កម្ពុជា-សង្គម

ទូតអាមេរិកជំរុញឲ្យមានការសរសេររបាយការណ៍ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ស្ថានទូតអាមេរិកប្រចាំកម្ពុជា
ស្ថានទូតអាមេរិកប្រចាំកម្ពុជា © Internet
ដោយ៖ ជួប នរក្សា
១៧ នាទី

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រកាស​ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដាក់​ស្នើ​សុំជំនួយ​ក្នុងការ​បង្កើត​ជា​របាយការណ៍ ​ការសិក្សា​ស្រាវជ្រាវ​ ព្រមទាំង​វីដេអូ​ឯកសារ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​។ ​តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ ច្រានចោល​ពី​ការ​ផ្តួចផ្តើម​គំនិត​បង្កើត​របាយការណ៍​នេះ ​ដោយ​បញ្ជាក់ថា​ មិន​ស្រប​នឹង​តថភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មានលើគេហទំព័រខ្លួន នៅថ្ងៃ២២កុម្ភៈ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសជំរុញឲ្យអង្គការសង្គមស៊ីវិលធ្វើការស្រាវជ្រាវ និងបង្កើតជារបាយការណ៍ឬវីដេអូឯកសារទាក់ទងនឹងកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣តុលា ក្នុងគោលបំណងរំលឹកឡើងវិញនូវខួបលើកទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ២០២១នេះ។

បន្ថែមពីនេះ ការសិក្សាស្រាវជ្រាវជារបាយការណ៍ឬវីដេអូឯកសារត្រូវមានលក្ខណៈទូលំទូលាយដោយផ្អែកទៅគោលការណ៍ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ បើតាមស្ថានទូត ការសិក្សាស្រាវជ្រាវត្រូវវិភាគនិងវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជា ថាតើបានអនុវត្តស្របទៅតាមកិច្ចសន្យាដែលមានក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឬទេ និងផ្តល់ជាយោបល់ដល់រដ្ឋាភិបាលកម្ពុជា និងរដ្ឋជាហត្ថលេខី ឲ្យដើរស្របទៅនឹងកិច្ចព្រមព្រៀងនៅជំហានបន្តបន្ទាប់។

ទាក់ទងនឹងគម្រោងរបស់ស្ថានទូតអាមេរិកនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ ថា ការផ្តួចផ្តើមគំនិតសរសេររបាយការណ៍និងវីដេអូឯកសារទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការដើរផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង។ លោកបានបញ្ជាក់ថា បច្ចុប្បន្នភាពកម្ពុជា កំពុងរស់នៅប្រកបទៅដោយឯកភាពជាតិ សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ ដែលស្របទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសរួចជាស្រេច។

បន្ថែមពីនេះ អ្នកនាំគណបក្សប្រជាជនកម្ពុជា ថា ការផ្តួចផ្តើមគំនិតធ្វើរបាយការណ៍ពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការដើរតាមគន្លងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺមិនស្របទៅនឹងតថភាពសង្គមកម្ពុជានៅពេលបច្ចុប្បន្ននេះទេ។ ដោយលោកអះអាងថា រដ្ឋាភិបាលរកបានសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយនៅកម្ពុជា ដូចដែលមានចែងពីបញ្ហាកម្ពុជានៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៩១រួចហើយ។

យ៉ាងណាមិញ បើតាមស្ថាទូតអាមេរិក ការសិក្សាស្រាវជ្រាវជារបាយការណ៍ ឬវីដេអូឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបើកទទួលរបាយការណ៍ពីអង្គការសង្គមស៊ីវិលដល់ត្រឹមថ្ងៃទី៣០ខែមីនាឆ្នាំ២០២១នេះ និងបោះពុម្ភផ្សាយនៅចុងខែតុលាខាងមុខ ក្នុងគោលបំណងរំលឹកឡើងវិញខួបលើកទី៣០នៃកិច្ចព្រមព្រៀង។ បើតាមស្ថានទូត របាយការណ៍និងវីដេអូឯកសារនឹងទទួលជំនួយឧបត្ថម្ភក្នុងការផលិតប្រមាណ៣ម៉ឺនដុល្លា។

គួរជម្រាបជូនថា កិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស២៣តុលា ត្រូវបានរដ្ឋាភិបាលសម្រចលុបចេញពីបញ្ជីបុណ្យជាតិកាលពីឆ្នាំ២០១៩កន្លងទៅ។ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិល នៅតែស្នើឲ្យមានការដាក់បញ្ជូលក្នុងបញ្ជីបុណ្យជាតិឡើងវិញ។ ហើយទន្ទឹមកាលពីឆ្នាំ២០២០កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនក៏បានប្រមូលផ្តុំគ្នាប្រារព្ធខួបនៃកិច្ចព្រមព្រៀងនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI