អង្គការខុមហ្វ្រែលថាការពិនិត្យលើសិទ្ធិអ្នកបោះឆ្នោត និងការចេញឯកសារបញ្ជាក់ នៅតែជាបញ្ហាក្នុងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
អង្គការខុមហ្វ្រែល ដែលធ្វើការលើការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី២៣កុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃការសង្កេត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០របស់ គ.ជ.ប។ បើតាមអង្គការ បញ្ជីបោះឆ្នោតនៅឆ្នាំ២០២០មានគុណភាពអាចទទួលយកបាន តែបើពិនិត្យលើសិទ្ធិអ្នកបោះឆ្នោត និងការចេញឯកសារបញ្ជាក់ គឺនៅតែជាបញ្ហាក្នុងប្រព័ន្ធបោះឆ្នោតរបស់កម្ពុជា។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានសង្កេតឃើញថា បញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០ដែល គ.ជ.ប បានធ្វើមក មានគុណភាពអាចទទួលយកបាន។ បើតាមខុមហ្វ្រែម ក្រោយការសិក្សាផ្ទៀងផ្ទាត់ ទិន្នន័យនៃបញ្ជីឈ្មោះ ៩៨.៤៥%គឺមានវត្តមានអ្នកមានសិទ្ធិបោះឆ្នោតពិតប្រាកដ។
ក៏ប៉ុន្តែឆ្លងតាមសង្កេត នៅឆ្នាំ២០២០ មានបណ្តឹងជំទាស់នឹងបញ្ជីឈ្មោះបោះឆ្នោតនៅថ្នាក់ឃុំ-សង្កាត់ ចំនួន១៣៦បណ្តឹង ហើយក្នុងនោះរួមមានទាំងបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន១៣៤បណ្តឹងស្នើឲ្យមានការលុបឈ្មោះអ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ចំនួន ៣៤២៤នាក់ ចេញពីបញ្ជីបោះឆ្នោត។ ការណ៍នេះអង្គការខុមហ្វ្រែល បានរកឃើញថា មានបញ្ជីឈ្មោះមួយមានភាពមិនប្រក្រតី។ ដោយតាមការសិក្សារបស់ខ្លួនក្នុងខេត្តចំនួន៨ បង្ហាញថា បញ្ជីឈ្មោះចំនួន៤៩ មិនត្រូវបានកំណត់អត្តសញ្ញាណពិតប្រាកដ។
តាមការសង្កេតបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ ខុមហ្វ្រែលបានរកឃើញពីករណីមានឈ្មោះស្ទួនចំនួន៧៩ករណី ក្នុងចំនួនឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីចំនួន ៨.៨៣១.៩៧៤ឈ្មោះ។ ឈ្មោះស្ទួនចំនួន៧៩ករណីនោះ មាន៥៤ឈ្មោះបានស្ទួនខុសខេត្ត ១៨ឈ្មោះបានស្ទួនក្នុងខេត្តតែមួយតែខុសឃុំ ៤ឈ្មោះស្ទួនក្នុងការិយាល័យ និង៣ឈ្មោះស្ទួនក្នុងឃុំតែមួយតែខុសការិយាល័យ។ ករណីបញ្ហាឈ្មោះស្ទួននេះ ត្រូវរកឃើញសឹងតែជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែបើធៀបនឹងឆ្នាំ២០១៩ ករណីមានការកើនឡើងរហូត៦២ករណី។ នេះបើតាមខុមហ្វ្រែម។
ក្រៅពីនេះដែរ របាយការណ៍របស់ខុមហ្វ្រែលបានបង្ហាញដែរថា ក្នុងចំណោមឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតចំនួន១០៣០ឈ្មោះ មាន១០១៣ឈ្មោះត្រូវបានស្គាល់ និងបញ្ជាក់ពីអត្តសញ្ញាណពិតប្រាកដពីឃុំ-សង្កាត់ ក៏ប៉ុន្តែក្រៅពីនេះ គឺមិនត្រូវបានទទួលស្គាលពីអាជ្ញាធរឃុំ-សង្កាត់ឡើយ។
សូមជម្រាបជូនថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២០ ត្រូវបានពន្យាពីខែឧសភា មកខែតុលាវិញ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។ ហើយជាលទ្ធផល អ្នកបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ មានចំនួន ៨.៨៣១.៩៧១នាក់ ដែលប្រើប្រាស់ការិយាល័យសរុបចំនួន ២៣៤២៥ការិយាល័យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ