កម្ពុជាចំណាយ១៥លានដុល្លារទិញវ៉ាក់សាំងចិន Sinovac១,៥លានដូស និងគ្រោងទិញបន្ថែម៤លានដូសទៀត
ចុះផ្សាយនៅថ្ងៃ៖
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន Sinovacចំនួន១លាន៥សែនដូសបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនានេះ។ វ៉ាក់សាំងថ្មី១លាន៥សែនដូសនេះ គឺរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ទិញចំនួន១៥លានដុល្លារអាមេរិក ដោយ១ដូសថ្លៃ១០ដុល្លារអាមេរិក។ រដ្ឋាភិបាលកម្ពុជាបានកំណត់ចាក់វ៉ាក់សាំងនេះដល់មន្រ្តីរាជការ និងពលរដ្ឋវ័យចាស់ជរាដែលផ្តោតសំខាន់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជាក៏គ្រោងទិញវ៉ាក់សាំង Sinovacនេះចំនួន៤លានដូសបន្ថែមទៀតផងដែរនៅខែក្រោយៗនេះ។
វ៉ាក់សាំងSinovacចំនួន១លាន៥សែនដូសនេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកដំបូងដែលកម្ពុជាបានបញ្ជាទិញដោយផ្ទាល់ពីប្រទេសចិន ហើយវាក៏ជាវ៉ាក់សាំងទី៣ដែរដែលកម្ពុជានឹងចាក់ជូនប្រជាពលរដ្ឋ បន្ទាប់ពីវ៉ាក់សាំងSinoph-armរបស់ចិន និង Astra Zeneca របស់អង់គ្លេសផលិតនៅឥណ្ឌា។ លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងនៅក្នុងពិធីទទួលវ៉ាក់សាំង Sinovacនាព្រឹកថ្ងៃសុក្រនេះថា ការមកដល់នៃវ៉ាក់សាំងនេះ គឺជាជោគជ័យនៃការខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩មកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
ចំណែក លោកវ៉ាង វិនធាន ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាវិញ បានចាត់ទុកការមកដល់នៃវ៉ាក់សាំងនេះថា ជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយជោគជ័យរវាងកម្ពុជា និងចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកឯកអគ្គរដ្ឋទូតចិនក៏បានអះអាងថា វ៉ាក់សាំងរបស់ចិនទាំងSinopharm និង Sinovacនេះ នឹងក្លាយជាជញ្ជាំងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាប្រឆាំងនឹងជំងឺកូវីដ១៩។ បើតាមលោកវ៉ាង វិនធាន ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនបានលក់វ៉ាក់សាំងដល់កម្ពុជាក្នុងតម្លៃយ៉ាងពិសេសបំផុតដោយផ្អែកលើទំនាក់ទំនងរវាងកម្ពុជា និងចិន។
ក្រៅតែពីវ៉ាក់សាំង Sinovacចំនួន១លាន៥សែនដូសនៅថ្ងៃនេះ វ៉ាក់សាំងSinopharm ចំនួន៧០ម៉ឺនដូសដែលជាជំនួយបន្ថែមរបស់ចិននឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ បើសិនគ្មានអ្វីប្រែប្រួលនោះទេ។ នេះបើតាមការគូសបញ្ជាកក់ឱ្យដឹងរបស់លោកវង្សី វិស្សុត។ ក្នុងចំណោម៧០ម៉ឺនដូសនេះ ចិនបានផ្តល់ឱ្យវិស័យយោធាកម្ពុជាចំនួន៣០ម៉ឺនដូស។ រីឯ វ៉ាក់សាំងAstra Zeneca ឬ Covishield មួយចំនួនទៀតដែលជាជំនួយតាមរយៈយន្តការCOVAX ក៏នឹងមកដល់កម្ពុជានៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងចរចាបញ្ជាទិញវ៉ាក់សាំងJohnson & Johnson របស់អាមេរិកថែមទៀតផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៥ មីនា ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជាបានចាក់វ៉ាក់សាំង Sinopharm និងAstra Zeneca ដល់ប្រជាពលរដ្ឋជាង២៤ម៉ឺននាក់ហើយនៅទូទាំងប្រទេសកម្ពុជា។ នៅពេលនេះ ក្រសួងសុខាភិបាលកម្ពុជាក៏កំពុងចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សវ័យចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅចំនួនជាង៥ម៉ឺននាក់នៅក្នុងរាជធានីភ្នំពេញផងដែរ។ ការចាក់វ៉ាក់សាំងនេះ គឺទៅតាមខណ្ឌនីមួយៗ ហើយមានរយៈ២សប្តាហ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ