កម្ពុជា-កូវីដ១៩

បិទខ្ទប់ភ្នំពេញនិងតាខ្មៅ៖អ្នកបំពានអាចរងការពិន័យពី១លានទៅ២០លានរៀល និងអាចជាប់គុកពី៦ខែទៅដល់៥ឆ្នាំ

Lock Down in Phnom Penh
Lock Down in Phnom Penh © FB

រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល១៤ថ្ងៃដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរបានដាក់ប៉ារ៉ាស និងចងខ្សែកាត់បណ្តាវិថី និងមហាវិថីនានានៅក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេល១៤ថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់រូបមិនអនុញ្ញាតឱ្យចេញពីផ្ទះនោះទេ បើមិនចាំបាច់ តែក៏លើកលែងចំពោះបុគ្គលមួយចំនួនផងដែរ។ ក៏ប៉ុន្តែ បើសិនជាបុគ្គលណាមិនគោរព ឬបំពាន អាចរងការពិន័យចន្លោះពី១លានទៅ២០លានរៀល និងអាចជាប់ពន្ធនាគារពី៦ខែទៅ៥ឆ្នាំ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានហាមឃាត់មិនឱ្យចេញផ្ទះទេ បើគ្មានការចាំបាច់។ ប៉ុន្តែក៏លើកលែងដែរចំពោះការទៅធ្វើការងារ ឬប្រកបមុខរបរដោយភ្ជាប់ឯកសារបញ្ជាក់ពីទីកន្លែងអាជីវកម្ម ឬអាជ្ញាធរដែនដី និងការទៅទិញម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដោយត្រូវយកតាមខ្លួនអត្តសញ្ញាណបណ្ណខ្មែរ ឬបណ្ណសម្គាល់ខ្លួន។ ត្រង់ចំណុចនេះ មួយគ្រួសារអនុញ្ញាតឱ្យតែមនុស្សយ៉ាងច្រើន២នាក់ប៉ុណ្ណោះដែលអាចទៅបាន ហើយទៅមិនឱ្យលើសពី៣ដងក្នុង១សប្តាហ៍។ ជាមួយគ្នានេះ ក៏លើកលែងចំពោះការទៅមន្ទីរពេទ្យ កន្លែងព្យា​បាលនានា ឬឱសថស្ថានដោយកំណត់មនុស្សទៅមិនឱ្យលើសពី៤នាក់ និងការទៅឱ្យមន្រ្តីសុខាភិបាលយកសំណាក ឬចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

បន្ថែមលើនេះ ការទៅចូលរួមបម្រើផលប្រយោជន៍សាធារណៈតាមការស្នើសុំ ឬកំណត់របស់អាជ្ញាធរ ការធ្វើសកម្មភាពកីឡាមិនលើសពី២នាក់នៅក្នុងភូមិ ការធ្វើដំណើររបស់មន្រ្តីទូត បុគ្គលិកស្ថានតំណាងបរទេស អង្គការសហប្រជាជាតិ អង្គការហិរញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេស ព្រមទាំងអ្នកសារព័ត៌មានដោយភ្ជាប់តាមខ្លួននូវអត្តសញ្ញាណ និងការងារ ក៏ត្រូវបានអនុញ្ញាតឱ្យដំណើរបានផងដែរ។ ក្រៅពីនេះ ក៏លើកលែងចំពោះការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់តាមផ្លូវអាកាស និងការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត។

ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមិនចាំបាច់ក៏ត្រូវបានហាមឃាត់ផងដែរ។ ប៉ុន្តែ បានលើកលែងចំពោះស្ថាប័នសាធារណៈ កងកម្លាំងប្រដាប់អាវុធ រោងចក្រ សហគ្រាស សិប្បកម្ម ឬកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧប​ភោគបរិភោគ រួមទាំងទីសត្តឃាត ខណៈការផ្ដល់សេវាសាធារៈមានជាអាទិ៍ សេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូលសំរាម គឺនៅដំណើរការធម្មតា។ ចំណែក ការផ្តត់ផ្គង់ទំនិញប្រចាំថ្ងៃ សេវាសង្រ្គោះបន្ទាន់ សុខាភិបាល ប្រៃសនីយ៍ ធនាគារ សណ្ឋាគារ ផ្ទះសំណាក់ សេវាដឹកជញ្ជូនទំនិញបម្រើ និងចេញចូលក្នុង ឬឆ្លងកាត់ក្នុងតំបន់បិទខ្ទប់ក៏នៅតែដំណើរការធម្មតាផងដែរ។

ដោយឡែក នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅក្នុងរយៈពេលបិទខ្ទប់នេះ អាជ្ញាធរក៏ហាមឃាត់ការជួបជុំ ឬប្រមូលផ្តុំមនុស្ស លើកលែងតែជួបជុំសមាជិកក្នុងគ្រួសារ ពិធីបុណ្យសព បុគ្គលិកសុខាភិបាលទៅយកសំណាក ការចាក់វ៉ាក់សាំង ការសង្រ្គោះបន្ទាន់ និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីរក្សាសន្តិសុខ។ ចំពោះបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺនៅតែបន្តអនុវត្តដដែល។

ប៉ុន្តែ បើសិនបុគ្គលណាមិនគោរពវិធានកាទាំងនេះ គឺប្រឈមនឹងផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។ លើសពីនេះទៅទៀត គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា​គារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ នេះបើតាមច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI