Human Right Watch ស្នើឲ្យដកចេញមាត្រាដែលដាក់ទោស២០ឆ្នាំ ចំពោះអ្នកល្មើសនឹងច្បាប់ទប់ស្កាត់កូវីដ
ចុះផ្សាយនៅថ្ងៃ៖
អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Right Watch បានបរិហារថា រដ្ឋាភិបាលកម្ពុជាគួរតែដកសេចក្តីព្រាងច្បាប់មានលក្ខណៈតឹងរឹងដែលអនុញ្ញាតឱ្យដាក់ពន្ធនាគាររយៈពេល២០ ឆ្នាំ និងការដាក់ទណ្ឌកម្ម មិនសមាមាត្រផ្សេងទៀតចំពោះការរំលោភលើវិធានការដែលទាក់ទងនឹងកូវីដ-១៩។ ការស្នើនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីម្សិលមិញ។
«រដ្ឋាភិបាលកម្ពុជាបានអនុម័តនូវច្បាប់គ្រាអាសន្នដែលរំលោភបំពានរួចទៅហើយ ហើយឥឡូវនេះបានបង្កើតច្បាប់ទាក់ទងនឹងកូវីដ-១៩ ដែលមិនច្បាស់និងទូលំទូលាយ ហើយនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់សកម្មជននិងអ្នកប្រឆាំង»។ នេះជាការលើកឡើងរបស់ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សHuman Right Watch។
ក្នុងសេចក្ដីព្រាងច្បាប់ដែលមាន ៦ ជំពូកស្មើនឹង ១៨ មាត្រា បានចែងពីការដាក់ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌលើ បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល ដោយប្រឈមនឹងទោសជាប់ពន្ធនាគារអតិប្បរមា ១០ ឆ្នាំ ឬរហូតដល់ ២០ ឆ្នាំ បើសិនជាការចម្លងនេះធ្វើឡើងដោយចេតនា ឬមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង។ នេះបើតាមមាត្រា៩នៃច្បាប់ថ្មីនេះ។
ចំណែកមាត្រា ៨ នៃសេចក្ដីព្រាងច្បាប់នេះ បានចែងអំពីការដាក់ពន្ធនាគារដល់ទៅ ៥ ឆ្នាំ និងរងពិន័យជាប្រាក់ដល់ទៅ ២០ លានរៀល សម្រាប់បុគ្គលដែលមានជំងឺហើយរត់គេចពីមន្ទីរសម្រាកព្យាបាល និងអាចជាប់ពន្ធនាគារដល់ទៅ ១០ ឆ្នាំ បើសិនជាចម្លងមេរោគដល់អ្នកដទៃអំឡុងពេលរត់គេច។
បើតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស សេចក្តីព្រាងច្បាប់នេះមានលក្ខណៈតឹងរឹងនិងមិនច្បាស់លាស់ដែលបើកច្រកឲ្យអាជ្ញាធរអាចរំលោភបំពានបានយ៉ាងងាយនិងគ្មានយន្តការត្រួតពិនិត្យដោយឯករាជ្យឬនីតិវិធីការពារណាមួយឡើយ។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានពន្យល់ថា ច្បាប់នេះត្រូវបានធ្វើឡើងទៅតាមតម្រូវការចាំបាច់ដើម្បីគ្រប់គ្រងស្ថានការណ៍ នៅគ្រាដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលទៅដល់សហគមន៍ ហើយថា អនុក្រឹត្យដែលមានកន្លងមកគឺគ្រាន់តែផាកពិន័យមិនអាចធ្វើឲ្យអ្នកល្មើសអាចរាងចាលបានឡើយ៕
លោក ហ៊ុន សែន បានបន្ថែមថា អនុក្រឹត្យដែលលោកបានចុះហត្ថលេខាកន្លងមក មិនអាចកំណត់ការដាក់ទោសទណ្ឌជាប់ពន្ធនាគារសម្រាប់អ្នកបំពាននិងអ្នកផ្សំគំនិតបានឡើយ។
«អ៊ីចឹង ម្ខាង យើងប្រើវិធានការអប់រំ ម្ខាង យើងប្រើវិធានការរដ្ឋបាលនិងម្ខាងទៀត យើងក៏ត្រូវប្រើច្បាប់ដើម្បីនឹងធ្វើការគ្រប់គ្រងទៅលើជំងឺនេះផងដែរ»។
អនុក្រឹត្យចុះថ្ងៃទី ១៨ ខែកុម្ភៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ត្រូវបានយោងយកទៅផាកពិន័យបុរសម្នាក់រស់នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ជាទឹកប្រាក់ ២ លានរៀលនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នខាងលើបានបង្ហាញថា បុរសរូបនោះ «ជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនាឆ្នាំ២០២១»។
កម្ពុជាកំពុងប្រឈមនឹងការឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាលើកទី ៣ និងក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន តែក្នុងរយៈពេលមិនដល់ពីរសប្ដាហ៍ផង ករណីកូវីដសរុបដែលត្រូវបានកត់ត្រាបានកើនឡើងច្រើនជាង ១០០% ទៅដល់ ៩៣២ ករណី ក្នុងនោះមាន ៤២៥ ករណីជាប់ពាក់ព័ន្ធនឹងចង្កោមឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ