កូវីដ១៩៖រដ្ឋាភិបាលកម្ពុជាប្រកាសបិទការធ្វើដំណើរ និងបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរហូតចប់បុណ្យចូលឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
បម្រាមបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេសបានចាប់អនុវត្តហើយតាំងពីម៉ោង១២យប់ថ្ងៃអង្គារ គឺក្រោយពីការចេញសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ការបិទការធ្វើដំណើរ និងរមនីយដ្ឋានទេសចរណ៍នេះ គឺរហូតដល់ថ្ងៃទី២០ ខែមេសា ពោល គឺក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិ។ ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានេះ គឺក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយជាថ្មីម្តងទៀតរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០៧ ខែមេសានេះ រហូតដល់ថ្ងៃ២០ ខែមេសាខាងមុខ។ ប៉ុន្តែ រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាតំបន់តែមួយដែលអាចធ្វើដំណើរចេញចូលដូចធម្មតា។ បើទោះបីបិទការធ្វើដំណើរនៅទូទាំងប្រទេសក្តី ប៉ុន្តែក៏មានការលើកលែងលើករណីមួយចំនួនដែរ ដូចជា ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត។
បន្ថែមនេះ ក៏លើកលែងចំពោះការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទៅបំពេញភារកិច្ចរបស់ខ្លួន ការដឹកជញ្ជូនពលករដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេសចូលមកកម្ពុជាទៅកាន់ស្រុកកំណើតដើម្បីធ្វើចត្តាឡីស័ក ការធ្វើដំណើររបស់រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គិភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។ ជាមួយគ្នានេះ ក៏អាចធ្វើដំណើរបានផងដែរចំពោះការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ ឬមន្ទីរការងារ ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រៅពីបិទការធ្វើដំណើរនេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទរមនីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសកម្ពុជារយៈពេល១៤ថ្ងៃផងដែរ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ការបិទរមនីយដ្ឋានទេសចរណ៍នេះ គឺលើកទី១ហើយសម្រាប់កម្ពុជាដែលកាលពីឆ្នាំទៅ ពោល គឺនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលក៏បានប្រកាសបិទការធ្វើដំណើរដែរ តែមិនមានការបិទរមនីយដ្ឋានទេសចរណ៍បែបហ្នឹងឡើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ