កម្ពុជា-វ៉ាក់សាំងកូវីដ១៩

មន្ត្រីរាជការប្រឈមនឹងបាត់បង់ការងារ ប្រសិនបើមិនព្រមចាក់វ៉ាក់សាំងការពារកូវីដ-១៩

មន្រ្តីរាជការ (រូបតំណាង)
មន្រ្តីរាជការ (រូបតំណាង) © Internet

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅក្នុង​សារតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​នៅថ្ងៃពុធនេះ​ បានព្រមាន​ដល់មន្ត្រី ​រាជការ​ ស៊ីវិល ​និងកងកម្លាំង​ប្រដាប់អាវុធ​ថាពួកគេ​នឹងបាត់បង់​ការងារ​ពីក្របខណ្ឌរដ្ឋ​ ប្រសិនបើ​មិនបាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ទេ។​ ការថ្លែង​របស់ប្រមុខរដ្ឋាភិបាល​ដូច្នេះ ​គឺដោយសារតែ​មានមន្ត្រីរាជការ​មួយចំនួន​រារែក​ក្នុងការ​ទទួល​យកវ៉ាក់សាំង​ ខណៈ​ដែលប្រទេស​កម្ពុជា​ទើបតែ​ចាក់វ៉ាក់សាំង​បានមិនដល់​១០%ផង​ ក្នុងចំណោម​ពលរដ្ឋ​ ដែលត្រូវ​ចាក់វ៉ាក់សាំង​សរុប​ជាង១០លាន​នាក់​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងសារជាសម្លេង ជិត២០នាទី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលគេចវេសមិនព្រមទទួលវ៉ាក់សាំង គឺជាអ្នកអាចនឹងបាត់បង់ការងារធ្វើ ក្នុងជួរកងកម្លាំង និងមន្ត្រីរាជការស៊ីវិល។ លោកថានៅពេលខាងមុខ ការចាក់វ៉ាក់សាំង នឹងក្លាយទៅជាកាតព្វកិច្ច ខណៈដែលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្ត។

ជាមួយគ្នានេះ លោក ហ៊ុន សែន បានបែងចែកមន្ត្រីជា២ប្រភេទ គឺប្រភេទអ្នកចង់ចាក់វ៉ាក់សាំងបានឆាប់ និងមួយប្រភេទទៀតជាមន្ត្រី គេចវេសចាក់វ៉ាក់សាំង។ នៅពេលណាមួយ នៅតាមគ្រប់ស្ថាប័ន ដែលមានការចាក់វ៉ាក់សាំងចាប់ពី៧០%ឡើងទៅ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំងប្រហែលជាមិនអាចចូលធ្វើការបានទេ និងប្រាប់ឲ្យដេកផ្ទះចុះ។ លោកនាយករដ្ឋមន្ត្រីបន្តថា ប្រធានស្ថាប័នមិនចាំបាច់អញ្ជើញមន្ត្រីមិនចាក់វ៉ាក់សាំងចូលរួមប្រជុំទេ បើវ៉ាក់សាំងការពារធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាប៉ូលីស ទាហាន ឬមន្ត្រីរាជការតទៅទៀតធ្វើអ្វី។

បន្ថែមពីនេះ លោក ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្ត្រីតាមក្រសួង និងអភិបាលខេត្ត ឲ្យតាមដាន និងត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់ខ្លួន ថាតើមានមន្ត្រីប៉ុន្មាននាក់បានចាក់វ៉ាក់សាំងហើយ និងប៉ុន្មាននាក់មិនបានចាក់ ដោយព្រមានជាមុនថា សុខចិត្តឲ្យមន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ចាកចេញពីការងារ ហើយសុខចិត្តជ្រើសរើសមន្ត្រីថ្មីចូលធ្វើការជំនួសវិញ ដោយសារនេះ ជាបញ្ហាសុខភាពសាធារណៈ។

ទោះយ៉ាងណា លោក ហ៊ុន សែន ក៏មិនភ្លេចរំលេចនូវករណីលើកលែងដែរចំពោះបុគ្គល ដែលគ្រូពេទ្យបញ្ជាក់ថាមិនអាចចាក់វ៉ាក់សាំងបាន ដោយមានលិខិតបញ្ជាក់ច្បាស់លាស់។ ជាមួយគ្នានេះ អ្វីដែលប្រមុខរដ្ឋាភិបាលកម្ពុជា នឹងគិតបន្ត នៅពេលខាងមុខ គឺក្រៅពីកាតចាក់វ៉ាក់សាំង ក្រសួងសមីអាចចេញផ្លាកសញ្ញាបញ្ជាក់ពីការចាក់វ៉ាក់សាំង ដោយលោកការពារថាមិនមែនជាការរើសអើងទេ តែជាការរួមគ្នាទប់ស្កាត់កូវីដ-១៩។ រីឯការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាថ្មី ក៏មានលក្ខខណ្ឌតម្រូវចាំបាច់ ត្រូវតែចាក់វ៉ាក់សាំងរួច មុននឹងអនុញ្ញាតឲ្យចូលបំរើការ ឬប្រលងចូលក្របខណ្ឌ។

សូមបញ្ជាក់ថាប្រទេសកម្ពុជា មានគម្រោងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ១៩ ចំនួនពី១០លាន ទៅ១៣លាននាក់។ គិតមកត្រឹមថ្ងៃទី៦ខែមេសា មានពលរដ្ឋខ្មែរប្រហែល៧០ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងនោះ ខាងកងទ័ពបានប្រមាណ ១៨ម៉ឺននាក់។

បើគិតតាមគម្រោងចាក់វ៉ាក់សាំងសរុប នៅមានពលរដ្ឋខ្មែរជាង៩០%ទៀត ត្រូវបន្តទទួលវាក់សាំង ក៏ប៉ុន្តែ គេមិនទាន់ដឹងជាក់លាក់នៅឡើយទេថា មានមន្ត្រីប៉ុន្មាននាក់ ដែលរារែកក្នុងការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ទើបធ្វើឲ្យប្រមុខរដ្ឋាភិបាលចេញមុខព្រមានបណ្តេញចេញពីការងារ នៅពេលដែលការចាក់វ៉ាក់សាំងក្លាយជាវ៉ាក់សាំងកាតព្វកិច្ចទៅថ្ងៃក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI