កម្ពុជា-កូវីដ១៩

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង៥០០នាក់

ការធ្វើតេស្តសំណាករកវីរុសកូវីដ១៩
ការធ្វើតេស្តសំណាករកវីរុសកូវីដ១៩ © CDC

នៅថ្ងៃសុក្រនេះ​ កម្ពុជា​នៅតែបន្ត​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩​ថ្មីជាបន្តបន្ទាប់​ពីព្រឹត្តិការណ៍​សហគមន៍​២០កុ​ម្ភៈ​។ ​តាមរយៈ​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ​កម្ពុជា​រកឃើញ​អ្នកឆ្លង​ថ្មីរហូតដល់​៥៧៦នាក់​ ខណៈ​អ្នកព្យាបាល​ជាមាន​ចំនួន​៧០នាក់​។​ ក្នុងចំណោម​អ្នកវិជ្ជមាន​កូវីដ១៩​ចំនួន​៥៧៦នាក់​ មាន៥៤៤នាក់​ជាអ្នករស់នៅ​រាជធានី​ភ្នំពេញ​។

ផ្សាយពាណិជ្ជកម្ម

ជាចំនួនមួយដែលមិនធ្លាប់មានសម្រាប់កម្ពុជា នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៧៦នាក់ ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ក្នុងនោះអ្នកឆ្លងនៅរាជធានីភ្នំពេញ មានចំនួន៥៤៤នាក់ ស្វាយរៀង១៦នាក់ ព្រះសីហនុ១២នាក់ សៀមរាប២នាក់ កណ្តាល១នាក់ និងកំពង់ចាម១នាក់។

ជាការកត់សម្គាល់ ការឆ្លងរហូតដល់ចំនួន៥៧៦នាក់ ជាចំនួនមួយគុណនឹង៥ដង នៃអ្នកឆ្លងជំងឺកូវីដ១៩ដែលធ្លាប់មាននៅកម្ពុជា។ ការឆ្លងរាលដាលលក្ខណៈសហគមន៍ទ្រង់ទ្រាយធំនេះ ត្រូវបានគេមើលឃើញថាកើតចេញពីការរកឃើញមានវិជ្ជមានកូវីដ១៩លើកម្មករធ្វើការនៅរោងចក្រ «ឌីនហាន» និងការរកឃើញលើអាជីវករលក់ដូរនៅផ្សារអូរឫស្សី។ ការកើនឡើងនៃអ្នកវិជ្ជមានកូវីដ១៩ថ្មីជាគំហុកនេះ បានបណ្តាលឲ្យមានកកស្ទះនៅទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

តាមសេចក្តីប្រកាសព័ត៌មាន អ្នកជំងឺកូវីដ១៩ចំនួន៥១៣នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល ហើយអ្នកជំងឺចំនួន១៧នាក់ ត្រូវបានដាក់ឲ្យព្យាបាលនៅផ្ទះផ្ទាល់ខ្លួន។ ការព្យាបាលនៅតាមផ្ទះនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានណែនាំឲ្យក្រសួងសុខាភិបាលពិចារណាពីលទ្ធភាពដាក់អ្នកជំងឺព្យាបាលនៅតាមផ្ទះ ដោយមានការព្យាបាលពីក្រុមគ្រូពេទ្យស័្មគ្រចិត្តនៅតាមមូលដ្ឋាន។

នៅចំពោះមុខបញ្ហាខ្វះកន្លែងដាក់ព្យាបាលអ្នកជំងឺ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ បានសម្រេចយកវិទ្យាល័យ ជាស៊ីម សាមគ្គី ជាទីតាំងមួយទៀតសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ១៩។ នេះក៏ដោយសារទីក្រុងភ្នំពេញត្រូវបានរកឃើញអ្នកឆ្លងថ្មីរហូតដល់៥៤៤នាក់ ហើយក្នុងនោះអ្នកឆ្លងចំនួន៤៩៧នាក់កំពុងរង់ចាំកន្លែងសម្រាកព្យាបាល។

ទន្ទឹមគ្នានឹងការរកឃើញអ្នកវិជ្ជមានថ្មីយ៉ាងគំហុក ក្រសួងសុខាភិបាលក៏បានប្រកាសពីអ្នកជាសះស្បើយពីជំងឺកូវីដ១៩​ ចំនួន៧០នាក់ដែរនៅថ្ងៃនេះ ហើយកាលពីថ្ងៃសៅរ៍កន្លងទៅ កម្ពុជាក៏មានអ្នកជាសះស្បើយរហូតដល់៣២៩នាក់ពីជំងឺកូវីដ១៩។

ជាតួលេខសរុបមក កម្ពុជាមានឆ្លងជំងឺកូវីដ១៩ចំនួន ៣៦០៤នាក់ ព្យាបាលជាសះស្បើយ១៩៨៤នាក់ និងមានអ្នកស្លាប់ចំនួន២៤នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI