កម្ពុជា-កូវីដ១៩

អង្គការសុខភាពពិភពលោកព្រមានពីគ្រោះមហន្តរាយដោយកូវីដ១៩ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

កម្មាការិនីពាក់ម៉ាសការពារជំងឺកូវីដ១៩ពេលចេញពីធ្វើការ
កម្មាការិនីពាក់ម៉ាសការពារជំងឺកូវីដ១៩ពេលចេញពីធ្វើការ © AP - Heng Sinith

អង្គការ​សុខភាព​ពិភពលោក ​(WHO) ​កាល​ពី​ម្សិលមិញ ​បាន​ព្រមាន​ថា ​កម្ពុជា​នឹង​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ការ​រាល​ដាល​កូវីដ១៩​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ដ៍​ខ្លី​ខាង​មុខ​នេះ​ ប្រសិន​បើ​មនុស្ស​ម្នាក់ៗ​ធ្វើ​សកម្មភាព​ដោយ​មិន​មាន​ទំនួល​ខុសត្រូវ​។ ការ​ព្រមាន​របស់​អង្គការ​ពិភពលោក​មួយ​នេះ​ធ្វើ​ឡើង​តែ​៣​ថ្ងៃ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ឈប់​សម្រាក​តែ​ហាម​ការ​ជួបជុំ​ និង​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​រាជធានី-ខេត្ត​ ព្រម​ទាំង​តំបន់​ទេសចរណ៍​ទូទាំង​ប្រទេស​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ជាបន្ទាន់​មួយ​នៅថ្ងៃទី១០​មេសា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លើកឡើងថា នៅចំពោះមុខគ្រោះ​មហន្តរាយដ៏អាក្រក់បំផុតនោះគឺ មនុស្សម្នាក់ៗ​ត្រូវស្នាក់នៅផ្ទះសម្រាប់បុណ្យចូលឆ្នាំខ្មែរដើម្បីការពារក្រុមគ្រួសារអ្នក សហគមន៍និងប្រទេសរបស់ខ្លួន។

លោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បាននិយាយថា កម្ពុជា​ឈរនៅលើមាត់ជ្រោះ​នៃគ្រោះមហន្តរាយដោយកូវីដ១៩ ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការព្យាយាមគ្រប់គ្រងមេរោគឆ្លងដ៏សាហាវនេះក៏ដោយ។

ករណីឆ្លងថ្មីនៅតែកើតឡើងរាល់ថ្ងៃ ហើយប្រសិនបើមិនអាចបញ្ឈប់ការរីករាលដាលនៃជំងឺនេះបានទេនោះប្រព័ន្ធសុខាភិបាលរបស់កម្ពុជាអាចប្រឈមនឹងហានិភ័យខ្ពស់ដែលអាចនឹងក្លាយជាមហន្តរាយ។ នេះជាការព្រមាន​របស់អ្នកជំនាញអង្គការសុខភាពពិភពលោក។

យ៉ាងណាក៏ដោយអង្គការពិភពលោកមួយនេះបានសរសើរកម្ពុជាក្នុងការ​ដាក់​ចេញវិធានការ​នានា​រួមបញ្ចូលទាំងការហាមឃាត់ការធ្វើដំណើរចេញចូលរាជធានី-ខេត្ត និង​ការ​បិទ​តំបន់មួយ​ចំនួន​ដែល​ផ្ទុះ​ឡើង​កូវីដ១៩ផងដែរ។

បើតាម​អង្គការ​សុខភាព​ពិភពលោក​ ការ​អនុវត្តន៍សំខាន់បំផុត នៅក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ គឺមនុស្សម្នាក់ៗរាប់ទាំង​អ្នក​ទទួលបានការវ៉ាក់សាំងរួចហើយ ​គឺត្រូវ​ស្នាក់​នៅផ្ទះ អបអរឆ្នាំថ្មីជាមួយគ្រួសារ ដែលនេះជាការលះបង់ដ៏សំខាន់អាចជៀសវាងបានពីគ្រោះមហន្តរាយ​នៃការ​ឆ្លង​រាល​ដាល​កូវីដ១៩​កាន់តែ​ច្រើនថែមទៀត​នៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI