កម្ពុជា-សង្គម

ក្រសួងអប់រំ៖ ការបិទសាលាទូទាំងប្រទេសជាបណ្តោះអាសន្នមិនទាន់មានទេ

ក្រសួងអប់រំយុវជន និងកីឡា
ក្រសួងអប់រំយុវជន និងកីឡា @Internet
ដោយ៖ ហេង សុខនី
១៤ នាទី

ក្រសួង​អប់រំ យុវជន​ និង​កីឡា ​នៅ​ថ្ងៃ​ចន្ទ​ទី​២២​ ខែ​កុម្ភៈ​នេះ ​បាន​ក្រើន​រំលឹក​ជា​ថ្មី ​ដល់​គ្រឹះសា្ថនអប់រំ​សិក្សា​សាធារណៈ ​និង​ឯកជន​ ឱ្យ​រឹត​បន្តឹង​ការ​អនុវត្ត​ន៍វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា ​ក្រោយ​ពី​សាលារៀន​ចំនួន​៧​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​កូវីដ១៩​ជា​សហគមន៍​២០​កុម្ភៈ​។ ​ទោះយ៉ាងណា ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួងអប់រំ​បាន​បញ្ជាក់​ថា ​នៅ​មិនទាន់​មាន​ការ​បិទ​សាលា​ទូទាំង​ប្រទេស​នៅ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈនេះ សាលារៀនចំនួន៧ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡាប្រកាសឱ្យផ្អាកជាបណ្តោះអាសន្ន ក្រោយពីរកឃើញថា សាលារៀនទាំងនេះ មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ សាលាឯកជន និងរដ្ឋចំនួន៧ ក្នុងនោះមានសាលា៤ស្ថិតនៅរាជធានីភ្នំពេញ និង៣ទៀតស្ថិតនៅខេត្តកណ្តាល។

បើទោះថា ក្រសួងនៅមិនទាន់មានចំណាត់ការ ឱ្យបិទសាលារៀនទូទាំងប្រទេសក្តី តែវិធានការសុវត្ថិភាពសុខភាពសិក្សា ត្រូវតែចាំបាច់អនុវត្តឱ្យបានម៉ឺងម៉ាត់ ព្រោះទំហំនៃការឆ្លងរាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មានទ្រង់ទ្រាយធំ និងស្មុគស្មាញស៊ាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍មុនៗ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា។

អ្នកនាំពាក្យរូបនេះបន្ថែមថា ការដាក់ចេញនូវវិធានការសុវត្ថិភាពសុខភាពសិក្សាចំនួន៦ចំនុចនៅថ្ងៃចន្ទទី២២ ខែកុម្ភៈនេះ គឺជាមធ្យោយបាយមានប្រសិទ្ធិភាព ក្នុងនោះមាន ទី១. ត្រូវអនុវត្តឱ្យបាននូវគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) ឬវិធានសុវត្ថិភាព ទី២. បុគ្គលិកអប់រំ និងសិស្សទាំងអស់ ត្រូវចៀសវាងកន្លែងដែលមានហានិភ័យឆ្លងជំងឺកូវីដ១៩ខ្ពស់ ទី៣. ផ្អាកការជួបជុំលើសពី២០នាក់ ទី៤. ត្រូវរាយការណ៍ជាបន្ទាន់ប្រសិនមានអ្នកណាម្នាក់ មានជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍២០កុម្ភៈ ទី៥. អ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវធ្វើរបាយការណ៍ពីចំនួនបុគ្គលិក ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ និងទី៦. បុគ្គលិកអប់រំណា ដែលបានប៉ះពាល់ ត្រូវរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់ ធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។

សូមជម្រាបជូនថា សាលាចំនួន៧ ដែលក្រសួងអប់រំ យុវជន និងកីឡា បិទជាបណ្តោះអាសន្ននោះ គឺវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី សាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ អនុវិទ្យាល័យឬស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែនឬស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឬស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI