ទូតវៀតណាមអួតថា មន្ទីរពេទ្យជោរៃ មាន«សមត្ថភាព»ទើបត្រូវបានជ្រើសរើសត្រៀមព្យាបាលអ្នកកើតកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាកាលពីយប់មិញនេះ បានសម្តែងនូវមោទនភាព និង ភាពរីករាយយ៉ាងខ្លាំងបន្ទាប់ពីមន្ទីរពេទ្យជោរ៉ៃរបស់ខ្លួនត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសរើសឱ្យត្រៀមសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ១៩។ សម្រាប់ស្ថានទូតវៀតណាម ការជ្រើសរើសនេះ គឺបង្ហាញថា មន្ទីរពេទ្យជោរៃជាមន្ទីរពេទ្យ ដែលមានសមត្ថភាពមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងមន្ទីរពេទ្យឯកជនជោរៃ នេះ មន្ទីរពទ្យទាហានព្រះកេតុមាលា ក៏ត្រូវបានឱ្យត្រៀមសម្រាប់ទទួលព្យាបាលអ្នកឆ្លងជំងឺដ៏កាចសហាវនេះផងដែរ។
ការសម្រេចរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជានេះ បានធ្វើឱ្យមន្ទីរពេទ្យជោរៃ របស់វៀតណាមក្លាយជាមន្ទីរពេទ្យឯកជនដំបូងគេ ដែលនឹងត្រូវបើកព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងថា មន្ទីរពេទ្យជោរៃពិតជាមានកិត្តិយសខ្លាំងចំពោះការជ្រើសរើសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ ។ ស្ថានទូតវៀតណាមថែមទាំងចាត់ទុកថា ការសម្រេចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានបង្ហាញឲ្យឃើញនូវប្រជាប្រិយភាព សមត្ថភាព និងគុណភាពកម្រិតអន្តរជាតិនៃមន្ទីរពេទ្យជោរ៉ៃនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែកុម្ភៈ បានបញ្ជាឱ្យក្រសួងសុខាភិបាលរៀបចំមន្ទីរពេទ្យជោរៃ ដែលជាមន្ទីរពេទ្យឯកជនរបស់ប្រទេសវៀតណាមសម្រាប់ត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ថ្មីនៅពេលមានការកើនឡើងជាគំហុកនោះ។ បន្ថែមលើនេះ និងជាអាទិភាព លោកហ៊ុន សែន ក៏បានបញ្ជាឱ្យលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិរៀបចំមន្ទីរពេទ្យទាហាន ឬ ព្រះកេតុមាលា សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ថ្មីនេះដូចគ្នាផងដែរ។
បទបញ្ជារបស់លោកនាយករដ្ឋមន្រ្ តីហ៊ុន សែន នេះ ធ្វើឡើងស្របពេលដែលកម្ពុជាបានផ្ទុះករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មីម្តងទៀត ដែលប្រមុខរដ្ឋាភិបាលកម្ពុជាហៅថាជា ព្រឹត្តិការណ៍២០កុម្ភៈ។ ព្រឹត្តិការណ៍២០កុម្ភៈនេះ បានផ្ទុះឡើងតាមរយៈការឆ្លងរដឹកតគ្នាលើជនជាតិចិន ហើយបន្តទៅជនជាតិវៀតណាម និងមកលើជនជាតិកម្ពុជា។ ជាការកត់សម្គាល់ ព្រឹត្តិការណ៍២០ កុម្ភៈនេះ និងការសម្រេចជ្រើសរើសមន្ទីរពេទ្យវៀតណាម គឺសម្រាប់ត្រៀមជួយព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩នេះ កើតឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលកម្ពុជាកំពុងអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិនដល់មន្រ្តីរាជការស៊ីវិល និងយោធារបស់កម្ពុជា។
ក្រៅពីមន្ទីរពេទ្យត្រៀមទាំងពីររបស់កម្ពុជា និងវៀតណាមនេះ បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញអ្នកដែលឆ្លងជំងឺកូវីដ១៩ទាំងជនជាតិខ្មែរ និងបរទេសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋមួយចំនួន។ ក្នុងនោះ មានជាអាទិ៍ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់រអង្រែក្រោម និងមជ្ឈមណ្ឌលកម្ចាត់មេរោគរបេង និងហង់សិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ