កម្ពុជា-កូវីដ១៩

ការឆ្លងជំងឺកូវីដសហគមន៍ នៅក្នុងរោងចក្រកាត់ដេរ និងទីផ្សារ គឺជាការឆ្លងដ៏ស្មុគ្រស្មាញ និងហានិភ័យខ្ពស់

កម្មកររោងចក្រ (រូបតំណាង)
កម្មកររោងចក្រ (រូបតំណាង) © Internet

ទីបំផុត​ ការឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩​ បានជ្រៀតចូល​ទៅដល់​សហគមន៍​កម្មករ​កាត់ដេរ​ហើយ​ តាមរយៈ​ការឆ្លង​បន្តគ្នា​នៅរោងចក្រ​កាត់ដេរ​ «ឌីនហាន់» ​ស្ថិតនៅក្នុងសង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ការផ្ទុះ​ការឆ្លង​ជំងឺកូវីដ​ នៅក្នុង​ទីតាំង​ឧស្សាហកម្មនេះ ​គឺជា​ហានិភ័យ​ដ៏ធំមួយ ​ដំណាលគ្នា​នឹងការផ្ទុះ​ការឆ្លងរាលដាល​នៅឯទីតាំង​ពាណិជ្ជកម្ម​ផ្សារអូឬស្សី​ដូចគ្នាដែរ​។

ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ២កន្លែងប៉ុណ្ណោះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញអ្នកវិជ្ជមានដល់ទៅជាង១០០នាក់ទៅហើយ។ ការផ្ទុះឆ្លងរាលដាល នៅក្នុងចំណោមកម្មកររោងចក្រកាត់ដេរ ដែលមានឈ្មោះថា «ឌីនហាន់» នៅរាជធានីភ្នំពេញ គឺជាក្តីបារម្ភដ៏ធំមួយ ដោយហេតុថា កម្មករកាត់ដេរ តែងធ្វើការ និងបរិភោគ នៅក្រោមដំបូលរួមតែមួយ។

អ្វីដែលជាការព្រួយបារម្ភដ៏ធំ ហើយដែលភាគីពាក់ព័ន្ធនានា បើកការជជែកគ្នា មិនដែលមានលទ្ធផលនោះគឺកម្មករកាត់ដេរ តែងធ្វើដំណើរពីផ្ទះទៅរោងចក្រ ពីរោងចក្រទៅផ្ទះ តាមរយៈរថយន្តដឹកទំនិញ ដែលមានការឈរប្រជ្រៀតគ្នា ក្នុងមួយរថយន្តពី៤០ទៅ៥០នាក់។

បញ្ហានេះ ដំបូងឡើយគឺមានការជជែកដោះស្រាយគ្នា ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរប៉ុណ្ណោះ ដោយភាគីពាក់ព័ន្ធស្វះស្វែងផ្តល់គំនិត ប្តូរការដឹកជញ្ជូនពីការជិះដោយឈរប្រជ្រៀតគ្នាទៅជាការជិះដោយមានសុវត្ថិភាព តាមរយៈរថយន្តឃ្លុប ឬរថយន្តក្រុង។ ក៏ប៉ុន្តែជាច្រើនឆ្នាំមកហើយ បញ្ហានេះដោះស្រាយមិនរួច។ ស្ថានភាពបែបនេះ បានបន្ថែមបន្ទុកការប្រឈមថ្មីមួយទៀតទៅលើកម្មករក្នុងការឆ្លងជំងឺកូវីដ-១៩ ដោយសារពួកគេមិនមានគម្លាតសុវត្ថិភាព នៅពេលធ្វើដំណើររួម។

ក្រសួងការងារកម្ពុជា ជារឿយៗ តែងលើកឡើងថា កម្មករកាត់ដេរ នឹងមិនប្រឈមហានិភ័យនៃការឆ្លងជំងឺកូវីដទេ បើទោះណាជាពួកគេស្ថិតនៅក្នុងស្ថានភាពមួយ ដែលមិនត្រូវតាមវិធានសុខាភិបាលក៏ដោយ ដោយសារកម្មករ បានធ្វើដំណើរទៅមករវាងកន្លែងធ្វើការ និងលំនៅឋាន មិនមានអ្នកផ្សេង ហើយការងារនៅក្នុងរោងចក្រទៀតសោធ ក៏មានគម្លាតដែរ។

ទោះយ៉ាងណា អ្នកសហជីពនានា នៅតែបង្ហាញកង្វល់ដដែល ដោយសារការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅរោងចក្រ ឌីនហាន់ នេះ ជាមេរៀនស្រាប់ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់កំរិតខ្ពស់ បើចាត់ទុកថាឧស្សាហកម្មកាត់ដេរសំខាន់ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ តាមអ្នកសហជីព រោងចក្រកាត់ដេរ Sub-contract មួយចំនួន មិនទាន់គោរពតាមវិធានធានសុខាភិបាលបានខ្ជាប់ខ្ជួននៅឡើយ។

ក្រសួងការងារ នៅមិនទាន់មានការណែនាំជាថ្មីណាមួយទេ ក្រោយហេតុការណ៍ឆ្លងរាលដាលនៅរោងចក្រកាត់ដេរ ឌីនហាន់ នៅពេលនេះ ខណៈដែលការឆ្លងរាលដាលនៅផ្សារអូឬស្សី កំពុងស្ថិតនៅក្នុងចំណុចក្រហមដូចគ្នា នៅក្នុងចំណោមអ្នកដែលឆ្លងជំងឺកូវីដ-១៩ សហគមន៍ សរុប គិតត្រឹមព្រឹកថ្ងៃទី០៨ មេសានេះ ចំនួន១១៣នាក់ ក្នុងនោះ១០៣នាក់ ជាកម្មករកាត់ដេរ និងអាជីវករផ្សារអូឬស្សីស្ទើរតែទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI