កម្ពុជា-កូវីដ១៩

ក្រសួងសុខាភិបាលណែនាំឱ្យប្រារព្ធបុណ្យចូលឆ្នាំតាម«គន្លងថ្មី» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩កាន់តែធំ

ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំកន្លងទៅ
ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំកន្លងទៅ AP - Heng Sinith

ការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩​នៅក្នុងប្រទេស​កម្ពុជា ​ជាពិសេស ​នៅក្នុងរាជធានី​ភ្នំពេញ​នៅតែបន្ត​កើនឡើង​ជាបន្តបន្ទាប់​គួរឱ្យកត់​សម្គាល់ ​និងគួរឱ្យ​ព្រួយបារម្ភ​។ ​ប្រឈមមុខ​នឹងបញ្ហានេះ ​ក្រសួង​សុខាភិបាល​កម្ពុជា​បានចេញមក​អំពាវនាវ​ជាថ្មី​ដល់ប្រជាពលរដ្ឋ​ឱ្យបន្តអនុវត្ត​វិធានការពារ​ឱ្យត្រឹមត្រូវ​ ដើម្បី​កាត់ផ្តាច់ខ្សែ​ចម្លង​ជំងឺកូវីដ១៩​។​ ជាមួយគ្នានេះ ​ក្រសួងសុខាភិបាល​កម្ពុជា​ថែមទាំង​បានណែនាំ​ឱ្យប្រជាពលរដ្ឋ​ប្រារព្ធពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​តាមគន្លងថ្មី​ គឺ«ចូលឆ្នាំនៅផ្ទះ»​។​

ផ្សាយពាណិជ្ជកម្ម

លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាកាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសានេះបានចេញមកអះអាងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩រកឃើញកើនឡើងច្រើន គឺបង្កើតនូវការព្រួយបារម្ភដល់ផលប៉ះពាល់សុខភាពសាធារណ:ក្នុងរយ:ពេលយូរដែលកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ដូច្នេះហើយ លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារការឆ្លងកូវីដ១៩នៅក្នុងឱកាសចូលឆ្នាំប្រ​ពៃណីជាតិកម្ពុជាដោយអនុវត្តតាមគន្លងថ្មីហៅថា​«ចូលឆ្នាំនៅផ្ទះ»ឬភាសាអង់គ្លេសថា «New Year at Home»។

ជាមួយនឹងការប្រារព្ធបុណ្យចូលឆ្នាំថ្មីតាមគន្លងថ្មីនេះ លោកស្រីឱ វណ្ឌឌីន ក៏បានដាស់តឿនដែរថា មិនត្រូវភ្លេចការពារខ្លួននោះទេ ពោល គឺអនុវត្តវិធានការ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលឱ្យបុគ្គលអាចវាយបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លងជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វើឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ។ លោកស្រីរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ពលរដ្ឋគួរសុខចិត្តលំបាកក្នុងរយ:ពេលខ្លីដោយនាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា ដើម្បីចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។

សូមជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅឆ្នាំ២០២១នេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ ខែមេសាខាងមុខនេះ។ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ ប៉ុន្តែ បានអំពាវនាវឱ្យប្រជាពលរដ្ឋជួបជុំតែក្នុងរង្វង់ក្រុមគ្រួសារប៉ុណ្ណោះ ដោយហាមមិនឱ្យមានការជួបជុំផឹកស៊ី រាំច្រៀងសប្បាយដូចរាល់ដងឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយជាថ្មីម្តងទៀតរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃ២០ ខែមេសាខាងមុខ។ ប៉ុន្តែ រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាតំបន់តែមួយដែលអាចធ្វើដំណើរចេញចូលដូចធម្មតា។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទរមនីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសកម្ពុជារយៈពេល១៤ថ្ងៃផងដែរ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI