កម្ពុជា-នយោបាយ

ចូលឆ្នាំថ្មី៖លោកកឹម សុខាចង់ឱ្យមានសាមគ្គីភាពជាតិខ្មែរ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងរួមគ្នាទប់ស្តាត់កូវីដ១៩

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ AP

នៅថ្ងៃទី១៤​ ខែមេសា​ស្អែកនេះ ​គឺជាថ្ងៃ​ចាប់ផ្តើម​នៃពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ដែលមានរយៈពេល​៣ថ្ងៃ​ដោយបញ្ចប់​នៅថ្ងៃទី១៦​ ខែមេសា​។​ នៅថ្ងៃអង្គារនេះ​ លោក​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​បានចេញ​សារអបអរសាទរ​ និងបានបន់ស្រន់​ឱ្យប្រជាពលរដ្ឋ​កម្ពុជា​ជៀសផុតពី​គ្រោះអាក្រក់​ទាំងឡាយ​ ជាពិសេស​ ជៀសផុតពី​ការឆ្លង និង​រងគ្រោះ​ដោយសារ​តែជំងឺ​កូវីដ១៩​។​ ជាមួយគ្នា​នេះ លោកក៏​បានបង្ហាញ​ពីបំណង​ចង់ឱ្យ​មានការ​ផ្សះផ្សារ​គ្នាឈានទៅបង្កើត​សាមគ្គី​ភាពជាតិខ្មែរ​ ដើម្បី​ដោះស្រាយ​បញ្ហាផ្សេងៗ​ដែលមាន​ចំពោះមុខ​។

ផ្សាយពាណិជ្ជកម្ម

«សាមគ្គីសុខ បែកបាក់ទុក្ខ សាមគ្គីរស់ បែកបាក់ស្លាប់ និងសាមគ្គីរឹងមាំ បែកបាក់ទន់ខ្សោយ» នេះ គឺជាការឱ្យតម្លៃទៅលើសារៈសំខាន់នៃសាមគ្គីភាពរបស់លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនៅក្នុងសារលិខិតកម្រាស់២ទំព័ររបស់ខ្លួន។ ដោយមើលឃើញពីសារៈសំខាន់នេះ លោកកឹម សុខា បានបន់ស្រន់ឱ្យឆ្នាំថ្មីនេះនាំមកនូវសាមគ្គីភាពជាតិខ្មែរដែលកើតចេញពីការផ្សះផ្សារបង្រួបបង្រួមជាតិ។ ការផ្សះផ្សារបង្រួបបង្រួមជាតិនេះ គឺលោកកឹម សុខា យល់តាមធម៌ព្រះថា អាចឡើងបានលុះត្រាតែភាគីពាក់ព័ន្ធនាំគ្នាប្រកាន់នូវព្រហ្មវិហារធម៌ ដោយជម្រុះចេញនូវលោភៈ ទោសៈ មោហៈ និងអវិជ្ជាទាំងឡាយ។

សម្រាប់លោកកឹម សុខា គឺសាមគ្គីភាពជាតិនេះហើយ ដែលជាឱសថដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ដោះស្រាយបញ្ហានានាដែលកម្ពុជាបាន កំពុង និងអាចប្រឈមនៅពេលខាងមុខឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យថែមទៀត។ ជាក់ស្តែងដូចជា ការការពារអធិតេយ្យភាពជាតិ ការស្តារសេដ្ឋកិច្ច ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការកសាងអនាគតអ្នកជំនាន់ក្រោយ និងជាពិសេសចំពោះមុខនេះ ការទប់ស្កាត់  និងការកម្ចាត់ជំងឺកូវីដ១៩។ មិនតែប៉ុណ្ណោះ លោកប្រធានអតីតបក្សប្រឆាំងបានគូសបញ្ជាក់ថា ពេលនេះ មិនមែនជាពេលវេលាដែលត្រូវបំបែកបំបាក់ខ្មែរ ដើម្បីបម្រើមហិច្ឆិតានៃនិន្នាការណានោះឡើយ។

ចំណែក លោកនាយករដ្ឋមន្រ្តីហ៊ុន សែន វិញ ក៏បានឱ្យតម្លៃទៅលើសាមគ្គីភាពនេះផងដែរ។ នៅក្នុងសារលិខិតកម្រាស់៧ទំព័រផ្ញើទៅកាន់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី០៥ ខែមេសា លោកហ៊ុន សែន បានបួងសួងសុំឱ្យទេវតាថ្មីនេះជួយអភិ​បាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរគ្រប់រូបឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិអង្គរ។

បន្ថែមពីលើការឱ្យតម្លៃទៅលើសាមគ្គីភាពជាតិនេះ ទាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងទាំងលោកកឹម សុខា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ពីចំណែកម្ខាង លោកកឹម សុខា បានកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរ និងអ្នកពាក់ព័​ន្ធនានា ជាពិសេស ក្រុមគ្រូពេទ្យដែលខិតខំប្រឹងប្រែងទប់ស្កាត់ កម្ចាត់ និងជួយស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។

ដោយឡែកពីចំណែកម្ខាងទៀតវិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលកម្ពុជានៅតែបន្តចាត់វិធានការដោយយកចិត្តទុកដាក់បំផុតក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ឱ្យបានទាន់ពេលវេលា និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលងាយរងហានិភ័យឆ្លងជំងឺនេះ។ ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជាក៏បានណែនាំឱ្យអនុវត្តវិធានការ ៣ការពារ ៣កុំ និងចាត់វិធានការនានាស្របតាមច្បាប់ស្តីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI