កម្ពុជា-សង្គម

ក្រសួងព័ត៌មានថាការហាមអ្នកកាសែតមួយចំនួនមិនឲ្យចូលក្នុងសន្និសិទគឺដើម្បីបង្ការការឆ្លងកូវីដ១៩

ក្រុមអ្នកកាសែតដែលមិនត្រូវបានអនុញ្ញាតអោយចូលយកព័ត៌មាន និងថតរូប
ក្រុមអ្នកកាសែតដែលមិនត្រូវបានអនុញ្ញាតអោយចូលយកព័ត៌មាន និងថតរូប © FB/Heng Sinith

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ​បាន​អះអាងថា ​ការរារាំង​អ្នកកាសែត​មួយចំនួន​មិន​ឲ្យ​ចូល​រួម​ក្នុង​បន្ទប់​សន្និសិទ​សារព័ត៌មាន​នៅមន្ទីរពេទ្យ​កាល់ម៉ែត កាលពីថ្ងៃទី៤​មីនា​ថ្មីៗ​នេះ ដើម្បី​បង្ការ​ហានិភ័យ ​ក៏ដូចជា​ការអនុវត្ត​តាមសេចក្តី​ប្រកាស​កន្លង​របស់​ក្រសួង​សុខាភិបាល​ការពារ​ការ​ឆ្លង​កូវីដ១៩។ ការ​បកស្រាយ​បែបនេះ ​គឺបន្ទាប់ពី​សម្ព័ន្ធ​អ្នកសារព័ត៌​មានកម្ពុជា ​ហៅកាត់ថា​ CamboJA​ បានចេញសេចក្តី​ថ្លែងការណ៍​មួយនៅថ្ងៃ​ដដែល​នោះ ​ទទួច​ឲ្យ​គោរពសេរីភាព​និង​សិទ្ធិទទួលព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​នៅកម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CamboJA ចេញផ្សាយនូវថ្ងៃទី០៤មីនាកន្លងមក ជាសេចក្តីថ្លែងការណ៍មានភាពញុះញង់ បង្កឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រលំអំពីការរៀបចំព្រឹត្តិការណ៍ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ បើតាមអ្នកនាំពាក្យរូបនេះ សេចក្តីថ្លែងការណ៍នោះនៅមានចំនុចខ្វះខាត ដែលមិនបានបង្ហាញឲ្យឃើញពីមូលហេតុនៃការរារាំងអ្នកសារព័ត៌មានមួយចំនួនមិនអាចចូលទៅយកព័ត៌មានបាន។

រីឯការហាមឃាត់អ្នកសារព័ត៌មានមួយចំនួនក្នុងការចូលយកព័ត៌មាន និងថតរូប លោក មាស សោភ័ណ្ឌ បានពន្យល់ថា ដោយសារកម្ពុជាកំពុងស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩។ ដូច្នេះការរៀបចំព្រឹត្តិការណ៍ធំៗមួយចំនួនត្រូវមានការកំណត់ចំនួនមនុស្ស ដើម្បីបង្ការហានិភ័យ ក៏ដូចជាការអនុវត្តតាមសេចក្តីប្រកាសកន្លងមករបស់ក្រសួងសុខាភិបាល។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ។

ក្រោយការចេញសេចក្តីថ្លែងការណ៍ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះដែរថា ការរារាំងអ្នកសារព័ត៌មានមួយចំនួនមិនឲ្យចូលយកព័ត៌មាន និងថតរូប បានបង្ហាញនូវភាពអវិជ្ជមាននៅក្នុងក្របខណ្ឌសិទ្ធិនិងសេរីភាពក្នុងការទទួលបានព័ត៌មានដើម្បីផ្សព្វផ្សាយដល់សាធារណជន។

បើតាមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA គឺមានអ្នកសារព័ត៌មានមួយចំនួន មានដូចជា AP AFP VOA VOD Reuters ខេមបូណូមីស ថ្មីថ្មី និងខេមបូចា ញូស៍ ត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យចូលមកព័ត៌មានពីព្រឹត្តិការណ៍នៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ Astra Zeneca របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅឯមន្ទីរពេទ្យកាល់ម៉ែត។ អង្គការដដែលនេះ បានហៅការរារាំងនេះ ថាធ្វើឲ្យប៉ះពាល់សិទ្ធិទទួលបានព័តមានដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងបង្ហាញពីវិសមភាពនៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI