គេចវេះធ្វើចត្តាឡីស័ក៖លោកហ៊ុន សែន ឯកភាពឱ្យបណ្តេញចេញជនបរទេស និងអនុវត្តច្បាប់ចំពោះជនជាតិខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីយប់មិញនេះបានឯកភាពតាមសំណើរបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ដែលស្នើបណ្តេញចេញជនបរទេស និងអនុវត្តច្បាប់លើជនជាតិខែ្មរដែលគេចវេះពីការធ្វើចត្តាឡីស័ក។ ក៏ប៉ុន្តែ ដល់ពេលនេះ មិនទាន់មានការបង្ហាញឱ្យដឹងណាមួយថាតើនឹងមានជនបរទេសណាខ្លះ ហើយចំនួនប៉ុន្មានដែលនឹងកំណត់បណ្តេញចេញពីកម្ពុជា និងមានជនជាតិខ្មែរប៉ុន្មានដែលនឹងត្រូវអនុវត្តច្បាប់នៅឡើយនោះទេ។
ចារដោយផ្ទាល់ដៃ លោកហ៊ុន សែន បានយល់ព្រមឱ្យអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ដែលមានលោកឌី វិជ្ជា អគ្គស្នងរងនគរបាលជាតិជាប្រធានអនុវត្តបណ្តេញចេញ និងហាមចូលប្រទេសកម្ពុជាលើជនបរទេសណាដែលមិនសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងរត់គេចមិនព្រមធ្វើចត្តាឡីស័ក។ ចំពោះជនជាតិខ្មែរ អនុគណៈកម្មការនេះនឹងចាត់វិធានការទៅតាមច្បាប់ដែលកំណត់តែម្តង។ ដោយឡែក ចំពោះទីតាំងណាដែលមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩បណ្តាលឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះវិញ លោកហ៊ុន សែន ក៏ឯកភាពឱ្យដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំងផងដែរ។
ជុំវិញបញ្ហានេះ លោកឌី វិជ្ជា មិនទាន់អាចទាក់ទងសួរព័ត៌មានបន្ថែមបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។ ចំណែក លោកឆាយ គឹមឃឿន ដែលជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិវិញប្រើពាក្យថា«ប្រហែល»ជាមានជាមុខសញ្ញាជនបរទេសត្រូវបណ្តេញចេញ និងជនជាតិខ្មែរត្រូវអនុវត្តច្បាប់ហើយ ទើបលោកឌី វិជ្ជាបានស្នើឡើងបែបនេះ។ ប៉ុន្តែ លោកក៏អះអាងថា ការស្នើរបស់លោកឌី វិជ្ជានេះ គឺជាការសុំគោលការណ៍បង្ការជាមុនដែលអាចនឹងអនុវត្តបានភា្លមៗនៅពេលដែលមានករណីមិនសហការណាមួយកើតឡើង។
ជាការកត់សម្គាល់ ក្រោយការឯកភាពរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនប៉ុន្មានម៉ោងនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសឱ្យដឹងពីជនជាតិចិនម្នាក់ដែលរកឃើញមានឆ្លងជំងឺកូវីដ១៩ បានផ្តាច់ទំនងទំនង ដោយអាជ្ញាធរសុខាភិបាលមិនអាចទាក់ទងរូបគេ ដើម្បីយកមកព្យាបាលនៅមន្ទីរពេទ្យបាន។ ប៉ុន្តែ ក្រោយមកបន្តិច ក៏បានរកឃើញ ហើយយកទៅព្យាបាល។ ចំណែក ស្រ្តីជាជនជាតិចិន៤នាក់ផ្សេងទៀតដែលបានរត់ចេញពីការធ្វើចត្តាឡីស័ក ហើយបាននាំជំងឺកូវីដ១៩ទៅចម្លងចូលក្នុងសហគមន៍បង្កើតចេញជាព្រឹត្តិការណ៍២០កុម្ភៈ ក៏ទំនងអាចជាមុខសញ្ញារបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។
ក្រៅពីនេះ សន្តិសុខជនជាតិខ្មែរ២នាក់ដែលបានជួយរំដោះស្រ្តីជនជាតិចិនចេញពីការធ្វើចត្តាឡីស័កក៏ប្រហែលជាមិនអាចគេចផុតពីការអនុវត្តច្បាប់តាមអនុក្រឹត្យថ្មីផងដែរ។ អនុក្រឹត្យថ្មីបានកំណត់ថា អ្នកដែលជួយសម្រួលដល់អ្នកគេចចេញពីកន្លែងធ្វើចត្តាឡីស័ក គឺត្រូវពិន័យជាទឹកប្រាក់ចាប់ពី ១០ ០០០ ០០០ រៀល ដល់ ៥០ ០០០ ០០០ រៀល ដោយមិនទាន់គិតបញ្ចូលពីទោសព្រហ្មទណ្ឌផ្សេងទៀតនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ