កម្ពុជា-កូវីដ១៩

មន្ត្រីសិទ្ធិមនុស្ស៖ អ្នករត់តាក់ស៊ី និងអាជីវករនៅខេត្តព្រះសីហនុ ប៉ះពាល់ខ្លាំងដោយសារការបិទចរាចរណ៍

ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ © Internet

ភាពស្ងប់ស្ងាត់​នៅតាម​ដងផ្លូវ​នានា​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​នៅតែ​បន្ត​មកដល់​ថ្ងៃនេះ ​បន្ទាប់​ពី​អាជ្ញាធរ​អំពាវនាវ​មិនឲ្យ​ធ្វើដំណើរ​ចេញក្រៅផ្ទះ​ ខណៈ​កូវីដ១៩​បាន​ឆ្លង​រាលដាល​ទៅដល់​ខេត្ត​ទេសចរណ៍​មួយនេះ​ជាប់​លំដាប់ទី២​បន្ទាប់​ពីភ្នំពេញ​។​ ជា​ការ​កត់​សំគាល់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ ក្រុម​អ្នក​រត់​តាក់ស៊ី និង​អាជីវករ​លក់​ដូរ បានរង​ផលប៉ះពាល់​ខ្លាំង ព្រោះ​អត់មាន​ប្រាក់ចំណូល ​ដោយ​សារតែ​ការ​បិទ​ចរាចរណ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

ក្រោយពីការ​ដាក់​បម្រាប​ការ​ធ្វើ​ដំណើរ​ចេញ-ចូល ខេត្ត​ព្រះ​សីហនុ អាជីវករ​ខ្លះបានបិទ​តូបលក់ដូរ ខណៈអាជីវករ​ខ្លះទៀត​បន្ត​បើក​តូប​ជាធម្មតាតែគ្មាន​អ្នក​ទិញ។ នេះជាការ​កត់​សំគាល់​របស់​លោក ស្រេង វ៉ានីលី មន្ត្រី​អង្គការ​លីកាដូ។ ចំណែក​អ្នក​ដែល​ផល​ប៉ះពាល់​ខ្លាំង ហើយ​បាត់ចំណូល​ទាំង​ស្រុង​នោះ គឺ​ក្រុម​អ្នក​រត់​តាក់ស៊ី និង​អ្នក​រត់​រឺម៉កទេសចរណ៍ ព្រោះ​គ្មាន​អ្នក​ធ្វើ​ដំណើរក្នុង​ខេត្ត​ទេសចរណ៍មួយនេះ។ នេះជាការ​បន្ថែម​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​។

យ៉ាងណាក៏ដោយ​ លោក ស្រេង វ៉ានីលី ទទួលស្គាល់ថា នេះជាវិធានការ​ដើម្បី​ការពារ​ការ​ឆ្លង​កូវីដ១៩ហើយ​ថា នៅតាម​ទីផ្សារ​ដែល​មានមនុស្ស​ចេញ-ចូល​មិនអាចខាន​បាន​គឺ​អាជ្ញាធរមាន​ការ​វាស់​កម្តៅ និង​មាន​ដាក់​ទឹក​អាកុលលាងដៃផងដែរ។

ពីខាង​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​វិញ តាម​រយៈ​ហ្វេស​ប៊ុក​ផ្លូវការ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ បានអរគុណចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ដែលមិនធ្វើដំណើរចេញក្រៅផ្ទះ និងបានស្ម័គ្រចិត្តធ្វើចត្តាឡីស័ក គោរពតាមគោលការណ៍ (៣.កុំ និង៣.ការពារ) ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

លើសពីនេះ អាជ្ញាធរខេត្ត​ជាប់​សមុទ្រមួយនេះ ក៏បាន​ធ្វើ​យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុមានដូចជា ផ្សារក្តាម ផ្លូវកែងបត់ទៅសេតេ ស្ថិតនៅភូមិ១ សង្កាត់លេខ៣  និងផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ដែលជាទីតាំងរបស់បុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សារ បានចូលទៅទិញគ្រឿងសមុទ្រកាលពីពេលកន្លងមក ហើយមានវិជ្ជមានកូវីដ​១៩។

សូមបញ្ជាក់ថា ខេត្តព្រះ​សីហនុ​បាន​ឈរ​លំដាប់ទី២​បន្ទាប់ពី​ភ្នំពេញ ដែល​អ្នក​ឆ្លង​កូវីដ១៩​កើន​ឡើង​ដល់​យ៉ាងតិច​២៤​នាក់​ គិត​ត្រឹម​ថ្ងៃទី៥​មីនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI