ក្រោយបុគ្គលិក១១នាក់ឆ្លងជំងឺកូវីដ១៩ កាស៊ីណូNAGA World បានប្រកាសបិទទា្វរជាបន្ទាន់
ចុះផ្សាយនៅថ្ងៃ៖
សណ្ឋាគារ និងកាស៊ីណូNAGA World នៅកណ្តាលរាជធានីភ្នំពេញបានប្រកាសបិទទ្វារជាបណ្តោះអាសន្ននៅយប់មិញនេះ បន្ទាប់ពីរកឃើញបុគ្គលិក១១នាក់បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនNAGA Corp Ltd។ ក្រុមហ៊ុនNAGA Corp Ltd បានអះអាងថា ការបិទទ្វារនេះ គឺដើម្បីអាចឱ្យសណ្ឋាគារ និងកាស៊ីណូNAGA World រៀបចំពង្រឹងនូវវិធានការបង្ការជំងឺកូវីដ១៩ឡើងវិញក្នុងបំណងបង្កើនសុវត្ថិភាពកាន់តែប្រសើរឡើងទាំងដល់បុគ្គលិក និងភ្ញៀវរបស់ខ្លួន។
ក្រុមហ៊ុនNAGA Corp Ltd បានអះអាងនៅក្នុងសេចក្តីដំណឹងរបស់ខ្លួននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវសណ្ឋាគារ និងកាស៊ីណូNAGA World គឺជាការទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ ឬព្រឹត្តិការណ៍២០កុម្ភៈ និងក៏ជាការឆ្លើយតបទៅនឹងការរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងបរិវេណសណ្ឋាគារ និងកាស៊ីណូNAGA World។ កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ សណ្ឋាគារ និងកាស៊ីណូNAGA World បានរកឃើញបុគ្គលិកចំនួន១១នាក់បានឆ្លងជំងឺកូវីដ១៩នៅក្នុងចំណោមបុគ្គលិកចំនួនប្រមាណ៣ពាន់នាក់ដែលបានយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩។
ប៉ុន្តែ ការសម្រេចបិទទ្វារជាបណ្តោះអាសន្នរបស់សណ្ឋាគារ និងកាស៊ីណូNAGA Worldនេះ ក៏ធ្វើឡើងបន្ទាប់ពីកម្មករនិយោជិតនៃសណ្ឋាគារ និងកាស៊ីណូនេះមួយចំនួនបានធ្វើពហិកាមិនទៅធ្វើការកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដើម្បីជាការទាមទារឱ្យក្រុមហ៊ុន និងក្រសួងសុខាភិបាលយកសំណាកបុគ្គលិកទាំងអស់ គឺទាំងNAGA1 និងNAGA2ទៅធ្វើតេស្តរកជំងឺកូវី១៩។ កញ្ញាឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូNAGA World ធ្លាប់បានប្រាប់វិទ្យុបារាំងអន្តរជាតិថា បុគ្គលិកនៅសណ្ឋាគារ និងកាស៊ីណូNAGA World មានការព្រួយបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដល់ពួកគេ ដោយសារក្រុមហ៊ុនមិនមានវិធានការម៉ឹងម៉ាត់នៅឡើយ។
ក្រុមហ៊ុនNAGA Corp Ltd ខ្លួនឯងក៏អះអាងថា ការបិទសណ្ឋាគារ និងកាស៊ីណូNAGA Worldនេះ គឺក៏កើតដោយសារតែក្រុមហ៊ុនមិនពេញចិត្តនឹងវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩របស់ខ្លួនដែលមានស្រាប់ផងដែរ។ ដូច្នេះហើយ ក្រុមហ៊ុនNAGA Corp Ltd ចង់ធ្វើការកែលម្អជាថ្មី និងផ្តល់ពេលវេលា ដើម្បីពិនិត្យឡើងវិញឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីការពារកម្មករ និយោជិត និងភ្ញៀវរបស់ក្រុមហ៊ុនឱ្យបានកាន់តែប្រសើរឡើង។ បើតាមក្រុមហ៊ុនNAGA Corp Ltd សណ្ឋាគារ និងកាស៊ីណូNAGA World នឹងបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីខ្លួនសម្រេចបានជោគជ័យមួយចំនួននៅក្នុងការប្រយុទ្ធប្រឆាំង និងបង្ការជំងឺកូវីដ១៩ និងបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ