កម្ពុជា-កូវីដ១៩

កម្ពុជាគ្រោងរៀបចំដាក់អ្នកជំងឺកូវីដ១៩ឱ្យព្យាបាលនៅតាមផ្ទះ ព្រោះកង្វះមន្ទីរពេទ្យដោយសារអ្នកជំងឺកើនច្រើនពេក

ការធ្វើសំណាករកជំងឺកូវីដ១៩
ការធ្វើសំណាករកជំងឺកូវីដ១៩ © Internet

នៅថ្ងៃអង្គារនេះ ​កម្ពុជា​បានប្រកាស​រកឃើញ​អ្នកឆ្លងកូវីដ១៩​ថ្មី៧២​នាក់​បន្ថែមទៀត​ដោយនៅភ្នំពេញ​មាន៣២នាក់​ ខេត្តព្រះសីហនុ​២២នាក់​ កណ្តាល៩នាក់​ ពោធិ៍សាត់៣នាក់​ ស្វាយរៀង៣នាក់ ​ព្រៃវែង​ម្នាក់​ និងខេត្តកំពតម្នាក់​។ ​ចំណែក​ម្នាក់ទៀត​ ជាករណី​នាំចូល​។ ​គិតមកដល់​ពេលនេះ ​កម្ពុជា​មានអ្នកឆ្លង​កូវីដ១៩​សរុប​ចំនួន២.៨២៤នាក់​ អ្នកជាសះស្បើយ​១.៧៩៤នាក់​ អ្នកកំពុង​ព្យាបាល​១.០០៣​នាក់ ​និងអ្នកស្លាប់​មាន២២នាក់​។​ ប្រឈមនឹងការ​ឆ្លងកើនឡើង​ជាបន្ត​បន្ទាប់នេះ ​លោកនាយក​រដ្ឋមន្រ្តីហ៊ុន សែន​ បានណែនាំ​ក្រសួង​សុខាភិបាល​រៀបចំ​ក្រុមប្រតិបត្តិ​ព្យាបាល​អ្នកជំងឺ​កូវីដ១៩​នៅតាមផ្ទះ​របស់ពួកគេ​នីមួយៗ​។

ផ្សាយពាណិជ្ជកម្ម

គឺតាមរយៈសារជាសំឡេងក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមនៅព្រឹកថ្ងៃអង្គារនេះ លោកនាយរកដ្ឋមន្រ្តីហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាពិចារណារៀបចំក្រុមប្រតិបត្តិសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះរបស់ពួកគេតែម្តង។ ប៉ុន្តែ ការព្យាបាលតាមផ្ទះនេះ គឺសម្រាប់អ្នកជំងឺកូវីដ១៩មានស្ថានភាពស្រាលប៉ុណ្ណោះ ខណៈអ្នកជំងឺធ្ងន់ធ្ងរ គឺតម្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ការត្រៀមរៀបចំដាក់អ្នកជំងឺកូវីដ១៩ឱ្យព្យាបាលនៅផ្ទះនេះ គឺស្របពេលដែលអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងសហគមន៍ ជាពិសេស នៅក្នុងរាជធានីភ្នំពេញមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងព្យាបាលនៅតាមផ្ទះ គឺត្រៀមសម្រាប់នៅពេលដែលកម្ពុជាមានអ្នកជំងឺកូវីដ១៩ច្រើនលើសចំណុះដែលមន្ទីរពេទ្យមិនអាចទទួលឱ្យសម្រាកព្យាបាលបាន។ ប៉ុន្តែ ការព្យាបាលតាមផ្ទះនេះ គឺត្រូវធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវដែរ  ពោល គឺបើអ្នកជំងឺកូវីដ១៩ដែលមានផ្ទះធំសមរម្យ អាចដាក់ឱ្យពួកគេព្យាបាលនៅផ្ទះ។ ផ្ទុយទៅវិញ បើសិនអ្នកជំងឺមានផ្ទះតូចចង្អៀត គឺត្រូវបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ។ បើតាមលោកប្រមុខរដ្ឋាភិបាលកម្ពុជា អ្នកជំងឺកូវីដ១៩ប្រមាណ៥០% គឺអាចចង់ព្យាបាលនៅផ្ទះជាងនៅមន្ទីរពេទ្យ។

យ៉ាងណាមិញ លោកហ៊ុន សែន បានអះអាងថា ការព្យាបាលនៅតាមផ្ទះតាមបែបផែនថ្មីនេះ គឺអាជ្ញាធរពាក់ព័ន្ធនឹងជួយសម្រួលដល់អ្នកជំងឺទាំងផ្នែកព្យាបាល និងការរស់នៅ។ ការព្យាបាល គឺក្រសួងសុខាភិបាលនឹងប្រើប្រាស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅតាមមូលដ្ឋានតែម្តង ខណៈការរស់នៅវិញ គឺពួកគេនឹងទទួលបានការឧបត្ថម្ភ១ថ្ងៃ២ម៉ឺនរៀល និងការឧបតត្ថម្ភផ្សេងទៀតដូចករណីធ្វើចត្តាឡីស័កដែរ។

សូមកត់សម្គាល់ថា វិធីសាស្រ្តថ្មីរបស់លោកនាយរកដ្ឋមន្រ្តីកម្ពុជានេះ គឺជាការយកលំនាំតាមប្រទេសជឿនលឿនមួយចំនួនលើលោកដូចជាអាមេរិក បារាំង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុបដែលតម្រូវឱ្យអ្នកជំងឺកូវីដ១៩មានស្ថានភាពស្រាលព្យាបាលនៅតាមផ្ទះ ព្រោះកង្វះមន្ទីរពេទ្យ។ បញ្ហានេះ កម្ពុជាក៏ដូច្នោះដែរ។ បច្ចុប្បន្ន កម្ពុជាមានមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ធ្ងន់ និងស្រាលចំនួន៥សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ គឺមន្ទីរពេទ្យរុស្ស៊ី ពេទ្យរបេង មណ្ឌលសុខភាពចាក់អង្រែ សណ្ឋាគារក្រេតឌុក និងមន្ទីរពេទ្យហ្លួងម៉ែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI