កម្ពុជា-នយោបាយ

ក្រុមអ្នកជំនាញ អ.ស.ប “រន្ធត់ចិត្ត” ចំពោះការកាត់ទោសឲ្យជាប់ពន្ធនាគារយៈពេលវែងលើមន្ត្រីអតីតបក្សប្រឆាំង

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតគណៈបក្សប្រឆាំង(រូបតំណាង)
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតគណៈបក្សប្រឆាំង(រូបតំណាង) © Internet

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ ​(អ.ស.ប) ​បាន​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការសម្រេច​របស់​តុលាការ​កម្ពុជា​ ដែល​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេលវែង​ លើ​មេដឹកនាំ​ជាន់ខ្ពស់​នៃអតីតគណបក្ស​ជំទាស់​៩​រូប កាលពី​ដើមខែមីនា​។ ​នេះបើតាម​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​ នៅថ្ងៃទី​០៥ ​ខែ​មីនា ​ម្សិលមិញ​ ខណៈ​តំគណណាង​កម្ពុជា​ប្រចាំ​ អ.ស.ប​ បានហៅ​ក្តីកង្វល់​នេះថា ​ជាការ​វាយ​តម្លៃ​ ដែលធ្វើឲ្យ​មានការ​យល់ច្រឡំ​ពីត្រូវ​ទៅ​ជាខុស​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាស៣ទំព័រ​ កាលពីថ្ងៃទី០៥ ខែមីនា ក្រុមអ្នកជំនាញសិទ្ធិមនុស្ស  បានចាត់ទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញថាអាចនឹងដកហូតសិទ្ធិរបស់មេដឹកនាំជាន់ខ្ពស់ទាំងនោះក្នុងការចូលរួមកិច្ចការសាធារណៈ។

ក្រុមអ្នកជំនាញ អ.ស.ប បានបញ្ជាក់ថា ដំណើរការជំនុំជម្រះទាំងមូល មានភាពមិនប្រក្រតី និងបំពានយ៉ាងជាក់ច្បាស់ទៅនឹងច្បាប់អន្តរជាតិ រួមទាំង ការជំនុំជម្រះ ដែលមិនបានប្រព្រឹត្តទៅជាសាធារណៈ។ ក្រុមអ្នកជំនាញបានអំពាវនាវឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិធ្វើនយោបាយឲ្យពួកគេឡើងវិញ និងធានាឲ្យគណបក្សនយោបាយទាំងអស់ មានឱកាសស្មើគ្នា ដើម្បីចូលរួមក្នុងជីវិភាពនយោបាយ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ដែលបានបង្ហាញកង្វល់របស់ខ្លួននោះ រួមមាន លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា, លោក ដេវីដ កៃ អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ, និងលោក ឌី ហ្គោ ហ្ការស្សា-សាយ៉ាន អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី។

ក្នុងថ្ងៃតែមួយនោះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ ក៏បានលើកឡើងថា  អ្នកជំនាញខាងលើ ដែលបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ បានតាំងខ្លួនជាចៅក្រម អារកាត់កិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បន្តថា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសំអាងលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីត្រឹមត្រូវ រួមទាំងគោរពសិទ្ធិមានមេធាវីការពារ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ក៏បានបញ្ជាក់ទៀតថា ការអះអាងថា ការជំនុំជម្រះមិនបានធ្វើឡើងជាសាធារណៈ និងដោយគ្មានវត្តមានជនជាប់ចោទ បង្ហាញឲ្យឃើញកាន់តែច្បាស់ថា អ្នករាយការណ៍ពិសេសពឹងផ្អែកលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ និងថា អ្នកជំនាញទាំងនោះហាក់មានការយល់ដឹងតិចតួច ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា។

កាលពីថ្ងៃទី១ ខែមីនា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសកំបាំងមុខ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតផងដែរ។ តុលាការក្រុងភ្នំពេញ ក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ។ ក្រៅពីនេះ តុលាការក៏បានដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ក្នុងម្នាក់ៗដែរ ដល់មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនេះ៦រូបផ្សេងទៀត រួមមាន លោកស្រី ជូឡុង សូមួរ៉ា លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល  លោក ឡុង រី និងលោក អ៊ូ ច័ន្ទឫទ្ធិ។ បន្ថែមពីនេះ តុលាការក្រុងភ្នំពេញ ក៏បានប្រកាសដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតទៀតផង។

លោក សម រង្ស៉ី និងថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ៨នាក់ផ្សេងទៀត កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬ ឧបឃាត ក្រោមឧបាយកលជាយុទ្ធសាស្ត្រនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI