កម្ពុជា-កូវីដ១៩

អាជ្ញាធររាជធានីភ្នំពេញកំពុងតាមរកអ្នកឆ្លងកូវីដ១៩ចំនួន១២នាក់យកមកព្យាបាល បន្ទាប់ពីទាក់ទងមិនបាន

ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩ © Internet

អ្នកឆ្លង​ជំងឺ​កូវីដ១៩​ចំនួន​១២​នាក់​មិន​ទាន់​ទទួល​បាន​ព្យាបាល​នៅ​ឡើយ​ទេ​គិត​មក​ដល់​ពេល​នេះ​ ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​ទាក់ទង​ពួក​គេ​បាន​។​ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​សាលារាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​យប់​ថ្ងៃ​អង្គារ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​អ្នក​ទាំង​១២​នាក់​ឱ្យ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​ជា​បន្ទាន់​ ដើម្បី​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​កូវីដ១៩​នេះ​។

ផ្សាយពាណិជ្ជកម្ម

អ្នកជំងឺកូវីដ១៩ទាំង១២នាក់ដែលអាជ្ញាធររាជធានីភ្នំពេញមិនអាចទាក់ទងបាននេះ គឺឈ្មោះឡាយ សុធា ភេទស្រី ឈ្មោះស៊ាង សុភាព ភេទប្រុស និងឈ្មោះជន់ សុខាវត្តី ភេទស្រីរស់នៅក្នុងខណ្ឌ៧មករា។ ចំណែក ឈ្មោះយូ សារី ភេទស្រី ឈ្មោះវ៉ន ចិត្រ ភេទប្រុស ឈ្មោះខែ ស្រីខន ភេទ ស្រី ឈ្មោះថិន សារិត ភេទប្រុស ឈ្មោះជុន ចាន់ដារ៉ា ភេទប្រុស​ ឈ្មោះលាង លីដា ភេទស្រី និងឈ្មោះរឿន វីរៈ ភេទប្រុសជាអ្នករស់នៅក្នុងខណ្ឌមានជ័យ។ ក្រៅពីនេះ គឺមានឈ្មោះតុប មឿន ភេទប្រុស រស់នៅខណ្ឌសែនសុខ និងឈ្មោះញ៉ែត សុជា ភេទប្រុសរស់នៅក្នុងខណ្ឌចំការមន។

អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា អាជ្ញាធរ និងក្រុមគ្រូពេទ្យបានព្យាយាមទាក់ទងទៅពួកគេតាមគ្រប់មធ្យោបាយអស់ហើយ ប៉ុន្តែនៅតែពុំអាចទាក់ទងបាន ដោយសារតែពួកគេមិនបានផ្តល់ព័ត៌មានច្បាស់លាស់នៅលើទម្រង់ពាក្យស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ១៩ដូចជាទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ។ ដូច្នេះហើយ អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវឱ្យអ្នកកើតជំងឺកូវីដ១៩ទាំង១២នាក់នេះទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់​ ដើម្បីរៀបចំទទួលការព្យាបាលឱ្យបានឆាប់រហ័ស ឬទាក់ទងមកលេខ១២៩៩ ឬ១១៥។

ជាការកត់សម្គាល់ ខណៈដែលក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញការកើនឡើងច្រើននៃអ្នកជំងឺកូវីដ១៩ និងអ្នកស្លាប់បន្តបន្ទាប់នោះ អ្នកដែលឆ្លងកូវីដ១៩ថ្មីមួយចំនួនមិនអាចទាក់ទងបាន ដើម្បីយកមកព្យាបាល។ ជាក់ស្តែង កាលពីថ្ងៃចន្ទ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសទុកពេល៣ថ្ងៃឱ្យអ្នកឆ្លងកូវីដ១៩ចំនួន៩នាក់ចូលខ្លួនមកព្យាបាល បើពុំនោះទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើពួកគេ។ ប៉ុន្មានម៉ោងក្រោយមក អ្នកជំងឺកូវីដ១៩ជាបន្តបន្ទាប់បានទាក់ទងមកកាន់អាជ្ញាធរ ដើម្បីទទួលបានការព្យាបាល។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា អ្នកដែលមិនបានមកព្យាបាលទាន់ពេលវេលាកន្លងមក គឺដោយសារតែពួកគេមិនបានដឹងខ្លួន និងដោយសារតែមិនអាចទាក់ទងពួកគេបានព្រោះខុសលេខទូរស័ព្ទ និងអាសយដ្ឋានរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវដល់អ្នកដែលមិនទាន់បានព្យាបាល ត្រូវមកទទួលការព្យាបាលឱ្យបានទាន់ពេលវេលា និងថា អាជ្ញាធររាជធានីភ្នំពេញអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើពួកគេ បើសិនពួកគេបានដឹងខ្លួនថាមានជំងឺកូវីដ១៩ហើយ តែមិនព្រម ឬគេចវេះពីការទទួលការព្យា​បាលពីក្រុមគ្រូពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI