កម្ពុជា-ពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មត្រៀមបញ្ចេញស្បៀងទប់ការឡើងថ្លៃទំនិញលើទីផ្សារ

ការទិញទំនិញនៅទីផ្សាររបស់ប្រជាជនកម្ពុជា (រូបតំណាង)
ការទិញទំនិញនៅទីផ្សាររបស់ប្រជាជនកម្ពុជា (រូបតំណាង) AP - Heng Sinith

ក្រសួង​ពាណិជ្ជកម្ម​នៅថ្ងៃ​ព្រហស្បតិ៍​ទី១៥​ខែមេសា​នេះ​បាន​ប្រកាស​ពី​ការ​ត្រៀម​បញ្ចេញ​ស្បៀង​មួយ​ចំនួន​ធំ​ទប់​ការ​ឡើង​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​។​ការ​ត្រៀម​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ភាគ​ច្រើន​សម្រុក​ទៅ​ទិញ​ស្បៀង​ទុក​យ៉ាង​គំហុក​ដែល​ភាព​ជ្រួល​ច្របល់​នេះ​នាំ​ឱ្យ​ឈ្មួញ​ភាគ​ច្រើន​បាន​តម្លើង​តម្លៃ​ទំនិញ​តាម​តែ​ចិត្ត​ចង់​។

ផ្សាយពាណិជ្ជកម្ម

ចលនា​របស់​ប្រជា​ពលរដ្ឋ​សម្រុក​ទៅ​ទិញ​ស្បៀង​នៅ​ល្ងាច​ថ្ងៃទី​១៤​ខែ​មេសា​បាន​ធ្វើ​ឱ្យ​តម្លៃ​មី​ដែល​ធ្លាប់​តែ​មាន​តម្លៃ​១​កេស​២៥០០០រៀល​បាន​ហក់​ឡើង​ទៅ​ដល់​៤០០០០​រៀល​ត្រី​ខកំប៉ុង​១យួរ​ហក់​ឡើង​ដល់​៣០០០០​រៀល​ខណៈ​ថ្លៃ​ដើម​លក់​ធម្មតា​២៥០០០​រៀល​។​នេះ​គេ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ការ​តម្លើង​ថ្លៃ ​មុខ​ទំនិញ​ផ្សេង​ទៀត​ដូច​ជា​គ្រឿង​ទេស​ដែល​ចន្លោះ​ចាប់​ពី​១០០០​ទៅ​២០០០​រៀល​។

ការ​តម្លើង​ថ្លៃ​ទំនិញ​យ៉ាង​ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ត្រៀម​បញ្ចេញ​ស្បៀង​ទប់​ការ​ឡើង​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ដូចជា​ អង្ករ​ មី​ ទឹកត្រី ​ទឹកស៊ីអ៊ីវ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ដែល​សុទ្ធ​សឹង​ជា​ស្បៀង​មិនអាច​ខ្វះបាន​នៅគ្រានេះ​។ ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ែន​ សុវិជាតិ​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី​១៥​ ខែ​មេសា​នេះ​ថា ​ក្រុម​ហ៊ុន​ Green​ Trade​ ដែល​ជា​ផ្នែក​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម​ គឺ​ជា​អ្នក​ទទួល​ខុស​លើ​ការ​បញ្ចេញ​ស្បៀង​ដើម្បី​ទប់​បញ្ហា​ការ​តម្លើង​ថ្លៃ​យ៉ាង​គំហុក​នេះ​។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ធានា​ថា​ ស្បៀង​ដែល​បាន​ត្រៀម​បញ្ចេញ​នៅ​ពេល​នេះ ​គឺ​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​ និង​កង្វះ​ខាត​ស្បៀង ​ទម្រាំ​ព្រឹត្តិការណ៍ ​២០​កុម្ភៈ​ត្រូវ​បាន​បិទ​បញ្ចប់​។ ​ ចំណែក​ការ​ផ្គត់​ផ្គង់​បន្លែ​វិញ​ អ្នក​នាំ​ពាក្យ​ដដែល​បន្ត​ធានា​ថា​ មិន​ខ្វះខាត​ឡើយ​ ព្រោះ​ច្រក​ព្រំដែន​ ដែល​នាំ​ចូល​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង​នៅ​តែ​បើ​ដំណើរ​ការ​ធម្មតា​ និយាយ​ជារួម​ និង​និយាយ​ដោយ​ឡែក​សម្រាប់​ខេត្ត​កណ្តាល ​ការ​នាំចូល​បន្លែ​ពី​ខេត្ត​នេះ ​អាច​ផ្គត់​ផ្គង់​រាជ​ធានី​ភ្នំពេញ​បាន​ទាំង​ស្រុង​។ ​

សូម​ជម្រាប​ជូន​ថា ​ការ​ត្រៀម​បញ្ចេញ​ស្បៀង​បម្រុង​សម្រាប់​ទប់​កុំឱ្យ​មាន​ការ​តម្លើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​នៅ​គ្រា​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ​និង​ទីក្រុង​តាខ្មៅ​ចំនួន​១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។​ ជា​ការ​កត់​សម្គាល់​ការ​ឡើង​ថ្លៃ​ទំនិញ​ដោយ​សារ​តែ​ការ​សម្រុក​ទិញ​របស់​ប្រជាពលរដ្ឋ​បាន​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​តាំង​តែ​ពី​មុន​រដ្ឋា​ភិបាល​សម្រេច​បិទ​ខ្ទប់​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​អ្នក​សេដ្ឋកិច្ច​មើល​ឃើញ​ថា​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ឡើង​ថ្លៃ​ទំនិញ​ជា​រួមនោះ​ទេ ​ហើយ​រូប​ភាព​នៃ​ការ​ឡើង​ថ្លៃ​ទំនិញ​កើត​មាន​ឡើង​ដូច​រៀង​រាល់​ឆ្នាំ​ដែរ​ពិសេស​ក្នុង​ឱកាស​នា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI