ខួប៨មីនា៖ អតីតបក្សសង្គ្រោះជាតិអំពាវនាវឲ្យដោះលែងស្ត្រីជាសកម្មជននយោបាយ និងសង្គម
ចុះផ្សាយនៅថ្ងៃ៖
អតីតគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៧ខែមីនានេះ ដោយអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលដោះលែងក្រុមស្ត្រីជាភរិយាសកម្មជននយោបាយរបស់ខ្លួន និងស្ត្រីជាសកម្មជនសង្គមផ្សេងទៀតឲ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ។ ការអំពាវនាវនេះធ្វើឡើងមុន១ថ្ងៃ នៃទិវាសិទ្ធិនារីអន្តរជាតិនឹងចូលមកដល់នៅថ្ងៃ៨មីនាស្អែកនេះ។
តាមរយៈសេចក្តីថ្លែងការណ៍ពីក្រៅប្រទេស អតីតគណបក្សសង្រ្គោះជាតិ បានគូសបញ្ជាក់ថា មានស្ត្រីជាភរិយាសកម្មជននយោបាយរបស់ខ្លួន និងស្ត្រីជាសកម្មជនសង្គម យ៉ាងតិច១៤នាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់។ ការចាប់ឃុំខ្លួន«ស្ត្រីថ្ងៃសុក្រ»នេះ គឺនៅគ្រាដែលពួកគេនាំគ្នាទៅតវ៉ា និងឃ្លាំមើលដំណើរការបើកសវនាការលើរឿងក្តីរបស់ស្វាមីពួកគេ ដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩វិច្ឆិកា២០១៩។
ក្រោយការចាប់ខ្លួនស្ត្រីទាំងនោះត្រូវឃុំខ្លួនជាបណ្តោះអាសន្ន និងចោទប្រកាន់ពី«បទញុះញង់និងបង្កភាពវឹកវរដល់សន្តិសុខសង្គម»។ តែសម្រាប់អតីតបក្សប្រឆាំងនេះ ការធ្វើសកម្មភាពរបស់ស្ត្រីទាំងនោះគឺជារឿងស្របច្បាប់ ផ្នែកនយោបាយ និងបរិស្ថាន ដើម្បីជួយសង្គម ហើយសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
ក្រៅពីការចាប់ឃុំខ្លួន ក៏នៅមានស្ត្រីជាច្រើននាក់ទៀតកំពុងរងការគំរាមកំហែង បំភិតបំភ័យ និងបង្រ្កាប នៅពេលពួកគេចេញតវ៉ាដោយសន្តិវិធីនៅរៀងរាល់ថ្ងៃសុក្រ ដើម្បីឲ្យដោះលែងស្វាមីពួកគេជាសកម្មជននយោបាយ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែលនេះ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា កត់សំគាល់ថា នៅឆ្នាំ២០២០កន្លងមកនេះ ស្ត្រីជួរមុខដែលចេញតស៊ូទាមទារសិទ្ធិសេរីភាព ការពារបរិស្ថាន ជាពិសេសស្ត្រីជាភរិយាសកម្មជននយោបាយបានប្រឈមនឹងមុខនឹងបទចោទព្រហ្មទណ្ឌ និងរងការបង្ក្រាបយ៉ាងចាស់ដៃ ដោយប្រើកម្លាំងលើសលុបក្នុងការរុញច្រានស្ត្រី។
នៅក្នុងចំណោមស្ត្រីជាសកម្មជនសង្គមដែលត្រូវបានចាប់ខ្លួននៅឆ្នាំ២០២០ កញ្ញា ឈឿន ដារ៉ាវី បានធ្វើឲ្យមានការអារម្មណ៍ខ្លាំងគេជាង បន្ទាប់ពីនាងបានកោរសក់លះបង់សម្រស់របស់ខ្លួន និងធ្វើកូដកម្មបង្អត់អាហារ ដើម្បីតវ៉ាជំទាស់ទៅនឹងការចាប់ខ្លួនដាក់ពន្ធនាគារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ