យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩៖ កម្ពុជាសម្រេចដំណើរការទូទាំង២៥រាជធានីខេត្ត
ចុះផ្សាយនៅថ្ងៃ៖
កម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា ត្រូវបានដាក់ឲ្យដំណើរការ នៅគ្រប់ទូទាំង២៥រាជធានីខេត្ត។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ រដ្ឋាភិបាលសម្រេចបង្កើនទីតាំងនៅតាមបណ្តាខេត្តចំនួន១៥បន្ថែមទៀត ដែលមានមន្ទីរពេទ្យបង្អែកចំនួន ៨៣ទីតាំង។ កម្មវិធីចាក់វ៉ាក់សាំងនៅតាមខេត្តទាំង ១៥បន្ថែមថ្មីនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃចន្ទទី០១មីនានេះតទៅ។
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះ បានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចិន ស៊ីណូហ្វាម ដល់បណ្តាខេត្តចំនួន១៥ផ្សេងទៀត ដោយក្នុងនោះមានដូចជា ខេត្តកណ្តាល តាកែវ កំពត សៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ព្រៃវែង ស្ទឹងត្រែង ក្រចេះ ព្រះវិហារ មណ្ឌលគីរី រតនគីរី និងខេត្តត្បូងឃ្មុំ។ នេះជាជំហានទី៣ បន្ទាប់ពីកម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ។ ដោយជំហានទី១ បានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០កុម្ភៈ និងជំហានទី២ ធ្វើឡើងនៅតាមបណ្តាខេត្តចំនួន៩ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ វៀតណាម និងឡាវ កាលពីថ្ងៃទី២២កុម្ភៈ។
ការចាក់វ៉ាក់សាំងជាជំហានទី៣ នៅតាមបណ្តាខេត្តចំនួន១៥នេះ នឹងធ្វើនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត តាមខេត្តនីមួយៗ ដែលទីតាំងចាក់សរុបចំនួន៨៣ទីតាំង។ និងគិតជាតួលេខសរុប ប្រទេសកម្ពុជាមានទីតាំង ចំនួន១៦៦កន្លែង ទូទាំងរាជធានី-ខេត្ត ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងនេះ នៅតែបន្តទៅគោលការណ៍ស្ម័គ្រចិត្ត និងក្រុមមនុស្សអាទិភាពទទួលវ៉ាក់សាំង។ ក្រុមមនុស្សអាទិភាព រួមមានក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខ។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ឬក្រុមក្នុងអាទិភាពផ្សេងទៀត ក្រសួងសុខាភិបាលស្នើឲ្យមានការរង់ចាំ ព្រោះថាតាមលក្ខខណ្ឌបច្ចេកទេស ក្រសួងត្រូវធានាបានថា អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណាហ្វាម ដូសទី១រួច អាចទទួលបានការចាក់សម្រាប់ដូសទី២ ដែលស្របតាមលក្ខខណ្ឌនៃការចាក់ចំនួន២ដង។
សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៧កុម្ភៈ បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន៦០ម៉ឺន ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ឈ្មោះថាស៊ីណូហ្វាម។ រដ្ឋាភិបាលកម្ពុជា បានបែងចែកវ៉ាក់សាំងនោះជា២ ដោយឲ្យទៅខាងក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនដល់កងកម្លាំងយោធា និងឲ្យទៅខាងក្រសួងសុខាភិបាលចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនឥស្សរជនធំៗ ក្រុមគ្រូពេទ្យ កងកម្លាំងនគរបាល ព្រមទាំងក្រុមអ្នកសារព័ត៌មាន។ ជាលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដោយផ្អែកតាមរបាយការណ៍ក្រសួងសុខាភិបាលនៅថ្ងៃទី២៩កុម្ភៈម្សិលមិញ មានអ្នកស័្មគ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងចំនួន២០០០៤១នាក់ តែក្នុងនោះមានតែមនុស្សចំនួន១៦៣៩០នាក់ប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ