កម្ពុជា-វ៉ាក់សាំងកូវីដ១៩

ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ក្លាយជាកាតព្វកិច្ចសម្រាប់មន្រ្តីរាជការនិងបុគ្គលមួយចំនួន

ក្រុមគ្រូពេទ្យកំពុងសួរនាំពីស្ថានភាពទូទៅនៃអ្នកមកចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណាវ៉ាក់ មុននឹងផ្តល់ការចាក់វ៉ាក់សាំងជូន
ក្រុមគ្រូពេទ្យកំពុងសួរនាំពីស្ថានភាពទូទៅនៃអ្នកមកចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណាវ៉ាក់ មុននឹងផ្តល់ការចាក់វ៉ាក់សាំងជូន AP - Heng Sinith

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ក្លាយ​ទៅ​ជា​កាតព្វកិច្ច​សម្រាប់​មន្រ្តីរាជការ​និង​បុគ្គល​មួយ​ចំនួន​ទៀត​ ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។ យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នៅ​កម្ពុជា​នេះ​ បាន​ក្លាយ​ជា​កាតព្វកិច្ច​ ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត​មួយ​ស្តីពី​កាតព្វកិច្ច​នៃ​ការ​ទទួល​វ៉ាក់សាំង​ នៅ​ថ្ងៃ​អាទិត្យ​ទី​១១​នេះ​។

ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងអនុក្រឹតចំនួន៨មាត្រា ប្រមុខរដ្ឋភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ទៅជាកាតព្វកិច្ចសម្រាប់មន្រ្តីរាជការសាធារណៈទាំងក្នុងស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ ព្រមទាំងពលរដ្ឋដែលទទួលអណត្តិពីការបោះឆ្នោតរបស់ពលរដ្ឋ ដូចជាក្រុមប្រឹក្សាឃុំ-សង្កាត់។

ក្រៅពីនេះបុគ្គលមួយចំនួនផ្សេងទៀត ក៏ត្រូវកំណត់ចូលទៅក្នុងកាតព្វកិច្ចដោយស្របទៅតាមស្ថានភាពការងាររបស់ពួកគេ។ នាពេលកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ ក្រុមអ្នកសារព័ត៌មាន គ្រូបង្រៀន មន្រ្តីកងកម្លាំង កម្មករ កម្មការិនីតាមរោងចក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកប្រមូលសំរាម ដោយលោកចាត់ទុកថា ក្រុមមនុស្សទាំងនោះ ជាក្រុមប្រឈមនឹងហានិភ័យខ្ពស់នឹងការឆ្លងជំងឺកូវីដ-១៩។ ក៏ប៉ុន្តែកាតព្វកិច្ចនេះក៏នឹងលើកលែងចំពោះបុគ្គលណាដែលត្រូវបានវាយតម្លៃពីបញ្ហាសុខភាពខ្លួន ថាមិនអាចទទួលយកការចាក់វ៉ាក់សាំងបាន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ឲ្យដឹងថា អនុក្រឹតនេះធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា។ ដោយឡែកក្រៅពីក្រុមមនុស្សដែលស្ថិតក្នុងដែនកាតព្វកិច្ចទទួលវ៉ាក់សាំង លោកបានបញ្ជាក់ថា សម្រាប់ពលរដ្ឋធម្មតា គឺនៅតែបន្តគោលការណ៍ស័្មគ្រចិត្តក្នុងការចាក់វ៉ាក់សាំង។ ក៏ប៉ុន្តែប្រសិនពលរដ្ឋនោះ ត្រូវបានវាយតម្លៃពីអាជ្ញាធរមូលដ្ឋានថា មានហានិភ័យខ្ពស់ក្នុងការឆ្លងដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងសហគមន៍ នោះគេក៏នឹងត្រូវកំណត់ឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូចគ្នា។

នៅក្នុងអនុក្រឹតដដែរនោះ ក៏បានព្រមានដែលចំពោះបុគ្គលដែលស្ថិតក្នុងកាតព្វកិច្ច ហើយគេចវេះមិនព្រមទទួលយកការចាក់វ៉ាក់សាំង ហើយបើនៅតែបន្តនោះពួកគេនឹងប្រឈមការដាក់ទោសទៅតាមច្បាប់ដែលធ្លាប់មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI