កម្ពុជា-នយោបាយ

តុលាការកាត់ទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារ២៥ឆ្នាំ តែលោកថាជាការកំចាត់លោកពីឆាកនយោបាយ

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ AP - Michel Euler

លោក ​សម រង្ស៊ី ​និង​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្សសង្គ្រោះជាតិ​៨​នាក់​ផ្សេង​ទៀត ​ត្រូវ​តុលាការ​ក្រុងភ្នំពេញកាត់ទោស​នៅ​ថ្ងៃចន្ទ​នេះ ​ឲ្យ​ជាប់ពន្ធធនាគារ​ពី​២០​ដល់​២៥ឆ្នាំ​ ពី​បទឧបឃាត​។ ​ក៏​ប៉ុន្តែ ​លោក​ សម រង្ស៊ី ​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃនេះ​ដែរ​ថា ​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ ​គឺជា​ការ​ចង់​កម្ចាត់​រូបលោក​ចេញពី​ឆាក​នយោបាយ​កម្ពុជា ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសាលក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតផងដែរ។ ដោយឡែក តុលាការក្រុងភ្នំពេញ ក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ។

ក្រៅពីនេះ តុលាការក៏បានដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ក្នុងម្នាក់ៗដែរ ដល់មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនេះ៦រូបផ្សេងទៀត រួមមាន លោកស្រី ជូឡុង សូមួរ៉ា លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល  លោក ឡុង រី និងលោក អ៊ូ ច័ន្ទឫទ្ធិ។ បន្ថែមពីនេះ តុលាការក្រុងភ្នំពេញ ក៏បានប្រកាសដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតទៀតផង។

ពីក្រៅប្រទេស លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុករបស់លោក បានហៅសាលក្រមរបស់សាលាដំបូងក្រុងភ្នំពេញនៅថ្ងៃនេះថា ជាសាលក្រមគួរឲ្យអស់សំណើច ហើយឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់លោក ហ៊ុន សែន ដែលចង់កម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ នៃប្រទេសកម្ពុជា។ លោក សម រង្ស៊ី ឌីដងថា បើមានការបោះឆ្នោតត្រឹមត្រូវ របបផ្តាច់ការហួសសម័យ នឹងមកដល់ទីបញ្ចប់របស់វា។

សូមរំលឹកថា លោក សម រង្ស៉ី និងថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ៨នាក់ផ្សេងទៀត កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬ ឧបឃាត ក្រោមឧបាយកលជាយុទ្ធសាស្ត្រនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI