កម្ពុជា-អាស៊ាន

កម្ពុជា និងប្រទេសអាស៊ាន៨ទៀតរួមគ្នាអំពាវនាវឱ្យបញ្ឈប់អំហឹង្សា និងរកដំណោះស្រាយដោយសន្តិវិធីនៅភូមា

លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា
លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា © FB

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ លោក​ប្រាក់ សុខុន​ នៅថ្ងៃ​ទី​០២​ ខែមីនា ​ម្សិលមិញ​នេះ​ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ក្រៅផ្លូវការ​តាមរយៈ​វីដេអូ​ខុនហ្វើរ៉េន​។ ​កិច្ចប្រជុំ​ក្រៅផ្លូវការ​នេះ ​បាន​ជជែក​ពិភាក្សាពី​បញ្ហា​មួយ​ចំនួន​ដូចជា​ការពង្រឹង​ទំនាក់ទំនង​នៅក្នុង​តំបន់​ និង​ពិភពលោក​ និង​បញ្ហា​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​។ ​ក្រៅពីនេះ​ បញ្ហា​នៅ​ភូមា​ក៏ជា​របៀបវារៈ​មួយ​សំខាន់​ផងដែរ​។ ​ចំពោះ​បញ្ហា​នៅ​ភូមា​នេះ​ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​បាន​រួមគ្នា​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ទាំងអស់​បញ្ឈប់​ឱ្យមាន​អំពើ​ហិង្សា ​និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍កម្រាស់៣ទំព័រជាភាសាអង់គ្លេស រដ្ឋមន្រ្តីការបរទេសអាស៊ានមានកម្ពុជាមួយផងដែរបានរួមគ្នាសម្តែងនូវការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសភូមា និងបានអំពាវនាវដល់គ្រប់ភាគីទាំងអស់បញ្ឈប់ឱ្យមានអំពើហិង្សាបន្ថែមទៀត និងអត់ធ្មត់ឱ្យបានខ្ពស់បំផុត។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនាគ្នាដោយគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋភូមា។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចរបស់អាស៊ានក្នុងការជួយសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយនៅក្នុងប្រទេសភូមាផងដែរ។

បន្ថែមពីលើសេក្តីថ្លែងការណ៍នេះ ប្រទេសសមាជិកអាស៊ានខ្លះមានជាអាទិ៍ ប្រទេសឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសហ្វីលីពីនជាដើមបានបញ្ចេញប្រតិកម្មដាច់ដោយឡែកចំពោះបញ្ហានៅក្នុងប្រទេសភូមានេះ។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងនេះ បានអំពាវនាវឱ្យមានការដោះលែងលោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលដែលក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង។ ពួកគេក៏បង្ហាញទស្សនៈចង់ឱ្យមានកិច្ចប្រជុំ ដើម្បីបញ្ចប់វិបត្តិនៅភូមាថែមទៀត។

ខុសពីប្រទេសទាំងនេះ ប្រទេសកម្ពុជា វៀតណាម និងឡាវវិញ មិនបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដាច់ឡែកណាមួយចំពោះបញ្ហានៅក្នុងប្រទេសភូមានេះឡើយ។ សម្រាប់ប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសតាំងពីដំបូងថា កម្ពុជាមិនលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសភូមានោះទេ។ ជាងនេះទៅទៀត រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាក៏មិនបញ្ចេញទស្សនៈអ្វីពាក់ព័ន្ធនឹងបញ្ហានៅភូមាដែរ ក្រៅតែពីធ្វើសេចក្តីថ្លែងការណ៍រួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេ​សនៃប្រទេសអាស៊ានផ្សេងទៀតប៉ុណ្ណោះ។

ទិដ្ឋភាពនេះ គឺបង្ហាញថា កម្ពុជាមានការប្រុងប្រយ័ត្នមែនទែនចំពោះបញ្ហានៅភូមានេះ សូម្បីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសក​ម្ពុជាអំពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការកាលពីថ្ងៃអង្គារក៏មិនបាននិយាយអ្វីច្រើនពីបញ្ហានៅភូមាដែរ ពោល គឺគ្រាន់តែសរសេររំលេចខ្លីនៅចុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្រ្តីការបរទេសអាស៊ានបង្ហាញចំណាប់អារម្មណ៍រួមគ្នាលើការវិវឌ្ឍនៃស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសភូមា។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជានាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបណ្ឌិតឈាង វណ្ណារិទ្ធ បានលើកឡើងថា ការមិនបញ្ចេញមតិទស្សនៈរបស់កម្ពុជាចំពោះបញ្ហានៅភូមានេះ គឺកម្ពុជានៅរក្សាគោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ។ ប៉ុន្តែ លោកក៏អះអាងថា កម្ពុជាក៏កំពុងប្រើប្រាស់នយោបាយការបរទេសបត់បែនរបស់ខ្លួនចំពោះបញ្ហានៅភូមា ព្រោះ ត្បិតថាកម្ពុជាមិនបញ្ចេញមតិផ្ទាល់ខ្លួនមែន ប៉ុន្តែកម្ពុជាក៏មិនជំទាស់ក្នុងការរួមគ្នាអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅភូមាជាមួយប្រទេសអាស៊ានដទៃទៀតនោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI