កម្ពុជា-សិទ្ធិមនុស្ស

អ្នកជំនាញសិទ្ធិមនុស្សព្រួយបារម្ភជាថ្មីពីការប្រើប្រាស់វិធានការច្បាប់ក្នុងអំឡុងកូវីដ១៩នៅកម្ពុជា

លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា
លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា @សហការី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​៤​រូប​ក្នុង​នោះ​មាន​ទាំង​លោក​ស្រី​រ៉ូណាស្មីតផង បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ជាថ្មី ចំពោះ​វិធានការ​ច្បាប់ ​និងវិធានការ​រដ្ឋបាលថ្មី​របស់​កម្ពុជា​នៅគ្រាកូវីដ១៩។ ក្រុម​មន្ត្រីសិទ្ធិមនុស្ស​បានហៅវិធានការ​តឹងរឹង​ ក្នុងការ​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូវីដ១៩​ ថានាំឱ្យ​ប៉ះពាល់​ដល់សិទ្ធិមូលដ្ឋាន​ និងសេរីភាព​ក្នុងការដើរហើរ​ និងសិទ្ធិ​ជួបជុំ​ដោយសន្តិវិធី​។​ ជាការកត់សម្គាល់​ក្តីកង្វល់​នេះធ្វើឡើង​ជួនចំពេលដែល​អាជ្ញាធរ​កម្ពុជា​ថ្មីៗនេះ ​បានផាកពិន័យ​ជាទឹកប្រាក់​ ១លានរៀល​លើ​បរុស​ម្នាក់ បន្ទាប់ពីគេច​មិនធ្វើ​ចត្តាឡីស័ក​។​

ផ្សាយពាណិជ្ជកម្ម

ការសម្តែងនូវការព្រួយបារម្ភជាថ្មីនៅថ្ងៃទី១២ ខែមេសានេះ លោកស្រីរ៉ូណាស្មីត និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៣រូបទៀតបានលើកឡើងថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដោយតម្រូវឱ្យដាក់ទោសពន្ធធានាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់២០លានរៀល លើបុគ្គលណាដែលបានបំពានច្បាប់នេះ គឺជាការរិតត្បតិលើសេរីភាព និងសិទ្ធិមូលដ្ឋាន ដោយផ្អែកលើហេតុផលសុខភាពសាធារណៈ។

ក្តីកង្វល់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនេះ គឺជួនចំពេលអាជ្ញាធរខេត្តពោធិសាត់ ធ្វើការផាកពិន័យលើបុរសម្នាក់ ជាទឹកប្រាក់ចំនួន ១លានរៀល ដោយសារបុរសរូបនេះ បានល្មើសនឹងច្បាប់ គេចវេសពីការធ្វើចត្តាឡីស័កនៅភ្នំពេញ និងមិនបានសហការជាមួយសមត្ថកិច្ច រួមមានការជេរប្រមាថសមត្ថកិច្ចទៀតផង។

ក្រៅពីបុរសជាជនទី១ ដែលបានរងការផាកពិន័យនេះ ក៏មានដែរ ការចាប់ខ្លួនមនុស្សមួយចំនួនទៀត ដែលបានប្រើប្រាស់បណ្តាញសង្គមចែកចាយព័ត៌មាន ក្នុងរូបភាពញ៉ុះញ៉ង់មិនឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង។ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សដដែលនេះថា វិធានការរដ្ឋបាល និងវិធានការព្រហ្មទណ្ឌ រួមទាំងការដាក់ពន្ធធានាគាររយៈពេលវែងហួសហេតុ និងការពិន័យជាប្រាក់ដែលមានចែងក្នុងច្បាប់នេះ គឺមិនសមមាត្រនិងការប្រព្រឹត្តិនោះឡើយ។

ជាការស្នើបន្ថែមពីក្រុមអ្នកជំនាញសិទ្ធិមនុស្ស អាជ្ញាធរកម្ពុជាមិនគួរបង្ហាញនូវព័ត៌មានផ្ទាល់ខ្លួនបុគ្គលដែលមានវិជ្ជមានកូវីដ១៩នោះទេ។ ការបង្ហាញនូវព័ត៌មានឯកជនរបស់ពួកគេ ដូចជា ការបង្ហាញពីឈ្មោះ ភេទ អាយុ មុខរបរ ទីកន្លែងធ្វើការ និងអាសយដ្ឋាន គឺជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជន ដែលនាំឱ្យមានការរើសអើង និងម៉ាក់ងាយ ហើយវិធានការទាំងនេះ នឹងមិនមានទំនាក់ទំនងចាំបាច់ ឬសំខាន់ចំពោះវិធានសុខភាពសាធារណៈនោះទេ ព្រោះថាការតាមដានរកអ្នកប៉ះពាល់ មិនត្រូវការព័ត៌មានឯកជន និងព័ត៌មានផ្ទាល់ខ្លួនបុគ្គលឡើយ។

បើតាមការកត់សម្គាល់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស យ៉ាងហោចណាស់មានមនុស្សចំនួន ៩៧៦នាក់ហើយ ដែលអាជ្ញាធរកម្ពុជាបានបង្ហាញ និងផ្សព្វផ្សាយព័ត៌មានឯកជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI