កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជាអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា © Internet

រដ្ឋាភិបាល​កម្ពុជា​បានសម្រេចអនុវត្តពន្ធអាករ​លើតម្លៃ​បន្ថែម​លើទំនិញ​ឌីជីថល ​និងសេវាឌីជីថល​ដែលធ្វើប្រតិបត្តិ​តាមប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា​។​ នេះបើតាម​អនុក្រឹត​មួយ​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាលពី​ថ្ងៃទី​០៨មេសា ​ស្តីពី​ការអនុវត្ត​អាករ​លើតម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​។​ បើតាមអនុក្រឹតនេះ​ ការ​អនុវត្ត​ពន្ធនេះ​នឹងផ្តោតលើ​ការផ្គត់ផ្គង់​ទំនិញ​ឌីជីថល​ដោយអ្នក​ជាប់ពន្ធ​ដែលមិនមាន​ទីលំនៅ​ក្នុងប្រទេស​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

គឺតាមរយៈអនុក្រឹតចំនួន១១មាត្រា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេចអនុវត្តពន្ធអាករលើតម្លៃបន្ថែមទៅលើទំនិញពាណិជ្ជកម្មឌីជីថល ឬយល់ម្យ៉ាងទៀតថា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ និងសេវាឌីជីថលដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអាករអនិវាសនជនមិនមានទីស្នាក់អាចិន្រ្តៃយ៍នៅកម្ពុជា។

ជាគោលបំណងនៃការដាក់ដាក់ចេញអនុក្រឹតនេះ គឺធ្វើយ៉ាងណាដើម្បីធានាប្រសិទ្ធិភាពក្នុងការប្រតិបត្តិទៅតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើពន្ធ។ ច្បាប់ស្តីពីសារពើពន្ធ មាត្រា៧៥ បានកំណត់ពីការទទួលខុសត្រូវចំពោះការប្រមូល និងបង់អាករ។ ក្នុងនោះ ១. បុគ្គលជាប់អាករឬអ្នកនាំចូលមានកាត្វកិច្ចត្រូវបង់អាករដែលកំណត់ដោយច្បាប់ ២. ត្រូវមានការបញ្ជាក់ពីការទទួលខុសត្រូវរបស់អ្នកទិញចំពោះប្រាក់អាករ ក្នុងករណីអ្នកផ្គត់ផ្គង់ទំនិញគ្មានអាជីវកម្មនៅកម្ពុជា ៣. បុគ្គលណាដែលទទួលផ្គត់ផ្គង់ទំនិញ ត្រូវចាត់ទុកថាជាបុគ្គលជាប់ពន្ធអាករ។

បន្ថែមពីនេះ តាមអនុក្រឹតថ្មីក៏បានបញ្ជាក់បន្ថែមដែរថា ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថលពីអាជីវកម្មក្រៅស្រុកចូលមកកម្ពុជា ត្រូវមានការដាក់លិខិតប្រកាសនិងបង់ប្រាក់អាករលើតម្លៃបន្ថែមដែលបានកំណត់ ដោយយ៉ាងយូរបំផុតត្រឹម២០ថ្ងៃនៃខែបន្ទាប់ បន្ទាប់ពីខែដែលទូទាត់រួច។ រីឯការផ្គត់ផ្គង់ទំនិញពីអាជីវកម្មក្រៅប្រទេសមកអាជីវកម្មក្នុងស្រុក នោះអ្នកទទួលផ្គត់ផ្គង់ទំនិញក្នុងស្រុកជាអ្នកទទួលខុសត្រូវលើអាករបន្ថែម ឬហៅថាវិធីគិតអាករជំនួស។ ហើយក្នុងល័ក្ខខណ្ឌណាមួយដែលអ្នកផ្គត់ផ្គង់ទំនិញឌីជីថលទាំងក្រៅស្រុក និងក្នុងស្រុក មិនបានបង់អាករលើតម្លៃពន្ធបន្ថែម នោះពួកគេនឹងត្រូវអនុវត្តតាមទោសទណ្ឌច្បាប់កម្ពុជា។

គួរបញ្ជាក់ជូន ក្នុងច្បាប់ស្តីពីសារពើពន្ធកម្ពុជាឆ្នាំ១៩៩៧ បានកំណត់ថា អាករលើតម្លៃបន្ថែមត្រូវកំណត់តាមអត្រា១០ភាគរយលើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗនៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI