កម្ពុជា-សង្គម

កូវីដ១៩៖ ការផ្អាកលក់គ្រឿងស្រវឹងមានប្រសិទ្ធភាពទៅបានលុះត្រាមានការតាមដានតឹងរ៉ឹងនៅតាមគេហដ្ឋាន

រូបភាពតំណាង
រូបភាពតំណាង © Internet

ការ​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​​ជា​បណ្តោះអាសន្ន ​រយៈពេល​២សប្តាហ៍​ គឺ​ជា​យន្តការ​ថ្មី​មួយ​ដែល​អាច​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​ចម្លង​កូវីដ១៩​ទៅ​បាន​ លុះត្រា​ណា​តែ​មាន​ការ​តាមដាន​និង​ត្រួត​ពិនិត្យ​តឹងរ៉ឹង​នៅ​តាម​គេហដ្ឋាន​ប្រជាពលរដ្ឋ​តែ​ម្តង។ នេះ​ គឺ​ជា​ការ​យល់ឃើញ​របស់​អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​ ចំណី​អាហារ​ និង​សេវាកម្ម​កម្ពុជា ​លោក​ ទុយ ​ស៊ីធៀង​ តាម​រយៈ​វិទ្យុបារាំង​អន្តរជាតិ​នា​ថ្ងៃ​អាទិត្យទី​១១​មេសា​នេះ​។

ផ្សាយពាណិជ្ជកម្ម

លោក ទុយ ស៊ីធៀង អគ្គលេខាធិការសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា យល់ឃើញថា យន្តការ​ផ្អាកការលក់ស្រាជាបណ្តោះអាសន្ន​អាចនឹងគ្មានប្រសិទ្ធភាព ប្រសិនបើ​អាជ្ញាធរនៅតាមមូលដ្ឋាន​មិនចុះត្រួតពិនិត្យតាមដានផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ​។ រីឯម្ចាស់អាជីវកម្មឬ​អ្នកលក់ដូរវិញ អាជ្ញាធរក៏មិនត្រូវប្រហែស​នោះដែរ ពីព្រោះអាចនឹងមានករណីលួចទិញដូរ​​ខុសពីសេចក្តីណែនាំ។ 

ការយល់ឃើញរបស់ ​លោក ទុយ ស៊ីធៀង បែបនេះ ពីព្រោះលោកសង្កេតឃើញថា អាត្រាឆ្លងកូវីដ១៩ក្នុងសហគមន៍នាពេលនេះហក់ឡើងខ្ពស់មែនទែន ខណៈបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏កំពុងតែខិតចូល ក៏ប៉ុន្តែ​ មនុស្សមួយចំនួនហាក់នៅមើលស្រាលបន្តលួចជួបជុំដដែរ ដែលជាហេតុនាំឲ្យការចម្លងបន្តគ្នាក្នុងសហគមន៍ចេះតែបន្តកើនឡើងយ៉ាងដូច្នេះ។

លោក ទុយ ស៊ីធៀង អគ្គលេខាធិការសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា រំពឹង​ថា យន្តការថ្មី​នេះអាចនឹងមានភាពទូលំទូលាយដើម្បីអាច​កាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ដែលកាន់តែធ្ងន់ធ្ងរទៅៗនៅក្នុងសហគមន៍។

គួរជម្រាបជូនថា សាលារាជធានីភ្នំពេញ សម្រេចផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។  ចំណែកឯភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារភេសជ្ជៈគ្រប់ប្រភេទវិញ ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI