កម្ពុជា-សង្គម

ដើមឆ្នាំ២០២១៖ ក្រសួងព័ត៌មានបង្ក្រាបបានការផ្សាយព័ត៌មានមិនពិតជិត២០០ករណី

ក្រសួងព័ត៌មានកម្ពុជា
ក្រសួងព័ត៌មានកម្ពុជា © Internet

រាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២១​មក​ដល់​ចុង​ខែ​កុម្ភៈ ​ក្រសួង​ព័ត៌មាន ​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ ​និង​ព័ត៌មាន​មិន​ពិត​ ញុះញង់​ បំពុល​សង្គម​ និង​ជេរ​ប្រមាថ​សរុប​មាន​ចំនួន​ជិត​២០០​ករណី។​ នេះបើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក​ផុស សុវណ្ណ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ផ្ញើ​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ លោក​ខៀវ កាញ្ញារិទ្ធ​។

ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតជិត២០០ករណី មាន៥ករណីចម្បងៗ ដែលទី១ មានចំនួនច្រើនជាងគេ ប្រមាណ៧៣ករណី គឺការជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ។ ទី២. ការផលិតព័ត៌មានបែបញុះញង់ រិះគន់រដ្ឋាភិបាលនិងប្រឌិតបំភ្លៃការពិតមានចំនួន៦៣ករណី។ ទី៣. ការផលិតព័ត៌មានមិនពិត និងបំពុលសង្គមវិញ មានចំនួន ៣១ករណី។ ចំណែកទី៤ និងទី៥ មានចំនួន ៦ករណី គឺជាការចែកចាយ (Share) ព័ត៌មានចាស់ៗលើបណ្តាញសង្គមនានា និងTik Tok។

ជាការកត់សម្គាល់ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានដដែលបញ្ជាក់ថា ក្នុងចំណោមជិត២០០ករណីនេះ ក៏មានដែរការផលិតព័ត៌មានមិនពិតបំពុលសង្គម និងវាយប្រហាររដ្ឋាភិបាលទាក់ទងនឹងការមកដល់នៃវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។ ជាក់ស្តែងសមត្ថកិច្ចបានចាប់ខ្លួន និងបណ្តេញជនជាតិចិន និងលុបអាជ្ញាប័ណ្ណកាសែត Angkor Today ដែលបានផ្សាយព័ត៌មានមិនពិត ដោយចុះផ្សាយជាភាសាចិនថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិនមកលក់ក្នុងតម្លៃថ្លៃ»

លើសពីនេះ ជាមួយនឹងវិធានការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មានបានចាត់វិធានការ លើករណីរសើបមួយចំនួន ដោយឱ្យមានការសុំទោសជាសាធារណៈនូវកំហុសឆ្គងក្នុងការផលិត និងចែកចាយព័ត៌មានទាំងនោះ។ ម្យ៉ាងវិញទៀត ការច្រានចោលព័ត៌មានមិនពិតពីស្ថាប័នមានសមត្ថកិច្ច ក៏ជាវិធីសាស្រ្តមួយដែរ ក្នុងការបន្សាបព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដែលក្រសួងព័ត៌មានបានអនុវត្តនៅក្នុងវិធានការទប់ស្កាត់ព័ត៌មានមិនពិត។ នេះបើតាមរបាយការណ៍ដដែលពីក្រសួងព័ត៌មាន។

សូមរំលឹកថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩មក ព័ត៌មានក្លែងក្លាយ ត្រូវបានគេប្រទះឃើញព្រោងព្រាធ ស្ទើររៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែព័ត៌មានក្លែងបន្លំទាំងនេះ ត្រូវបានរាំងផ្ទប់ដោយក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ជាហេតុធ្វើឲ្យមានការលើកឡើងថាអំឡុងពេលកូវីដ១៩នេះ កម្ពុជាបានបើកចំហសេរីភាពសារព័ត៌មានតិចតួច។ តែរដ្ឋាភិបាលកម្ពុជាចាត់ទុកថាវិធានការប្រឆាំងព័ត៌មានក្លែងក្លាយ គឺដើម្បីសង្គ្រោះហានិភ័យនានា ដែលបង្កឡើងដោយជនឆ្លៀតឱកាស បង្កើតព័ត៌មានក្លែងបន្លំ បំពុលដល់សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI