កម្ពុជា-សង្គម

ចិនចេញមុខការពារខ្លួនពីការលើកឡើងថាជំនួយរបស់ចិនធ្វើឲ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុល

ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា
ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា © Internet

ស្ថានទូតចិនប្រចាំកម្ពុជាកាលពីថ្ងៃអាទិត្យម្សិលមិញ​​បានចេញមុខ​ការពារ​ខ្លួន​ចំពោះ​ការ​លើក​ឡើងថា ជំនួយ​របស់​ចិន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់ចូល​ទៅ​ក្នុងអន្ទាក់បំណុល​របស់​ប្រទេសជាមិត្តមួយនេះ។ ការ​ចេញ​មុខ​ការពារខ្លួន​របស់​ចិន គឺបន្ទាប់ពី​វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៨​មេសា​បានផ្សាយថា ជំនួយ​របស់​ចិន​គឺមិនបាន​គោរពសិទ្ធិមនុស្សនៅកម្ពុជាទេ ហើយធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់ចូល​ទៅ​ក្នុងអន្ទាក់បំណុលរបស់​ចិន​ថែមទៀតផង។

ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត​ឆ្លើយ​តប​ជាង​៣ទំព័រ ស្ថានចិន​ប្រចាំ​កម្ពុជា បានអះអាងថា ចិន​និង​កម្ពុជាគឺជា​មិត្ត​ល្អ​ដែល​ស្គាល់​ចិត្តគ្នា​ទៅ​វិញ​ទៅមក និង​ថាជាបង​ប្អូន​ល្អ​ដែល​ជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ចិន​អះអាងថា​ចាប់​តាំង​ពី​ទស្សវត្សទី៥០មក​​ដល់បច្ចុប្បន្ន ចិន​បានជួយ​ស្ថាបនាផ្លូវ​ជាង៣០០០គីឡូម៉ែត្រ​ និង​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គចំនួន​៨​ខ្សែ។ លើសពីនេះ​ចិន​នៅបានជួយ​កែលម្អ​​ផ្លូវជនបទ​សរុបប្រវែង​១៥៥​គីឡូម៉ែត្រ និង​ប្រព័ន្ធ​ទឹក​ស្អាត​ដូចជាជីកអណ្តូងបាន១៨១០​កន្លែង ស្រះទឹក​១២៧​កន្លែង​ នៅក្នុង​ខេត្ត​ចំនួន១៣។

ផ្អែក​លើ​ជំនួយទាំងនេះ ចិនអះអាងថា ខ្លួនបានរួម​ចំណែក​ក្នុង​ការលើក​កម្ពស់​ជីវភាព​ប្រជាជនកម្ពុជា​ ឲ្យ​ប្រសើរឡើង ពោលមិនមានហេតុ​ផល​អ្វី​ដែលត្រូវ​ចោទ​ថា​ជំនួយ​របស់​ចិនមិនគោព​សិទ្ធិមនុស្សនោះទេ។

ទាក់ទងនឹង​ការ​លើកឡើងថា ជំនួយ​របស់​ចិនធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់ទៅក្នុងអន្ទាក់បំណុលនោះ ស្ថានចិន​ដដែល​នេះ បានអះអាងថា មកដល់​ពេលនេះ ​ចិន​មិន​ដែល​យក​បំណុល​មកគាប​សង្កត់​លើ​ប្រទេស​ជាកូន​បំណុល​ណាមួយនោះទេ ហើយថាចិន​ក៏មិន​ដែល​ប្រើ​មូលនិធិ​ដើម្បី​រៀប​ផែន​ការ​ធ្វើ​បដិវត្តន៍​លើ​ប្រទេស​ណាមួយនោះដែរ។

កាលពីចុងឆ្នាំ២០១៩ ​ព័ត៌មាននៃ​ការ​ផ្តល់​ទីតាំងមូលដ្ឋានកង​ទ័ព​ចិន​នៅលើ​ទឹក​កម្ពុជា​ក្នុង​ខេត្ត​ព្រះ​សីហនុ​បានកក្រើកឡើង​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នាំក្រុមអ្នក​កាសែត​រាប់សិប​នាក់​ទៅ​រកមើល​ដល់​ទីតាំង​ឈរ​ជើង​របស់​កងទ័ពជើងទឹកកម្ពុជា​នៅសមុទ្ររាម។

ដោយ​ភ្ជាប់នឹង​ការ​ចោទប្រកាន់នេះ ស្ថានចិន​បាន​អះអាងថា កិច្ចសហការ​រវាង​យោធាចិន និង​កម្ពុជាគឺជាផ្នែកសំខាន់​មិនអាច​កាត់​ផ្តាច់​បាន ហើយ​ថាមាន​តែ​កងទ័ពកម្ពុជាទេ​ដែលឈរលេខរៀងទី១​ក្នុង​ការទទួលបានជំនួយ​វ៉ាក់សាំងរបស់​ចិន​​ប្រឆាំង​កូវីដ១៩​ចំនួន​៦០ម៉ឺនដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI