កម្ពុជា-សេដ្ឋកិច្ច

លោកហ៊ុន សែន វាយតម្លៃថា កូវីដ១៩ធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះខ្លាំង តែវិស័យពាណិជ្ជកម្មរក្សាស្ថានភាពបានល្អ

ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្តនាពេលកន្លងទៅ
ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្តនាពេលកន្លងទៅ © Internet

លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បានបង្ហាញ​ឱ្យដឹងថា ​វិស័យ​ទេសចរណ៍​នៅកម្ពុជា​បានធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្នុងឆ្នាំ​២០២០​ ដោយសារ​ការលុកលុយ​នៃជំងឺ​កូវីដ១៩​។​ ប៉ុន្តែវិស័យ​ពាណិជ្ជកម្ម​វិញ ​បានរក្សា​ស្ថានភាព​បានល្អ​ដោយទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ និងការនាំចេញ​របស់​កម្ពុជា​មានការ​កើនឡើង​។ ​លោកនាយក​រដ្ឋមន្រ្តី​បង្ហាញ​ឱ្យដឹងដូច្នេះ​នៅក្នុងសារ​លិខិត​ជូនប្រជាពលរដ្ឋខ្មែរ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កាលពីថ្ងៃទី​០៥ ខែមេសា ​តែទើបត្រូវ​បានផ្សព្វផ្សាយ​ឱ្យដឹងជាសាធារណៈ​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​។

ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងសារលិខិតកម្រាស់៧ទំព័រ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានកត់សម្គាល់ដូច្នេះថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ កម្ពុជាបាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩មកលើបញ្ហាសុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអាចបន្ទច់បង្អាក់ដល់ការអភិវឌ្ឍន៍ឈាងឡើងរបស់កម្ពុជា។ ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាន(-៣%)។

ប៉ុន្តែ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាវិញមានប្រមាណជាង៣៦ ៤០៦លានដុល្លារអាមេរិក ខណៈការនាំចេញមានទំហំជាង១៧ ៤៣៦លានដុ​ល្លារអាមេរិក។ បើតាមលោកនាយកដ្ឋមន្រ្តីកម្ពុជា អត្រាប្តូរប្រាក់នៅកម្ពុជាមានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ស្របពេលដែលទុនបម្រុងអន្តរជាតិបន្តកើនឡើង២១,៣ពាន់លានដុល្លារអាមេរិក។ ចំណែក ផលិតផលក្នុងស្រុកសរុប(ផ.ស.ស) គឺជាមធ្យមសម្រាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ពី១ ៦៧៩ដុល្លារក្នុងឆ្នាំ២០១៩ ដល់ប្រមាណ១​ ៦៨៣ដុល្លារអាមេរិកក្នុងឆ្នាំ២០២០។

ចំពោះផលិតផលស្រូវសរុបវិញ គឺកម្ពុជាសម្រេចបានប្រ​មាណ១០,៩៣លានតោន គឺប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៩ដែរ ហើយអតិរេកស្រូវមានជាង៥,៩២លានតោន គិតជាអង្ករស្មើនឹង៣,៧៩លានតោនសម្រាប់បម្រើឱ្យការនាំចេញ។ រីឯ ការនាំចេញអង្ករបានជាង៦៧ម៉ឺនតោន ទៅកាន់ប្រទេសចំនួន៦០។ និយាយពីវិស័យឧស្សាហកម្ម និងសិប្បកម្មវិញ គឺមកពេលបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រសរុប១ ៨៦៤រោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរ និងដេរស្បែ​ក​ជើង និងមានឧស្សាកម្មធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ០៨២មូលដ្ឋានដែលស្របយកកម្លាំងពលកម្មសរុបជាង១,៥លាននាក់។

ដោយឡែក ចំពោះវិស័យទេសចរណ៍វិញ គឺនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១,៣១លាននាក់ បានថយចុះ៨០,២០% និងភ្ញៀវទេសចរជាតិមានប្រមាណ៧,២៣លាននាក់បានថយចុះ៣៦,១០% បើធៀបនឹងឆ្នាំ២០១៩។ ចំណូលពីវិស័យទេសចរណ៍ គឺទទួលបានប្រមាណ១,០២៣លានដុល្លារអាមេរិក គឺបានធ្លាក់ចុះ៧៩,២០%។ ចំពោះការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍កម្ពុជាកាលពីថ្ងៃទី០១ ខែមេសា ក៏បានប្រកាសដាក់ចេញផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ និងផែនការមេអភិវឌ្ឍន័ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។ តាមរយៈផែនទីចង្អុលផ្លូវនេះ ក្រសួងទេសចរណ៍វាយតម្លៃថា នឹងអាចទាញបានមកវិញនូវភ្ញៀវទេសចរអន្តរជាតិ និងជំរុញសកម្មភាពទេសចរណ៍នៅក្នុងស្រុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI