កម្ពុជា-សង្គម

កម្ពុជាមានអ្នកកំពុងជាប់ឃុំមិនទាន់កាត់ទោសច្រើនជាងប្រទេសជិតខាង

ក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវដឹកយកមកកាត់ទោស
ក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវដឹកយកមកកាត់ទោស AP - Heng Sinith

កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ថា​ជា​ប្រទេស​ដែល​មាន​អ្នក​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ដោយ​មិន​ទាន់​កាត់​ទោស​ច្រើន​ជាង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ​បើ​ធៀប​ទៅ​នឹង​ប្រទេស​វៀតណាម​ ថៃ ​ឡាវ​។ បើ​តាម​របាយការណ៍​ World Prison Brief ​កម្ពុជា​មាន​អ្នក​ជាប់​ឃុំ​ប្រមាណ​៧០%​នៅ​មិន​ទាន់​បាន​កាត់​ទោស​។

ផ្សាយពាណិជ្ជកម្ម

តួលេខអ្នកជាប់ក្នុងពន្ធនាគារ៧១.៩%នៃអ្នកទោសសរុបចំនួន៣១៦៨៦នាក់ នៅមិនទាន់បានទទួលការជម្រះក្តីនៅឡើយ។ ពោលគឺពួកគេកំពុងស្ថិតនៅក្នុងពន្ធនាគារនិងមន្ទីរឃុំឃាំងដើម្បីរង់ចាំការកាត់ទោស។ បើតាមរបាយការណ៍ ក្នុងចំណោមតួលេខ៧១.៩% ឬស្មើនឹង២៥៣៤៨នាក់នៃអ្នកជាប់ឃុំមិនទាន់បានប្រកាសសាលក្រម មាន៨%ជាស្រ្តី ៤%ជាក្មេងជំទង់ និង៣%ជាជនបរទេស។

ចំនួនអ្នកជាប់ឃុំប្រមាណ៧១.៩%នោះ បានធ្វើឲ្យប្រទេសកម្ពុជាជាប់ជាប្រទេសដែលមានអ្នកជាប់ឃុំឃាំងមិនទាន់បានកាត់ទោសច្រើនជាងបណ្តាប្រទេសក្បែរខាង។ នៅវៀតណាមមានអ្នកជាប់ឃុំមិនទាន់បានកាត់ទោសចំនួន ១២.៤% ខណៈប្រទេសថៃមានចំនួន១៧.៤% និងឡាវចំនួន៦៧%។

យ៉ាងណាមិញ កាលពីខែឧសភាឆ្នាំ២០២០កន្លងទៅ ក្រសួងយុត្តិធម៌បានអនុវត្តយុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំ​រឿង​នៅ​តាម​តុលាការ​សាលា​ដំបូង​រាជធានី​/ខេត្ត ក្រោយពីមានរបាយការណ៍រិះគន់ពីសំណាក់អង្គការសង្គមស៊ីវិល ចំពោះភាពចង្អៀតណែននៃការឃុំខ្លួនជនសង្ស័យនៅក្នុងពន្ធនាគារដែលរងចាំការកាត់ទោសនោះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការនៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ៣០ ធ្នូ ២០២០ ជាលទ្ធផលនៃយន្តការនេះ ក្នុងសំណុំរឿងព្រហ្មទណ្ឌទាំង៣៥១០០ករណី គឺមានសំណុំរឿង ១២២០០ករណី ឬ ស្មើនឹង៩៥% ត្រូវបានជំនុំជម្រះរួចរាល់ហើយ ហើយគ្រោងនឹងបញ្ចប់យុទ្ធនាការរយៈពេល១ឆ្នាំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។

ជាមួយគ្នានោះ កាលពីថ្ងៃទី៦កុម្ភៈ ក្រសួងយុត្តិធម៌ ក៏បាននិងកំពុងសិក្សាពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងដែលមាននៅក្នុងប្រព័ន្ធតុលាការកម្ពុជានេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI