កម្ពុជា-សង្គម

លោកហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំអាស៊ានដើម្បីស្វែងរកដំណោះស្រាយវិបត្តិភូមានៅឥណ្ឌូនេស៊ីនាថ្ងៃទី២៤ មេសា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា © FB/SPMPage

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែ​មេសា​នេះ​ បាន​អះអាង​ឱ្យ​ដឹង​ថា​ លោក​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​រដ្ឋធានី​ហ្សាកាតា ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ថ្ងៃ​ទី​២៤​ ខែ​មេសា​ចុង​សប្តាហ៍​ក្រោយ​នេះ​។ កិច្ច​ប្រជុំ​ពិសេស​នេះ​ គឺ​ផ្តោត​សំខាន់​លើ​ការ​ចូលរួម​ស្វែងរក​ដំណោះស្រាយ​នៅ​ក្នុង​ប្រទេស​ភូមា ​ហើយ​វា​គ្រោង​នឹង​រៀបចំ​ឡើង​តាម​ការ​ស្នើ​របស់​ប្រទេស​ស្ថាបនិក​អាស៊ាន ​ដើម្បី​ឈាន​ទៅ​បញ្ឈប់​អំពើ​ហិង្សា​បង្ហូរឈាម​នៅ​ក្នុង​ប្រទេស​នេះ ​បន្ទាប់​ពី​មាន​ជនស៊ីវិល​ស្លាប់​អស់​ជា​ច្រើន​នាក់​ក្រោម​ថ្វី​ដៃ​ក្រុម​យោធា​។

ផ្សាយពាណិជ្ជកម្ម

បើទោះបីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនបានបង្ហាញឱ្យដឹងពីរបៀបវារៈសំខាន់នៃកិច្ចប្រជុំនៅថ្ងៃទី២៤ ខែមេសាខាងមុខនេះក៏ដោយ ក៏ប៉ុន្តែសារព័ត៌មានឥណ្ឌូនេស៊ី និងថៃបានទម្លាយឱ្យដឹងថា វាគឺជាកិច្ចប្រជុំពិសេស ដើម្បីស្វែងរកដំ​ណោះស្រា​យ​វិបត្តិនៅក្នុងប្រទេសភូមា។ សារព័ត៌មានឥណ្ឌូនេស៊ី Jakarta Post បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនៅចុងសប្តាហ៍ក្រោយនេះ គឺធ្វើឡើងតាមស្នើឡើងរបស់​ប្រធានាធិបតីឥណ្ឌូនេស៊ីWidodo ក្នុងគោលបំណងស្វែងការបញ្ចប់នូវអំពើហិង្សាបង្ហូរឈាមនៅក្នុងប្រទេសភូមា។

ចំណែក សារព័ត៌តមានថៃThai PBS Worldវិញ បានគូសបញ្ជាក់ថា ទម្រាំសម្រេចបាននូវកាលបរិច្ឆេទកិច្ចប្រជុំពិសេសនេះ គឺថ្នាក់ដឹកនាំអាស៊ានបានជជែកគ្នាអស់ពេលមួយសប្តាហ៍ ទើបព្រះចៅស៊ូតង់នៃប្រទេសព្រុយណេដែលជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំនេះកោះអញ្ជើញមេដឹកនាំប្រទេសអាស៊ានទាំងអស់ឱ្យមកប្រជុំទល់គ្នានៅក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ សារព័ត៌មាន Thai PBS World ក៏បានចុះផ្សាយដែរថា មេដឹកនាំរបបយោធាភូមា គឺលោក Min Aung Hlaing ត្រូវបានរំពឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។

បើតាមសារព័ត៌មានថៃមួយនេះដែលបានដកស្រង់ចេញពីប្រភពដែលអាចជឿជាក់ទុកចិត្តបាន គឺកិច្ចប្រជុំពិសេសនាខាងមុខ ជារបៀបវារៈដំបូង គឺអង្គការប្រជុំនឹងស្តាប់ការលើកឡើងពីស្ថានភាពចុងក្រោយនៅក្នុងប្រទេសភូមាពីសំណាក់មេដឹកនាំរបបយោធា។ បន្ទាប់មក ប្រធានផ្លាស់វេនអាស៊ាននឹងឆ្លើយតបទៅកាន់មេដឹកនាំរបបយោធានេះ ហើយក្រោយមកមេដឹកនាំប្រទេសអាស៊ានដទៃទៀតរួមទាំងនាយករដ្ឋមន្រ្តីកម្ពុជាផងនឹងចូលរួមនៅក្នុងកិច្ចពិភាក្សាពីបញ្ហានេះ។

ក៏ប៉ុន្តែ គេពិបាកនឹងព្យាករណ៍ពីលទ្ធផលនៃកិច្ចប្រជុំនេះណាស់។ តែទោះយ៉ាងណា តាមរយៈកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថា នឹងបានទាក់ទងបានកាន់តែច្រើនបន្ថែមទៀតជាមួយរបបយោធាភូមា និងរក្សាការបេជ្ញារបស់ពួកគេក្នុងការធានាថា គ្រប់ការបង្រ្កាបដោយហិង្សាទាំងអស់ត្រូវបានបញ្ឈប់ ហើយបើអាច នឹងមានការអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋភូមាផងដែរ។

សូមបញ្ជាក់ថា គម្រោងរៀបចំកិច្ចប្រជុំពិសេសរបស់មេដឹកនាំអាស៊ាននាពេលខាងមុខ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាស៊ានបានបើកកិច្ចប្រជុំក្រៅផ្លូវការម្តងរួចមកហើយកាលពីដើមខែមីនាកន្លងទៅស្តីបញ្ហានៅក្នុងប្រទេសភូមានេះ។ កាលណោះ រដ្ឋមន្រ្តី​ការបរទេស​អាស៊ានរួមទាំងកម្ពុជាផង​បាន​រួមគ្នា​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ទាំងអស់​បញ្ឈប់​លែងឱ្យមាន​អំពើ​ហិង្សា ​និង​ស្វែងរក​ដំ​ណោះស្រាយ​ដោយ​សន្តិវិធី​។ សម្រាប់កម្ពុជាដាច់ដោយឡែក លោកនាយរកដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជាហើយថា កម្ពុជាមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសភូមានោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI