កម្ពុជា-សេដ្ឋកិច្ច

ចូលឆ្នាំថ្មី៖ ទំនិញឡើងថ្លៃធ្វើឲ្យពលរដ្ឋកាត់បន្ថយការចំណាយលើសំណែនសែនទទួលទេវតា

ការរៀបចំទទួលទេវតាឆ្នាំថ្មី
ការរៀបចំទទួលទេវតាឆ្នាំថ្មី © សហការី

ទំនិញមួយចំនួន​នៅលើទីផ្សារ​បានហក់ឡើងថ្លៃ​នៅក្នុងឱកាស​នៃពិធីបុណ្យ​ចូលឆ្នាំថ្មីនេះ​។​ ការណ៍នេះ​បានធ្វើឲ្យ​ពលរដ្ឋ​ភាគច្រើន​កាត់បន្ថយ​ថ្លៃចំណាយ​លើសំណែន​សែនព្រេន​ទទួលទេវតា​ឆ្នាំថ្មី​តាមលទ្ធភាព​ជាក់ស្ដែង​។​ អ្នកជំនាញ​សេដ្ឋកិច្ច​បានមើលឃើញថា​ ទំនិញ​ឡើងថ្លៃ​នៅគ្រានេះ​ដោយសារ​កម្ពុជា​កំពុង​ស្ថិតក្នុង​សម័យ​អន្តរកាល​ដែលបណ្ដាល​មកពី​វិបត្តិកូវីដ១៩​។

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃពុធនេះលោកបណ្ឌិត ឆេង គឹមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជាធិបតេយ្យ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ីលើកឡើងថា  ការឡើងថ្លៃទំនិញនៅលើទីផ្សារនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មិនឆ្លុះបញ្ចាំពីឡើងថ្លៃទំនិញជារួមនោះទេ ហើយរូបភាពនៃការឡើងថ្លៃទំនិញកើតមានឡើងដូចរៀងរាល់ឆ្នាំដែរ។​ ប៉ុន្តែយ៉ាងក៏ដោយចំណុចសំខាន់មួយទៀតត្រូវបានអ្នកសេដ្ឋកិច្ចដដែលមើលឃើញ តិចឬច្រើនការឡើងថ្លៃទំនិញនៅគ្រានេះ ដោយសារពលរដ្ឋភាគច្រើននាំគ្នាសម្រុកទិញយ៉ាងកំហុគដើម្បីស្តុកទុកក្នុងការត្រៀមបង្ការជំងឺកូវីដ១​៩​។

បើតាមលោក ឆេង គឹមឡុង មួយផ្នែកនៃការសម្រុកទិញស្បៀងស្តុកទុកនៅក្នុងស្ថានភាពកូវីដ១៩នេះក៏បានបង្ហាញពីវិសមភាពសង្គ​មរវាងអ្នកមានជីវភាពមធ្យម និងអ្នកក្រខ្សត់រកមួយថ្ងៃរស់មួយថ្ងៃដែរ ដែលប្រការនេះធ្វើឈ្មួញភាគច្រើនឆ្លៀតដំឡើងថ្លៃទំនិញតាមចិត្តមិនថា​ ភេសជ្ជៈ អង្ករ ត្រីសាច់ ឡើយ។ សម្រាប់អ្នកសេដ្ឋកិច្ចរូបនេះជឿថា មុខទំនិញទាំងអស់នេះជាពិសេសអង្ករមិនដាច់ស្តុកឡើយ។

សូមជម្រាបជូនថា មួយផ្នែកតូចដែលរាប់បញ្ចូលថា មុខទំនិញឡើងថ្លៃនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរគឺតម្លៃចេកបានហក់ឡើង៨ពាន់រៀលក្នុងមួយស្និត ផ្លែមានហក់ឡើង២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ឥទ្ធិលពលការឡើងថ្លៃទំនិញនៅក្នុងបរិបទកូវីដ១៩ ក៏បានជំរុញពលរដ្ឋកាត់បន្ថយចំណាយលើថ្លៃសំណែនសែនព្រេនប្រមាណជា៧០ភាគរយដែរ ខណៈចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់បានធ្លាក់ចុះ៥០ទៅ៦០ភាគរយហើយ។ នេះបើតាមលោក ឆេង គឹមឡុង។

របាយការណ៍ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៣មេសាបង្ហាញថា តារាងថ្លៃទំនិញជាង១១០មុខដែលត្រូវបានស្រង់ពីគ្រប់ខេត្តនិងផ្សារធំៗចំនួន៥ក្នុងរាជធានីភ្នំពេញគឺថ្លៃទំនិញមានស្ថេរភាពជាធម្មតា ហើយការឡើងចុះបន្តិចបន្តួចក្នុងរង្វង់១ភាគរយជារឿងធម្មតារបស់ទីផ្សារ។ ក្នុងនោះសាច់គោឡើងថ្លៃបន្តិចបន្តួច និងសាច់ជ្រូកឡើងថ្លៃក្នុងរង្វង់៣ភាគរយ។

កន្លងមកការឡើងថ្លៃទំនិញនៅក្នុងឱកាសបុណ្យទានសំខាន់ៗ ជាពិសេសការឡើងថ្លៃលើសេវាដឹកជញ្ជូនត្រូវបានរដ្ឋាភិបាលអះអាងថា ដោយសារកម្ពុជាជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី។ តែសម្រាប់អ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្អូញត្អែថា ទ្រឹស្ដីនៃសេដ្ឋកិច្ចសេរីមិនគួរត្រូវបានប្រើប្រាស់នៅក្នុងស្ថានៅភាពកូវីដ១៩ដូចរាល់ថ្ងៃ ដែលពលរដ្ឋភាគច្រើនបានបាត់ចំណូលស្ទើរតែទាំងស្រុងទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI