ខេត្តចំនួន៩នៅតាមបន្ទាត់ព្រំដែនកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យ៉ាងហោចណាស់មានខេត្តចំនួន៩នៅតាមបន្ទាត់ព្រំដែនកម្ពុជា បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ ដែលបញ្ជូនចេញពីរាជធានីភ្នំពេញ។ នេះគឺជាការគូសបញ្ជាក់របស់ក្រសួងសុខាភិបាល តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១កុម្ភៈនេះ។ បើតាមក្រសួងសុខាភិបាល កម្មវិធីចាក់វ៉ាក់សាំងនៅតាមបណ្ដាខេត្តទាំងនេះ ចាប់ផ្ដើមចាប់ពីថ្ងៃចន្ទទី២២កុម្ភៈ។ ចំណែកការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ នៅតែបន្តធ្វើដដែល។
បន្ទាប់ពីរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ឥឡូវនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន បានបញ្ជូនទៅដល់ខេត្តចំនួន៩ផ្សេងទៀត។ ជាខេត្តដែលភាគច្រើនលើសលប់មានទីតាំងនៅតាមបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសក្បែរខាង ដូចជា ថៃ វៀតណាម និង ឡាវជាដើម។ ខេត្តទាំង៩នោះ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ខេត្តពោធិសាត់ និងខេត្តកែប។
បើតាមក្រសួងសុខាភិបាល កម្មវិធីចាក់វ៉ាក់សាំងនៅតាមបណ្ដាខេត្តទាំងនេះ ចាប់ផ្ដើមពីថ្ងៃចន្ទទី២២កុម្ភៈ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។ ក្នុងនោះ នៅខេត្តបាត់ដំបង ការចាក់វ៉ាក់សាំងមាននៅមន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកមោងឬស្សី មន្ទីរពេទ្យបង្អែកសង្កែរ មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល។ ចំណែកនៅខេត្តឧត្តរមានជ័យ ធ្វើនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង។ ការចាក់វ៉ាក់សាំងនៅខេត្តប៉ៃលិន ធ្វើនៅមន្ទីរពេទ្យខេត្តប៉ៃលិន។ រីឯនៅកោះកុង ធ្វើនៅមន្ទីរពេទ្យកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល។
សម្រាប់ខេត្តព្រះសីហនុ ការចាក់វ៉ាក់សាំងមានធ្វើតែនៅមួយកន្លែងប៉ុណ្ណោះ គឺនៅមន្ទីរពេទ្យខេត្តតែម្ដង។ ចំណែកនៅខេត្តស្វាយរៀងវិញ គេអាចទៅចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យចំនួន៥ ដូចជា មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។ ចំពោះខេត្តពោធិសាត់ ការចាក់វ៉ាក់សាំងមាននៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបាកាន មន្ទីរពេទ្យបង្អែកក្រគរ និងមន្ទីរពេទ្យបង្អែកក្រវ៉ាញ។ ខេត្តចុងក្រោយដែលទទួលបានវ៉ាក់សាំងកូវីដ១៩ដែរ គឺខេត្តកែប ដោយបើកការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកែប។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅតាមបណ្ដាខេត្តទាំងនេះ ផ្ដល់អាទិភាពដល់ក្រុមគ្រូពេទ្យ បុគ្គលិកមន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងសម្រាប់អ្នកមានអាយុចាប់ពី១៨ដល់៥៩ឆ្នាំ។ សម្រាប់ប្រជាពលរដ្ឋសាធារណជនដែលមិនស្ថិតនៅក្នុងក្រុមអាទិភាពទេ តែស្ម័គ្រចិត្តចាក់វ៉ាក់សាំងដែរ ក្រសួងសុខាភិបាលស្នើឱ្យរង់ចាំបន្តិចសិន ព្រោះវ៉ាក់សាំងមានកំណត់។ មួយវិញទៀត ក្រសួងត្រូវធានាថា អ្នកដែលបានទទួលវ៉ាក់សាំងដូសទី១រួច អាចទទួលវ៉ាក់សាំងដូសទី២ទៀត ស្របទៅតាមបច្ចេកទេសនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ