កម្ពុជា-សិទ្ធិមនុស្ស

មន្រ្តីសិទ្ធិមនុស្សUNថា កម្ពុជាកំពុងមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ តែមន្រ្តីរដ្ឋាភិបាលច្រានចោល

លោកស្រី មីស្សែល បាស្សេឡេត (ឆ្វេង) លោក អាន សុខឃឿន (ស្តាំ)
លោកស្រី មីស្សែល បាស្សេឡេត (ឆ្វេង) លោក អាន សុខឃឿន (ស្តាំ) © សហការី

លោកស្រី ​មីស្សែល បាស្សេឡេត ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ ខ្លួន​កំពុង​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ទី​០១​មីនា​ម្សិលមិញ​ តំណាង​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ​ បាន​ចេញ​មក​សម្តែង​ការ​ខកចិត្ត​ចំពោះ​របាយការណ៍​នោះ​ ដោយ​បញ្ជាក់​ថា​ ជា​របាយការណ៍​ដែល​មាន​ភាព​លម្អៀង​។

ផ្សាយពាណិជ្ជកម្ម

«ខ្ញុំមានកង្វល់ជាពិសេសអំពីការធ្លាក់ចុះយ៉ាងខ្លាំងនូវលំហពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដែលវិធានការច្បាប់ និងរដ្ឋបាល មិនសមាមាត្រ កំពុងកើនឡើង កំណត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី ការចងក្រងសមាគម និងព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗទៀត»។ នេះជាការលើកឡើងរបស់លោកស្រី មីស្សែល បាស្សេឡេត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងកិច្ចប្រជុំលើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃសុក្រទី២៦កុម្ភៈ។

នៅក្នុងរបាយការណ៍ចំនួន១២ទំព័រ លោកស្រី មីស្សែល បាស្សេឡេត បានលើកឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងលំហប្រជាពលរដ្ឋ នៅតាមបណ្តាប្រទេសមួយចំនួនមានដូចជា ឥណ្ឌា ចិន ប៉ាគីស្ថាន បណ្តាប្រទេសមួយចំនួននៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង តំបន់ទ្វីបអាហ្រ្វិក និងប្រទេសក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថាអាស៊ាន។

ក្នុងតំបន់អាស៊ាន រួមមានប្រទេសភូមា ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ឡាវ ថៃ និងកម្ពុជា របាយការណ៍បានបង្ហាញពីការធ្លាក់ចុះធ្ងន់ធ្ងរក្នុងលំហពលរដ្ឋ ដោយសារតែសកម្មជន អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានមួយចំនួនកំពុងរងការគំរាមកំហែងចាប់ឃុំឃាំងពីសំណាក់រដ្ឋាភិបាល ក្រោយដែលពួកគេព្យាយាមជំរុញរដ្ឋាភិបាលអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ។

ក៏ប៉ុន្តែក្រោយមានការរាយការណ៍របាយការណ៍នេះ តំណាងបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានបង្ហាញការខកចិត្តដោយអះអាងថារបាយការណ៍នេះដាក់បញ្ចូលតែការចោទប្រកាន់ និងមានភាពលម្អៀងតែម្ខាង។ តាមរយៈកិច្ចប្រជុំលើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះដែរ លោក អាន សុខឃឿន បានគូសបញ្ជាក់ពីស្ថានភាពសិទ្ធិមនុស្សនិងលំហពលរដ្ឋនៅកម្ពុជាថា បច្ចុប្បន្នភាពកម្ពុជាបានអនុវត្តសិទ្ធិនិងសេរីភាពមូលដ្ឋានដោយស្របទៅតាមនីតិរដ្ឋ។

បើតាមតំណាងកម្ពុជារូបនេះ បច្ចុប្បន្នសារព័ត៌មានប្រមាណ២០០០អង្គភាព គណនីហ្វេសប៊ុកប្រមាណ១២លានគណនី កំពុងដំណើរការ និងបានរិះគន់ទៅលើកិច្ចការរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត របាយការណ៍របស់មន្រ្តីទូតកម្ពុជា បានច្រានចោលពីការរឹតត្បឹតលំហសង្គមស៊ីវិល ខុសពីរបាយការណ៍របស់មន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអះអាងថាការអនុវត្តសិទ្ធិនិងសេរីភាពមូលដ្ឋានត្រូវស្របទៅតាមច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI