ព័ត៌មានក្លែងក្លាយ៖ រដ្ឋាភិបាលបណ្តេញនាយកកាសែតចិន Angkor Today ចេញពីកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងមហាផ្ទៃកម្ពុជានៅថ្ងៃទី២៥ខែកុម្ភៈនេះ បានសម្រេចបណ្តេញ នាយកសារព័ត៌មាន Angkor Today ដែលជាជនជាតិចិន ចេញពីប្រទេសកម្ពុជាហើយ។ ចំណាត់ការរបស់អាជ្ញាធរកម្ពុជាដូច្នេះ ធ្វើឡើង ក្រោយការចាប់ខ្លួននាយកសារព័តមានអនឡាញរូបនេះ កាលពីថ្ងៃពុធម្សិលមិញ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធទៅនឹងការសរសេរថា«កម្ពុជាលួចលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»។
មិនដល់២៤ម៉ោងក្រោយការចាប់ខ្លួន លោក Shen Kaidong នាយកកាសែតភាសាចិនឈ្មោះ Angkor Today ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាលោក ស ខេង ចុះហត្ថលេខាលើសេចក្តីប្រកាសមួយបណ្តេញចេញពីប្រទេសកម្ពុជា ដោយទុកពេលយ៉ាងយូរ៧ថ្ងៃ។ ការសម្រេចនេះ គឺធ្វើឡើងក្រោយអ្នកទទួលខុសត្រូវកាសែតមួយនេះ ចុះផ្សាយជាភាសាចិនថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិនមកលក់ក្នុងតម្លៃថ្លៃ»។
លោក Shen អាយុ៥២ឆ្នាំ ដែលចូលមកកម្ពុជាកាលពីជាង១០ឆ្នាំមុន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ ក្រោមបទចោទពីការផ្សាយព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិត ធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពចលាចលនៅក្នុងសង្គម ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ នៅថ្ងៃនេះដែរ ក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាបណ្ណ កាសែតអនឡាញ Angkor Today នេះ ដែលពីមុនកាសែតនេះឈ្មោះថា Angkor Times ហើយមានម្ចាស់អាជ្ញាបណ្ណជាជនជាតិខ្មែរ គឺឈ្មោះ អ៊ុង គង្គា។
ស្របពេលជាមួយគ្នានេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានចេញមកបំភ្លឺដែរថា ស្ថានទូតក៏បានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិន ដែលកំពុងរស់នៅកម្ពុជា ពីការផ្សព្វផ្សាយជាភាសាចិនលក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិនតាមរយៈសារបោកប្រាស់នានាលើបណ្តាញសង្គម និងទូរស័ព្ទដៃ ដែលថាមានការចាក់វ៉ាក់សាំងការពារកូវីដ១៩ គ្រាន់តែចំណាយត្រឹម១២០ដុល្លារ ឬ៤៥០ដុល្លារប៉ុណ្ណោះ។
ស្ថានទូតចិនបញ្ជាក់ថា មិនមានវ៉ាក់សាំងជំនួយចិនហូរចូលទីផ្សារឡើយ ហើយវ៉ាក់សាំងត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ការគ្រប់គ្រង និងការដឹកជញ្ជូនវ៉ាក់សាំង ត្រូវបានធ្វើឡើងតាមនីតិវិធីតឹងតែង និងម៉ត់ចត់បំផុត។
ជាការកត់សម្គាល់ ការផ្សាយព័ត៌មានមិនពិត គឺជារឿងដ៏រសើបនៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងប្រឈមនឹងការផ្ទុះឡើងនៃការឆ្លងកូវីដសហគមន៍លើកទី៣ ដ៏គួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះ លោក Shen Kaidong គឺជាអ្នកកាសែតបរទេសទី១ហើយ ដែលត្រូវបានបណ្តេញចេញពីកម្ពុជាពីបទផ្សាយព័ត៌មិនពិត នៅពេលដែលប្រទេសនេះ កំពុងដំណើរការចាក់វ៉ាក់សាំង ដែលជាជំនួយចិនដំបូង ជុំទី១ចំនួន៦០ម៉ឺនដូស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ