កម្ពុជា-បរិស្ថាន

អង្គការលើកលែងទោសអន្តរជាតិ៖ ព្រៃឡង់ទទួលរងការកាប់បំផ្លាញ ខណៈសកម្មជនការពារបរិស្ថានត្រូវហាមឃាត់សកម្មភាព

ព្រៃឡង់
ព្រៃឡង់ © Internet

សកម្មភាព​នៃ​ការកាប់ឈើ​ខុសច្បាប់​ និង​ការ​ដាក់​សម្ពាធ​លើ​សកម្មជន​បរិស្ថាន ​គឺ​រួម​ចំណែក ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រៃឡង់​របស់​ប្រទេស​កម្ពុជា​។ ​នេះគឺ​ជា​ការ​បញ្ជាក់​របស់​ អង្គការ​លើកលែង​ទោស​អន្តរជាតិ ​Amnesty International​ នៅ​ថ្ងៃទី​២៥​ ខែកុម្ភៈ​ម្សិលមិញ​ ចំ​ថ្ងៃ​ខួប​មួយឆ្នាំ ​ដែល​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​សកម្មជន​ការពារ​បរិស្ថាន​ចូល​ទៅ​តំបន់​ការពារ​ព្រៃឡង់​។ ​ក្រសួង​បរិស្ថាន​ឆ្លើយ​តប​ថា​អង្គការ​នេះ ​តែងតែ​គាំទ្រ​ដល់​អ្នក​បំពាន​ច្បាប់​។

ផ្សាយពាណិជ្ជកម្ម

លោក Richard Pearshouse ប្រធានទទួលបន្ទុកផ្នែក វិបត្តិ និងបរិស្ថាន របស់អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ថា ខណៈពេលដែលអាជ្ញាធរបានហាមឃាត់មិនឲ្យបណ្តាញសហគមន៍ព្រៃឡង់ និងអ្នកការពារបរិស្ថានចូលការពារព្រៃឡង់ អ្នកកាប់ឈើខុសច្បាប់កំពុងកាប់ឆ្ការដីព្រៃ ដោយគ្មានទោសទណ្ឌ។ លោកបន្ថែមថា អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឲ្យក្រុមសកម្មជនបរិស្ថានធ្វើការងារការពារព្រៃឡង់ឡើងវិញ ដើម្បីការពារព្រៃឈើដ៏សំខាន់របស់ពិភពលោកដែលកំពុងឈានទៅរកការបាត់បង់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ការថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ គឺជាសេចក្តីថ្លែងការណ៍បែបទម្លាប់អាក្រក់ ដែលមានចរឹត រិះគន់បំផ្លាញ ក្រោមស្លាកសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកថាអង្គការនេះ ​តែងតែគាំទ្រដល់ជនដែលបំពានច្បាប់។

អង្គការលើកលែងទោសអន្តរជាតិ តាមរយៈរូបភាពពីផ្កាយរណប​ បានបង្ហាញពីការព្រួយបារម្ភចំពោះនិន្នាការនៃការកាប់ឈើខុសច្បាប់នៅក្នុងព្រៃឡង់។ រូបភាពផ្កាយរណបកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញពីគំនរឈើជាច្រើននៅក្នុងតំបន់ដី ដែលទើបឈូសឆាយរួច ខាងក្រៅព្រៃឡង់។  រូបភាពថ្មីនេះ ក៏បង្ហាញពីផ្លូវថ្មីមួយចូលទៅកាន់តំបន់នោះ ដែលគេមិនធ្លាប់បានប្រទះឃើញនោះទេ កាលពីដើមឆ្នាំមុន។

អង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថានៅក្នុងរយៈពេល១២ខែ ចុងក្រោយនេះ សកម្មជនការពារបរិស្ថានបានក្លាយជាគោលដៅរបស់អាជ្ញាធរកម្ពុជា ក្នុងការរារាំងហាមឃាត់ការងារការពារបរិស្ថាន។

លោក ខេម សុឃី សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦ ខែកុម្ភៈថា អាជ្ញាធរមូលដ្ឋានបានហៅតំណាងរបស់បណ្តាញសង្គមព្រៃឡង់មួយចំនួនទៅចុះកិច្ចសន្យារមិនឲ្យប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ បន្ទាប់ពីក្រសួងបរិស្ថានបានហាមឃាត់មិនឲ្យមានការរៀបចំកម្មវិធីនេះ។

លោក ខេម សុឃី សមាជិកបណ្តាញសហគមន៍ព្រៃឡង់ អះអាងបន្ថែមថារហូតមកដល់ពេលនេះ ព្រៃឡង់នៅតែរងការកាប់បំផ្លាញជាបន្តបន្ទាប់ ដោយមិនមានការថយចុះនោះទេ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន អះអាងថាក្រសួងស្វាគមន៍រាល់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនានានៅក្នុងតំបន់ការពារធម្មជាតិ ជាមួយដៃគូ ដែលបានគោរពទៅតាមនិតិវិធីច្បាប់ ហើយថាក្រសួងគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកការពារធម្មជាតិនោះទេ។

សូម​ជម្រាប​ជូន​ថា​តំបន់​ព្រៃ​ឡង់ ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ មាន​ផ្ទៃ​ដី​សរុប ​៤​សែន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែន​ជម្រក​សត្វ​ ព្រៃ “ព្រៃ​ឡង់” កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI