ក្រោយបញ្ចប់ការជួសជុល ប្រាសាទកណ្ដាលស្រះស្រង់បើកទទួលភ្ញៀវទេសចរនៅថ្ងៃទី២២កុម្ភៈ
ចុះផ្សាយនៅថ្ងៃ៖
អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យសាធារណជនចូលទស្សនាប្រាសាទកណ្ដាលស្រះស្រង់ ចាប់ពីថ្ងៃទី២២កុម្ភៈឆ្នាំ២០២១តទៅ។ ការបើកឲ្យចូលទស្សនានេះ ធ្វើឡើងបន្ទាប់ពីប្រាសាទនេះត្រូវជួសជុលចប់រួចរាល់ជាស្ថាពរ ដោយចំណាយពេលប្រមាណ៩ខែ ពោលគឺចាប់ពីខែមីនា ដល់ខែធ្នូឆ្នាំ២០២០កន្លងទៅ។
រលំបាក់បែករាប់រយឆ្នាំដោយកត្តាធម្មជាតិ ឥឡូវនេះ ប្រាសាទកណ្ដាលស្រះស្រង់បានងើបឈរឡើងវិញជាថ្មី និងចាប់បើកឲ្យភ្ញៀវទេសចរចូលទស្សនាពីថ្ងៃទី២២ខែកុម្ភៈតទៅ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា អាជ្ញាធរជាតិអប្សរា បានសាងសង់កូនស្ពានដែកបណ្ដោះអាសន្នមួយសម្រាប់សម្រួលការធ្វើដំណើររបស់អ្នកទេសចរទៅទស្សនាប្រាសាទកណ្ដាលស្រះស្រង់។ ប៉ុន្តែកូនស្ពានដែកនេះ នឹងត្រូវរុះរើចេញវិញក្នុងរយៈពេលមួយសប្ដាហ៍។ សម្រាប់រយៈពេលតទៅមុខទៀត លោក ឡុង កុសល ឲ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងគិតគូរស្វែងរកមធ្យោបាយធ្វើដំណើរបែបផ្សេង ដើម្បីអាចឲ្យប្រជាពលរដ្ឋទៅទស្សនាស្វែងយល់អំពីប្រាសាទកណ្ដាលស្រះស្រង់នេះបាន។
មានទីតាំងស្ថិតនៅខាងកើតនៃប្រាសាទបន្ទាយក្ដី ប្រាសាទកណ្ដាលស្រះស្រង់ត្រូវបានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមបើកការដ្ឋានជួសជុលឡើងវិញនាខែមីនាឆ្នាំ២០២០។ ការជួសជុលប្រាសាទនេះមិនមែនជាការងារងាយស្រួលប៉ុន្មានទេ ដោយហេតុថា ប្រាសាទនេះមានទីតាំងស្ថិតនៅចំកណ្ដាលស្រះស្រង់តែម្ដង។ ក្នុងនោះ អ្នកជំនាញត្រូវធ្វើទំនប់ហ៊ុំព័ទ្ធតំបន់ប្រាសាទ ហើយបូមទឹកទាំងនោះចេញ ទើបអាចចាប់ផ្ដើមធ្វើកំណាយនិងជួសជុលប្រាសាទបាន។
ក្នុងដំណើរកាលជួសជុលប្រាសាទកណ្ដាលស្រះស្រង់នេះ គេនៅចាំបានថា កាលពីខែមេសាឆ្នាំ២០២០ ក្រុមកំណាយបុរាណវិទ្យា បានរកឃើញចម្លាក់អណ្ដើកធ្វើពីថ្មភក់មួយគូ រូបចម្លាក់ក្បាលនាគមួយ និងត្រីសូល៍ ព្រមទាំងគ្រាប់ខ្វាតពណ៌សជាច្រើនគ្រាប់។ វត្ថុបុរាណ ដោយចំពោះចម្លាក់អណ្ដើកធ្វើពីថ្មភក់ដែលធ្វើកំណាយរកឃើញនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកដើម្បីសិក្សាបន្ត ដោយដាក់ត្រឡប់ទៅកន្លែងដើមវិញនូវវត្ថុចម្លងដែលមានទម្រង់ដូចគ្នាទាំងស្រុង។
សូមជម្រាបជូនថា ប្រាសាទកណ្ដាលស្រះស្រង់ ដែលកសាងឡើងនៅសតវត្សរ៍ទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានចំណាយពេលជួសជុលអស់ប្រមាណ៩ខែ ពោលគឺចាប់ពីខែមីនា ដល់ខែធ្នូឆ្នាំ២០២០កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ