កម្ពុជា-សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិក បន្តរក្សាកំណើននាដើមឆ្នាំ២០២១

រូបភាពតំណាង
រូបភាពតំណាង © Internet

ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-អាមេរិក ​កាល​ពី​ខែ​មករា ​មាន​ទំហំ​៦១៥​លាន​ដុល្លារ​ ដែល​បាន​កើន​ឡើង​ជិត​៥%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ និន្នាការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម ​ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា​ជា​ឱកាស​សម្រាប់​ជំរុញ​កំណើន​វិនិយោគ​មក​កាន់​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ ដើម្បី​ផលិត​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​។

ផ្សាយពាណិជ្ជកម្ម

គិតត្រឹមខែមករា កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានជាង ៦១៥.៥លានដុល្លារអាមេរិក ដែលកើនឡើងជិត ៥% ធៀបនឹង ខែមករាឆ្នាំ២០២០ ដែលមានតែជាង ៥៨៥.៨លានដុល្លារប៉ុណ្ណោះ។ សម្រាប់ខែមករាឆ្នាំ២០២០នេះ ការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំជាទឹកប្រាក់ ៥៨០.៦លានដុល្លារ និងការនាំទំនិញពីអាមេរិកមកកម្ពុជាវិញ មានទំហំប្រមាណ៣៣.៩លានដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក ចេញ​ផ្សាយ​កាលពីពេលថ្មីៗ​នេះ​។

 

 

​លោក លឹម ហេង ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៧ ខែមីនាថា ការនាំចេញទៅសហរដ្ឋអាមេរិកនៅដើមឆ្នាំនេះ មានការកើនឡើង ហើយការនាំចូលពីអាមេរិកមកវិញក៏មានការកើនឡើង ដែលខុសពីខែមករា ឆ្នាំ២០២០។ ដើមឆ្នាំ២០២០ ដែលការនាំទំនិញអាមេរិកមកកម្ពុជាមានការថយចុះ។

 

លោក លឹម ហេង បន្តថា ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នោះនឹងធ្វើឲ្យសេដ្ឋកិច្ចសកលលោកនឹងប្រសើរឡើងវិញ ដែលក្នុងនោះមានទាំងកម្ពុជា និងអាមេរិកផង។ លោកបន្ថែមថានេះ គឺជាឱកាសសម្រាប់ជំរុញកំណើនវិនិយោគមកកាន់កម្ពុជាឲ្យកាន់តែច្រើន ដើម្បីផលិតនាំចេញទៅសហរដ្ឋអាមេរិក។

បើទោះបីជាប្រទេសក្នុងពិភពលោក ដែលរួមទាំងកម្ពុជា និងសហរដ្ឋអាមេរិកផង បានរងគ្រោះពីវិបត្តិកូវីដ១៩ក្តី ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២០ មានទំហំជាទឹកប្រាក់ប្រមាណ ៦.៩ពាន់លានដុល្លារ កើនឡើងប្រមាណជិត១៨% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានទំហំជាទឹកប្រាក់ប្រមាណ ៥.៨ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក។

ទំនិញដែលកម្ពុជានាំទៅសហរដ្ឋអាមេរិក ភាគច្រើនគឺជាទំនិញពីវិស័យកាត់ដេរកម្ពុជា។ លោក ​អាត ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បានថ្លែងថា កម្មករក្នុងវិស័យកាត់ដេរមានការងារធ្វើជាធម្មតា បើពិនិត្យមើលក្នុងចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ក៏ប៉ុន្តែនៅខែមីនា ចំនួនការងារបែរជាមានការថយចុះបន្តិច ដោយសារតែរោងចក្រមួយចំនួនត្រូវព្យូរការងារ និងមិនសូវមានវត្ថុធាតុដើម។

លោក អាត ធន់ ក៏បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះកម្ពុជាមិនទទួលបានកម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(Generalized System of Preferences -GSP)ជាថ្មីនៅឡើយទេ។ GSP ដែលបាន​ផុត​រលត់សុពលភាព​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូច​ជា​ប្រទេស និង​ដែនដី​១១៩​ទៀត​កាល​ពីថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ។

សូម​រំលឹក​ជូន​ដែរ​ថា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា​ការ​ប៉ះពាល់​ដោយ​ផ្ទាល់ ពី​ការ​ផុត​សុពលភាព GSP គឺ​កើត​ទៅ​លើ​អ្នក​នាំ​ចូល​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បង់ពន្ធនាំចូលសិន​នៅ​ក្នុង​ពេល​អន្តរកាល ពោលគឺ នៅ​មុន​ពេល​កម្មវិធី​នេះ ត្រូវ​​សភាអាមេរិកផ្តល់សុពលភាព​ជា​ថ្មី​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI