កម្ពុជា-កូវីដ១៩

ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមជាង១០០នាក់ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ក្រោយប៉ះពាល់អ្នកជំងឺកូវីដ១៩ម្នាក់ដោយប្រយោលនៅក្នុងពិធីមង្គលការ

ប្រជាពលរដ្ឋនៅក្នុងស្រុកកងមាស ត្រូវបានធ្វើតេស្តយកសំណាក ក្រោយការចូលរួមពិធីមង្គលការមួយកន្លែង ដែលរកឃើញបុរសម្នាក់មានផ្ទុកកូវីដ១៩
ប្រជាពលរដ្ឋនៅក្នុងស្រុកកងមាស ត្រូវបានធ្វើតេស្តយកសំណាក ក្រោយការចូលរួមពិធីមង្គលការមួយកន្លែង ដែលរកឃើញបុរសម្នាក់មានផ្ទុកកូវីដ១៩ © FB

នៅ​ខេត្ត​កំពង់ចាម​ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​យក​សំណាក ​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ១៩​។ ការ​ធ្វើ​តេស្ត​មនុស្ស​ជាង​១០០​នាក់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ នៅ​ថ្ងៃ​ទី​២៦​កុម្ភៈ​ បាន​ប្រកាស​រក​ឃើញ​បុរស​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ​និង​បាន​ចូលរួម​ពិធី​មង្គលការ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ចាម​។

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹកនេះ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ថា មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ត្រូវបានយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកនេះ។ បើតាមប្រធានមន្ទីរសុខាភិបាលរូបនេះ ប្រជាពលរដ្ឋជាង១០០នាក់នោះ ជាអ្នកប៉ះពាល់ដោយប្រយោលទៅនឹងបុរសម្នាក់ដែលចូលរួមពិធីមង្គលការ និងរកឃើញថាវិជ្ជមានកូវីដ១៩។ ក៏ប៉ុន្តែសំណាកប្រមាណជាង១០០នាក់នោះ នៅមិនទាន់ដឹងថាមានបានឆ្លងជំងឺកូវីដ១៩ឬយ៉ាងណានៅឡើយទេ ដោយត្រូវរង់ចាំការពិនិត្យ និងលទ្ធផលសំណាកពីខាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ជាមួយគ្នានេះ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់នោះ នឹងតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្ត។

តែយ៉ាងណា នៅទន្ទឹមប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលត្រូវបានយកសំណាក នៅមានប្រជាពលរដ្ឋមួយចំនួនទៀត កំពុងស្ថិតនៅក្នុងការសង្ស័យ និងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ បានប្រាប់ឲ្យដឹងដែរថា ប្រជាពលរដ្ឋមួយចំនួនតូចនោះជាអ្នកប៉ះពាល់ផ្ទាល់ទៅនឹងបុរសជាអ្នកជំងឺ។ ហេតុដូចនេះ ពួកគេត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កនៅឯមន្ទីរចត្តាឡីស័កខេត្តកំពង់ចាមផ្ទាល់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តកំពង់ចាម បុគ្គលដែលកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ មានដូចជា ឪពុកម្តាយកូនក្រមុំ ឪពុកម្តាយកូនកំលោះ កូនកំលោះនិងកូនក្រមុំផ្ទាល់ អ្នកកំដរ និងអ្នករួមតុផ្ទាល់ ជាមួយនឹងបុរសដែលត្រូវរកឃើញមានវិជ្ជមានកូវីដ១៩ នៅក្នុងពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២១កុម្ភៈ។

នៅចំពោះមុខស្ថានការណ៍ឆ្លងកូវីដ១៩ជាសហគមន៍នេះ អាជ្ញាធរខេត្តកំពង់ចាម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីមង្គលការនោះ ចូលរួមសហការធ្វើតេស្តរកមេរោគកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។ លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងដែរថា អាជ្ញាខេត្តកំពុងរៀបចំវិធានការជាបន្តបន្ទាប់ ក្នុងគោលបំណងរឹងបន្តឹងវិធានសុខាភិបាល និងជាពិសេសវិធានចត្តាឡីស័កទៅលើប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុរសមានផ្ទុកកូវីដ១៩នោះដើម្បីបង្ការការឆ្លងរាលដាលជាបន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI