លោក ហ៊ុន សែន ត្រៀមចាក់វ៉ាក់សាំង Astra Zeneca ដែលនឹងមកដល់កម្ពុជានៅថ្ងៃស្អែក
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថាលោកត្រៀមខ្លួនសម្រាប់ទទួលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ Astra Zeneca ដែលផលិតនៅឥណ្ឌា ហើយនឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះ។ ការប្រកាសរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីលោកមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននាពេលកន្លងទៅ ដោយសារលើសអាយុ។ បើតាមគណៈកម្មការវ៉ាក់សាំងអាល្លឺម៉ង់ វ៉ាក់សាំងAstraZeneca នេះសម្រាប់ចាក់លើមនុស្សចាស់ ដែលមានអាយុលើសពី៦៥ឆ្នាំឡើងទៅ។
«ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើហ្វេសប៊ុករបស់លោកថ្ងៃទី២៨ ខែកុម្ភៈ។
បើតាមក្រសួងសុខាភិបាល កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ AstraZeneca ដែលផលិតនៅឥណ្ឌាចំនួន ៣២៤ ០០០ដូស ក្នុងចំណោម ១ ១០៤ ០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ឆ្នាំ២០២១ គឺជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។
វ៉ាក់សាំង AstraZeneca នេះគឺសម្រាប់ចាក់លើមនុស្សចាស់ ដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ នេះជាការប្រកាសរបស់គណៈកម្មការវ៉ាក់សាំងអាល្លឺម៉ង់ បន្ទាប់ពីការសិក្សាថ្មីមួយបង្ហាញថា វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពក្នុងចំណោមមនុស្សចាស់ ខុសពីការសង្ស័យរបស់មន្ត្រីអាល្លឺម៉ង់កាលពីគ្រាកន្លងទៅ។
តាមរយៈ ការសិក្សាថ្មី ដឹកនាំដោយសាកលវិទ្យាល័យ Edinburgh របស់ស្កុតឡែនដ៍ វ៉ាក់សាំង AstraZeneca ដែលរកឃើញដោយអង់គ្លេសនេះ អាចកាត់បន្ថយហានិភ័យចូលមន្ទីរពេទ្យរហូត៩៤%។
តាមគម្រោង កូវ៉ាក់នឹងផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំង ប្រភេទ AstraZeneca ចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។
លោកប្រមុខរដ្ឋាភិបាលខ្មែរ ចាត់ទុកថា នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។
ស្របពេលជាមួយគ្នានេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាក៏បានប្រកាសនៅថ្ងៃទី១ ខែមីនានេះថា វ៉ាក់សាំងរបស់ខ្លួនឈ្មោះស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត នឹងត្រូវផ្តល់ជូនកម្ពុជាក្នុងជំហានទី២ បន្ទាប់ពីកម្ពុជាបានទទួលក្នុងជំហានទី១ចំនួន៦០ម៉ឺនដូស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ