កម្ពុជាជាប្រទេសដំបូងបំផុតក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងពីWHO
ចុះផ្សាយនៅថ្ងៃ៖
កម្ពុជាជាប្រទេសដំបូងបំផុត ក្នុងចំណោមបណ្តាប្រទេសទាំង១០ក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីអង្គការសុខភាពពិភពលោក។ តាមរយៈយន្តការកូវ៉ាក់ កម្ពុជាជាប្រទេសទី៣ ក្នុងចំណោមរដ្ឋចំនួន១៤២ ដែលត្រូវទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
កម្ពុជាបានក្លាយជាប្រទេសទី១ នៅក្នុងបរិបទអាស៊ានដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ មួយប្រភេទឈ្មោះថា Astra Zeneca តាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ នេះជាការគូសបញ្ជាក់ពីលោកឱសថការី ឱក វីជិត ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការក្រសួងសុខាភិបាល។ បន្ថែមពីនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក កម្ពុជាជាប្រទេសទី៣ ដែលទទួលបានវ៉ាក់សាំង Astra Zeneca បន្ទាប់ពីប្រទេសហ្កាណាទទួលបានវ៉ាក់សាំងនេះចំនួន ៦០០.០០០ដូស កាលពីថ្ងៃទី២៤កុម្ភៈ និងប្រទេសកូតឌីវ័រទទួលបានវ៉ាក់សាំងនេះចំនួន ៥០៤.០០០ដូស កាលពីថ្ងៃទី២៦កុម្ភៈ។
វ៉ាក់សាំង Astra Zeneca បានមកប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី០២កុម្ភៈ ក្នុងបរិមាណ ៣២៤,០០០ដូស។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល វ៉ាក់សាំងចំនួន ៣២៤.០០ដូស ជាបរិមាណដំបូងក្នុងបរិមាណសរុបចំនួន ១.១លាន ដែលកម្ពុជានឹងទទួលបានពីអង្គការសុខភាពពិភពលោក។ ជាការសន្យា យន្តការកូវ៉ាក់នឹងផ្តល់វ៉ាក់សាំងចំនួន២០%នៃប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់នៅកម្ពុជា។ ចំពោះវ៉ាក់សាំងដែលនៅសេសសល់ប្រមាណ ៧៧៦.០០០ដូសទៀត នឹងត្រួវបញ្ជូនមកកម្ពុជាជាបន្តទៀត នៅត្រឹមខែឧសភា។ នេះបើតាមសេចក្តីប្រកាសរួមរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។
កាលពីថ្ងៃ១៥កុម្ភៈ អង្គការសុខភាពពិភពលោកបានដាក់បញ្ចូលវ៉ាក់សាំង Astra Zeneca របស់អង់គ្លេស ដែលផលិតឡើងដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌាទៅក្នុងបញ្ជីប្រើប្រាស់នៅក្នុងស្ថានភាពបន្ទាន់ និងកាលពីថ្ងៃ២២កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជា បានដាក់បញ្ចូលវ៉ាក់សាំងនេះ ក្នុងការប្រើប្រាស់នៅក្នុងកម្ពុជាដែរ ក្រោយមានការដាក់បញ្ចូលវ៉ាក់សាំងស៊ីណូហ្វាម របស់ចិន។ក្រោយការទទួលបានទទួលវ៉ាក់សាំង Astra Zeneca រដ្ឋាភិបាលកម្ពុជាមានគម្រោងចាក់ជូនក្រុមអាទិភាព ដូចជាក្រុមគ្រូពេទ្យ អ្នកបំពេញការងារចាំបាច់ និងជាពិសេសពលរដ្ឋចាស់ជរា និងមនុស្សពេញវ័យកំពុងមានជំងឺប្រចាំកាយ។ ផ្អែកតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក វ៉ាក់សាំង Astra Zeneca មានប្រសិទ្ធិភាព ៦៣.០៩% រីឯវ៉ាក់សាំងស៊ីណូហ្វាមវិញ មានការអះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព ៧២.៥%។
គួរជម្រាបថា តាមរយៈយន្តការកូវ៉ាក់នេះ ប្រទេសក្នុងតំបន់អាស៊ាន នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ប្រមាណ ៣២.៣១០.៦០០ដូស។ ក្នុងនោះប្រទេសឥណ្ឌូនេស៊ីនឹងទទួលបានចំនួនច្រើនជាងគេ ក្នុងបរិមាណ១៣.៧០៨.៨០០ដូស។ នេះបើយោងការព្យាករណ៍ពីការចែកចាយវ៉ាក់សាំងរបស់កូវ៉ាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ