កម្ពុជា-កូវីដ១៩

ទីតាំងចំនួន២៣កន្លែងត្រូវបានបិទ ខណៈអ្នកឆ្លងកូវីដ១៩ទៅក្នុងសហគមន៍២០កុម្ភៈកើនដល់៧៦នាក់

ទីតាំងអាផាតមិន The Bridge ដែលត្រូវបឹទជាបណ្ដោះអាសន្នក្រោយព្រឹត្តិការណ៍២០កុម្ភៈ
ទីតាំងអាផាតមិន The Bridge ដែលត្រូវបឹទជាបណ្ដោះអាសន្នក្រោយព្រឹត្តិការណ៍២០កុម្ភៈ © FB
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

ទីតាំង​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ​ ចំនួន​២៣​កន្លែង​ត្រូវបាន​បិទ​គិត​ត្រឹម​ថ្ងៃចន្ទ​នេះ​ ខណៈ​ចំនួន​អ្នក​ឆ្លង​កូវីដ១៩​ទៅក្នុង​សហគមន៍​បាន​កើន​ឡើង​សរុប​ដល់​៧៦នាក់​ បន្ទាប់ពី​បាន​រក​ឃើញ​ឆ្លង​ថ្មីចំនួន​​៣១​នាក់​ទៀត​កាលពី​ម្សិលមិញ​។ ​នៅ​ក្នុង​ចំណោម​ករណី​ឆ្លង​ទៅ​ក្នុង​សហគមន៍​ជា​លើកទី៣​នេះ​ក៏​មាន​ជនជាតិ​ខ្មែរចំនួន​១១​នាក់​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

ទីតាំងចំនួន២៣​កន្លែង​យ៉ាងតិច ដែល​ត្រូវបានបិទនោះ រួមមាន​ អាគារ​ស្នាក់នៅ Pent House Apartment នៅទល់មុខAeon1 The Point Apartment នៅជិតផ្សារដើមគរ Mekong Street នៅជ្រោយ​ចង្វា City Comfort នៅ​បឹង​ព្រលិត Le Gong  Guan Hotel នៅសង្កាត់​ផ្សារថ្មី៣ Skyline Dumex  នៅសង្កាត់មិត្តភាព Somet Condoninlum ក្នុង​សង្កាត់វាលវង់ Resident L Olympic នៅអូឡាំពិក Casa by Meridain នៅកោះពេជ្រ និងThe Bridge នៅគល់ស្ពានកោះពេជ្រ។

ក្រៅពីនេះទីតាំង៣ទៀត នៅសង្កាត់ទន្លេបាសាក់ ដូចជា Price Plazza Centre  Celeste Skybar និង Diamond Twin ក៏ត្រូវបិទ​រួមជាមួយក្លឹបN8 ​ក្លឹប​Coco នៅ​ខណ្ឌដូនពេញ Love ក្រោយអ៊ិចធូ នៅសង្កាត់​បឹងរាំង ក្លឹប​១៦៨ អតីតនគរសំរិទ្ធ កែងវត្ត​មហា​មន្ត្រី ខារ៉ាអូខេZinZun នៅមុខព្រលានយន្តហោះ ហាងThe World ​ និង​ហាង វ័នមេនសិន នៅក្រោយ​ផ្សារ​បឹង​ត្របែក។

ការ​បិទ​កន្លែងកំសាន្តទាំងនេះ​ គឺធ្វើ​ឡើង​ស្រប​តាម​សំណើ​របស់​ក្រសួង​ទេសចរណ៍​នៅថ្ងៃទី​២១​កុម្ភៈ ដែល​​បាន​ចេញ​លិខិត​ជម្រាបទៅអភិបាលរាជធានីភ្នំពេញ​ឲ្យបិទអាជីវកម្ម​ក្លឹបកំសាន្ត និងKTV ដោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​ដើម្បី​ការពារ​ការ​ឆ្លង​កូវីដ១៩។

បន្ថែមពីនេះ​ទៀត ក៏មានផ្អាកជាបណ្តោះអាសន្នផងដែរ​ សាលារៀន​មួយចំនួន​នៅភ្នំពេញ ដូចជាសាលាបឋម​សិក្សា​កូលាបទី១ ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​សាខាចាក់​អង្រែ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី និង​សាលា​រៀន អេស អាយ អេស សាខាឡាក់គីស្តា។ ចំណែក​នៅ​ខេត្តកណ្តាល ​សាលា​រៀន​ដែល​ត្រូវ​បាន​បិទមានដូចជា អនុវិទ្យាល័យ និង​បឋមសិក្សាឬស្សីជ្រោយ ​នៅស្រុក​ស្អាង និង​អនុវិទ្យាល័យ​ឬស្សីស្រុក ​នៅ​ស្រុក​កៀន​ស្វាយ។

ចំណាត់ការ​បិទទីតាំងអាជីវកម្ម​ជាច្រើន​បែបនេះ ​គឺដោយសារតែ​ចំនួន​អ្នក​ឆ្លង​កូវីដ១៩​ទៅក្នុង​សហគមន៍ បាន​កើន​ឡើងសរុប​ដល់ ​៧៦នាក់​ បន្ទាប់ពីបានរក​ឃើញ​ឆ្លង​ថ្មីចំនួន​​៣១​នាក់​ទៀត នៅថ្ងៃទី២១កុម្ភៈ។ នៅក្នុង​ចំណោម​ករណី​ឆ្លងទៅក្នុង​សហគមន៍ជាលើកទី៣នេះ​ក៏មានជន​ជាតិ​ខ្មែរចំនួន​១១​នាក់​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI