កម្ពុជា-សង្គម

សង្គមស៊ីវិលនៅកម្ពុជាស្នើឲ្យមានការទម្លាក់ចោលអនុក្រឹតស្តីពីច្រកទ្វារអ៊ិនធឺណិតរបស់រដ្ឋាភិបាល

រូបភាពតំណាងពីការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា
រូបភាពតំណាងពីការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា © សហការី

អង្គការ​សង្គមស៊ីវិល​ចំនួន ​៤៥​អង្គការ​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ​នេះ ​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​នូវ​អនុក្រឹត​ស្តីពី​ការ​បង្កើត​ច្រក​អ៊ិនធឺណិត​។ ​សេចក្តីថ្លែងការណ៍​រួម​នេះធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ​បាន​អនុម័ត​បង្កើត​ច្រកទ្វារ​អ៊ិនធឺណិត​នៅ​កម្ពុជា​។​បើតាមក្រុមអង្គការទាំងនោះ ការបង្កើតច្រកទ្វារអ៊ិនធឺណិតនេះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្សជាអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍រួមចំនួន៥ទំព័រមួយ អង្គការក្រៅរដ្ឋាភិបាល៤៥អង្គភាពរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អង្គការតម្លាភាពកម្ពុជា ជាដើមនោះ បានបង្ហាញពីការព្រួយបារម្ភនិងប្រតិកម្មទៅនឹងការសម្រេចបង្កើតឲ្យមានច្រកទ្វារអ៊ិនធឺណិតរបស់រដ្ឋាភិបាលកម្ពុជា។ ក្រុមអង្គការទាំងនោះបានចាត់ទុកថា ការបង្កើតច្រកទ្វារអ៊ិនធឺណិតនេះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលព័ត៌មាន សិទ្ធិសម្តែងមតិ សិទ្ធិឯកជនភាព និងជាពិសេសជាការបំពានលើសិទ្ធិមនុស្សជាអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ការបង្កើតច្រកអ៊ិនធឺណិតនេះនឹងជួយសម្រួលដល់ការឃ្លាំមើលនិងតាមដាននូវរាល់សកម្មភាពតាមអ៊ិនធឺណិត ព្រមទាំងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការតាមដាន និងត្រួតពិនិត្យទិន្នន័យបុគ្គលណាម្នាក់ ដែលជាការព្រួយបារម្ភ និងគំរាមកំហែងដល់សិទ្ធិឯកជនភាព ដើម្បីធ្វើការបញ្ចេញមតិតាមបណ្តាញសង្គម។ នេះបើតាមសេចក្តីថ្លែងការណ៍។

ក្រៅតែពីផលប៉ះពាល់លើទៅសិទ្ធិមនុស្សជាអន្តរជាតិ សេចក្តីថ្លែងការណ៍ក៏បានបង្ហាញពីលទ្ធភាពនៃផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ដោយក្នុងនោះ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ការបង្កើតច្រកទ្វារអ៊ិនធឺណិតនេះ នឹងប៉ះពាល់ទៅលើទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា ហើយអាចធ្វើអាជីកម្មមួយចំនួនត្រូវចាកចេញពីកម្ពុជាបន្ទាប់ពីមានអនុក្រឹតនេះ។

តែយ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីគោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតនេះ គឺដើម្បីសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។ នេះបើតាមមាត្រា១នៃអនុក្រឹតស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិត។

នៅទន្ទឹមនឹងការព្រួយបារម្ភអំពីការអនុម័តការបង្កើតច្រកទ្វារអ៊ីនធឺណិតនេះ ក្រុមអង្គការក្រៅរដ្ឋាភិបាលក៏បានសង្កេតឃើញថា ច្បាប់មួយចំនួននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៅកម្ពុជា កំពុងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការរឹតត្បិតលំហប្រជាធិបតេយ្យតាមប្រព័ន្ធអនឡាញនៅកម្ពុជា ព្រោះថារដ្ឋាភិបាលក៏បាននិងកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាការប៉ះពាល់ដល់សិទ្ធិបុគ្គល និងខុសពីបទដ្ឋានអន្តរជាតិទាក់ទងទៅនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

សូមជម្រាបជូនថា ក្រៅពីក្រុមអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជានេះ អង្គការអន្តរជាតិ Human Rights Watch នៅព្រឹកថ្ងៃទី១៨កុម្ភៈនេះ ក៏បានចេញនូវសេចក្តីថ្លែងការណ៍ស្នើឲ្យមានការទម្លាក់ចោលអនុក្រឹតស្តីពីការបង្កើតច្រកអ៊ីនធឺណិតនេះដែរ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា ច្រកអ៊ីនធឺណិតនេះប៉ះពាល់លើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI