កម្ពុជា៖ រកឃើញកូវីដ១៩បំប្លែងថ្មី៦ករណី ៣ករណីនាំចូល និង៣ទៀតព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី ៣ករណី ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៥នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះជាករណីទី២ហើយ ដែលកម្ពុជារកឃើញវីរុសកូវីដ១៩បំប្លែងថ្មី បន្ទាប់ពីលើកទី១រកឃើញ លើជនជាតិឥណ្ឌា២នាក់ និងជនជាតិចិនម្នាក់ ធ្វើដំណើរតាមជើងហោះហើរចូលមកកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ។
ក្នុងចំណោម មនុស្ស៦នាក់ ដែលរកឃើញថាមានវីរុសកូវីដ១៩បំប្លែងថ្មី ៣នាក់ជាជនជាតិខ្មែរ និង៣នាក់ទៀតជាជនជាតិបរទេស។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩បំប្លែងថ្មី ទាំង៦នាក់កំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលកម្ចាត់រោគរបេង និងហង់សិន និងនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
បើតាមក្រសួងសុខាភិបាល ការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី(ប្រភេទSARS-CoV-2 UK Variant) សរុបចំនួន ៦ករណីនេះ នាំឱ្យមានការព្រួយបារម្ភ ហើយក្រសួងជំនាញបានបន្តអំពាវនាវម្តងហើយម្តងទៀត ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ព្រោះវីរុសបំប្លែងនេះឆ្លងលឿន និងសាហាវជាងមុន។ បន្ថែមលើនេះ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ករណីវីរុសកូវីដ១៩បំប្លែងថ្មី ឆ្លងលឿន និងមានលទ្ធភាពអាចបន្តឆ្លងនៅក្នុងសហគមន៍ ប្រសិនបើប្រជាពលរដ្ឋ មិនបានយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវទេនោះ។
សូមបញ្ជាក់ជូនថា ៦ករណីនៃវីរុសកូវីដ១៩បំប្លែងថ្មី ត្រូវបានរកឃើញស្របពេលកម្ពុជាកំពុងប្រឈមនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រាប់ចាប់តាំងពីថ្ងៃផ្ទុះឡើងព្រឹត្តិការណ៍នេះរហូតដល់ថ្ងៃទី២៣ កុម្ភៈនេះ កម្ពុជាបានរកឃើញករណីឆ្លងជាបន្តបន្ទាប់ចំនួន១០១នាក់ហើយ ត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ។ ការរកឃើញករណីឆ្លងថ្មីនៅថ្ងៃនេះ ក្រសួងបានរកឃើញមានចំនួន ២៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ០២នាក់ជាករណីនាំចូល។ ក្នុងចំណោមនោះ មាន៣ករណីជាវីរុសកូវីដ១៩បំប្លែងថ្មី ដែលបានរកឃើញលើជាជនជាតិខ្មែរ ២នាក់ជាអ្នកដែលធ្វើការនៅក្លិបកម្សាន្ត N8 និងម្នាក់ទៀតជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ។
ជាការបញ្ជាក់បន្ថែមនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដដែល ក្នុងចំណោមអ្នកឆ្លងចំនួន២៣នាក់នេះ មានស្រ្តីខ្មែរម្នាក់ ដែលកន្លងមកមិនព្រមទៅសម្រាកព្យាបាលនៅពេទ្យ និងជនជាតិចិនម្នាក់ទៀត មិនអាចទាក់ទងបាន តែពេលនេះបានបញ្ចូន និងដាក់ឱ្យព្យាបាលនៅក្នុងមន្ទីរពេទ្យរួចរាល់ហើយ។
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះ កម្ពុជារកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន១១៦នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ