញាឈឿន ដារ៉ាវី សកម្មជនការពារបរិស្ថាន © សហការី
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

កញ្ញា​ឈឿន ដារ៉ាវី​ សកម្មជន​ការពារ​បរិស្ថាន​ដ៏​សកម្ម​ម្នាក់​ បាន​សម្រេច​កោរ​សក់​ក្បាល​របស់​នាង​ ខណៈ​រូប​នាង​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​ ការ​លះបង់​សក់ក្បាល​របស់​យុវនារី​ ឈឿន ដារ៉ាវី ​ធ្វើ​ឡើង​ដើម្បី​​ទាមទារ​យក​មក​វិញ​នូវ​យុត្តិធម៌​សម្រាប់​រូបនាង​ ព្រម​ទាំង​សកម្មជន​បរិស្ថាន​ និង​សង្គម​ដទៃ​ទៀត​។ ​គួរ​បញ្ជាក់​ថា ​ការ​ទាមទារ​ដោយ​យក​សក់ក្បាល​ធ្វើ​ជា​ថ្នូរ​របស់​យុវនារី​រូប​នេះ ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​ពេល​ដែល​រូប​នាង​ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៦​កុម្ភៈ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំដែលសម្គាល់ថាជាអ្នកកំពុងជាប់ឃុំបណ្តោះអាសន្ន កញ្ញាឈឿន ដារ៉ាវី បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈ​ក្បាលត្រងោលដែលទើបនឹងកោរសក់ចេញ។ អ្នកតាមដាន និងអ្នកដែលស្គាល់កញ្ញា ឈឿន ដារ៉ាវី បានសម្តែងនូវការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបរាងរបស់នាងបែបនេះ ដោយពួកគេគិតថា រូបនាងកំពុងមានស្ថានភាពសុខភាពចុះទ្រុឌទ្រោមក្នុងពេលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។

ក៏ប៉ុន្តែ លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាអ្នកតាមដាន និងឃ្លាំមើលសវនាការសំណុំរឿងសកម្មជនបរិស្ថានយ៉ាងដិតដល់វិញពុំមើលឃើញដូច្នោះឡើយ។ ផ្ទុយទៅវិញ លោកស្រី បានចាប់អារម្មណ៍ពីភាពរហ័សរហួន និងស្មារតីដ៏ស្វាហាប់របស់កញ្ញាឈឿន ដាវ៉ាវី បើទោះបីរូបរាងរបស់នាងមានការប្រែប្រួលទៅជាបែបនេះក្តី។ លោកស្រីចក់ សុភាព បានអះអាងថា ​ មនុស្សស្រី​ស្រឡាញ់ និងថែទាំសក់ខ្លាំងណាស់​ ព្រោះសក់ជាសម្រស់មួយស​ម្រាប់មនុស្សស្រី​។ ដូចនេះហើយ ការលះបង់សក់នេះ គឺជាសារមួយរបស់កញ្ញាឈឿន ដារ៉ាវី ក្នុងការទាមទាររកយុត្តិធម៌របស់នាង​។ សម្រាប់លោកស្រីនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មនុស្សអាចមានក្តីអាណិតអាសូរដែលឃើញកញ្ញាឈឿន ដារ៉ាវី ស្ថិតក្នុងសភាពដែលគេយល់ថា ទ្រុឌទ្រោម​ តែគេគួរមើលឃើញពីភាពខ្លាំង​ រឹងមាំ​ និងមោះមុតរបស់យុវនារីរូបនេះតាមរយៈសារដែលនាងចង់បង្ហាញដើម្បី​ទាមទារយុត្តិធម៌សង្គម។

ចំពោះការកោរសក់របស់កញ្ញាឈឿន ដារ៉ាវីនេះ លោកនុត សាវនា ដែលជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងម​ហាផ្ទៃបានបញ្ជាក់តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI ថា វា​ជាមធ្យោបាយមួយរបស់កញ្ញាឈឿន ដារ៉ាវី ក្នុងការតស៊ូមតិតាមផ្លូវតុលាការ។ លោកគូសបញ្ជាក់បន្ថែមថា កញ្ញាឈឿន ដារ៉ាវី មិនមានស្ថានភាពសុខភាពទ្រុឌទ្រោមនោះទេ ពោល គឺមានសុខភាពល្អដូចអ្នកកំពុងជាប់ឃុំដទៃទៀតដែរ។

សូមបញ្ជាក់ថា កញ្ញាឈឿន ដារ៉ាវី និងសកម្មជនផ្សេងទៀត ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែសីហា ឆ្នាំ២០២០ ក្នុងអំឡុងពេលកំពុងធ្វើសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោករ៉ុង ឈុន ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែល​ត្រូវបានចាប់ឃុំខ្លួនក្រោយពីនិយាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់កញ្ញា ឈឿន ដារ៉ា​វី ពីបទ «ញុះញង់ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរដល់​​សន្តិសុខ​សង្គម»។ សវនាការជំនុំជម្រះសំណុំរឿងរបស់នាងត្រូវបានបើកធ្វើកាលពីថ្ងៃអង្គារទី​១៦​កុម្ភៈ តែមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយតុលាការនឹងបើកសវនាការនៅថ្ងៃទី០២ ខែមីនាខាងមុខបន្តទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI