ក្រសួងសុខាភិបាលកម្ពុជាយកមណ្ឌលចត្តាឡីស័កភ្នំពេញធ្វើជាកន្លែងព្យាបាលបន្ថែមអ្នកជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះបានបន្តរកឃើញអ្នកជំងឺកូវីដ១៩ថ្មីចំនួន៤៤នាក់បន្ថែមទៀត ក្នុងនោះមាន៤០នាក់ឆ្លងក្នុងសហគមន៍«ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ទៀតជាករណីនាំចូល។ គិតដល់ពេលនេះ អ្នកឆ្លងក្នុង«ព្រឹត្តិការណ៍២០កុម្ភៈ»មានចំនួនសរុប២៣៤នាក់ហើយដែលភាគច្រើន គឺជាជនជាតិចិន។ ចំណែក ទីតាំងចំនួន៧៧កន្លែងនៅទូទាំងរាជធានីភ្នំពេញត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។ ប្រឈមមុខនឹងការឆ្លងក្នុងចំនួនច្រើនជាបន្តបន្ទាប់ពុំធ្លាប់មាននេះ ក្រសួងសុខាភិបាលកម្ពុជាបានសម្រេចយកមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩បន្ថែមមួយទៀត។
ក្រសួងសុខាភិបាលកម្ពុជាបានសម្រេចយកមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩បន្ថែមតាំងពីថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃដែលក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីដល់ទៅ៦៥នាក់ ក្នុងនោះភាគច្រើន គឺជាជនជាតិចិន។ គិតមកដល់ថ្ងៃទី២៦ ខែកុម្ភៈនេះ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះកំពុងមានអ្នកជំងឺកូវីដ១៩ចំនួន៨៩នាក់សម្រាកព្យាបាល ដោយមានស្រីចំនួន ៤៤ នាក់ និងប្រុសចំនួន៤៥នាក់។
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះបានក្លាយធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ទី៤ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និង មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។ កាលពីផ្ទុះការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំមន្ទីរពេទ្យទាហាន ឬហៅថា មន្ទីរពេទ្យកេតុមាលា និងមន្ទីរពេទ្យឯកជនជោរ៉ៃរបស់វៀតណាម ដើម្បីត្រៀមសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ក្នុងករណីដែលមានការកើនឡើងខ្លាំង។ ក៏ប៉ុន្តែ នៅពេលនេះ ក្រសួងសុខាភិបាលបានសម្រេចយកមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩បន្ថែមទៅវិញ។ ជុំវិញបញ្ហានេះ វិទ្យុបារាំងអន្តរជាតិមិនទាន់ទទួលបានឆ្លើយតប និងពន្យល់ពីក្រសួងសុខាភិបាលកម្ពុជានៅឡើយទេគិតត្រឹមព្រឹកថ្ងៃសុក្រនេះ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងចំនួនច្រើនជាបន្តបន្ទាប់ដែលពុំធ្លាប់មានសោះនៅក្នុងប្រទេសកម្ពុជា។ ពួកគេទាំងនេះ ភាគច្រើនលើសលប់ គឺបានឆ្លងចេញពីព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ អ្នកជំងឺកូវីដ១៩ថ្មីទាំងនេះ គឺផ្តើមចេញពីជនជាតិចិន ហើយបន្តទៅជនជាតិវៀតណាម ហើយមកជនជាតិកម្ពុជា និងជនជាតិម៉ាឡេស៊ី។ ក្រៅពីរាជធានីភ្នំពេញ ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍២០កុម្ភៈបានរាលដាលទៅដល់ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុកំពុងក្លាយជាខេត្តប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ១៩ខ្លាំងមួយបន្ថែមទៀត បន្ទាប់ពីរាជធានីភ្នំពេញដោយសារតែរយៈពេលត្រឹមពីរបីថ្ងៃប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលខេត្តនេះបានរកឃើញករណីឆ្លងថ្មីជាបន្តបន្ទាប់។ ដើម្បីទប់ស្តាប់ការរីករាលដាលជំងឺនេះ អាជ្ញាធរខេត្តព្រះសីហនុបានសម្រេចបិទទីតាំងពាក់ព័ន្ធមួយចំនួន ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យចាកចេញពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ និងខេត្តផ្សេងៗបើពុំចាំបាច់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ